33.8 C
Phnom Penh

តុលាការ​បន្ត​សាកសួរ​អំពី​រចនាសម្ព័ន្ធ សកម្មភាព និង​ប្រភព​ថវិកា​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​អំពី​រចនាសម្ព័ន្ធ ដំណើរការ​សកម្មភាព និង​ប្រភព​ថវិកា​របស់​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ក្នុង​សវនាការ​លើក​ទី​៣ ករណី​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ នៅ​ថ្ងៃ​អង្គារ​នេះ។

សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១១ ខែ​មិថុនា គឺជា​ការ​សួរ​ដេញដោល និង​អាន​របាយការណ៍​ផ្សេង។ នៅ​ក្រោយ​ការ​បញ្ចប់​ការ​សាកសួរ សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ដែល​យាមកាម​នៅ​ខាង​ក្រៅ​របង​តុលាការ ដោយសារ​ក្រុម​សន្តិសុខ​ទាំងនោះ​រារាំង​មិន​ឲ្យ​ក្រុម​សកម្មជន​ទាំងនោះ​ចាកចេញ​ពី​បរិវេណ​តុលាការ។

សកម្មជន​បរិស្ថាន​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​រួម​មាន លោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ចំណែក​សកម្មជន​បរិស្ថាន ៥​នាក់​ផ្សេង​ទៀត​ដូចជា កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ អ្នកស្រី រ៉ី រក្សា និង​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) មិន​មាន​អវត្តមាន​ក្នុង​សវនាការ​នេះ​ទេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក យឹម លាងហ៊ី បាន​លើកឡើង​ក្រោយ​ពេល​បិទ​បញ្ចប់​សវនាការ​ថា ការ​សួរ​ដេញដោល​របស់​តុលាការ​អំពី​រចនាសម្ព័ន្ធ ដំណើរការ​សកម្មភាព និង​ប្រភព​ថវិកា​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ គឺជា​រឿង​មិន​សមហេតុ​សមផល ពីព្រោះ​សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​កន្លង​មក មិនមែន​ជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នោះ​ទេ ផ្ទុយទៅវិញ គឺជា​ការ​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​ប៉ុណ្ណោះ។

ចំណែក​លោក ថុន រដ្ឋា លើកឡើង​អំឡុង​ពេល​ចូលរួម​សវនាការ​ដែរ​ថា សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​ធ្វើ​កន្លង​មក មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ​នោះ​ទេ ពីព្រោះ​ការ​ដង្ហែ​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃ លុប​បឹង ជីក​រ៉ែ លក់​ខ្សាច់ និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទន្លេ និង​សមុទ្រ ជាដើម សុទ្ធតែ​ជា​សកម្មភាព​ត្រឹមត្រូវ​តាម​ច្បាប់ និង​ជា​សកម្មភាព​ជួយ​ការពារ​សម្បត្តិ​ជាតិ​ខ្មែរ​ទាំងអស់។

សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃ​អង្គារ​នេះ គឺជា​សវនាការ​លើក​ទី​៣ ហើយ​សម្រាប់​ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​សវនាការ​លើក​ទី​១ ត្រូវ​លើក​ពេល និង​សវនាការ​លើក​ទី​២ ត្រូវ​បាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ធ្វើ​ពហិការ​មិន​ចូលរួម ដោយសារតែ​តុលាការ​ដាក់​រនាំង​ហាមឃាត់​អ្នក​សារព័ត៌មាន និង​អ្នកគាំទ្រ​ពួកគេ​មិន​ឱ្យ​ចូលរួម​ស្តាប់​សវនាការ​នោះ។

ជុំវិញ​បញ្ហា​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ត្រូវ​បើក​សេរីភាព​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​លើ​កិច្ចការពារ​បរិស្ថាន​ផង​ដែរ។

ចំណែក​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បទ​ចោទ​ដែល​តុលាការ​ចោទប្រកាន់​លើ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ គឺជា​បទ​ចោទ​ដែល​មិន​សមាមាត្រ​នឹង​សកម្មភាព​ដែល​ពួកគេ​បាន​ធ្វើ​នោះ​ទេ ព្រោះ​សកម្មភាព​របស់​សកម្មជន​បរិស្ថាន​កន្លង​មក មិន​បាន​បំផ្លាញ​សម្បត្តិ​ធនធាន​ធម្មជាតិ​កម្ពុជា ឬ​រំលោភ​បំពាន​លើ​ច្បាប់​ស្ដីពី​បរិស្ថាន​ណា​មួយ​របស់​កម្ពុជា​នោះ​ទេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ អាច​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ទៅ​ដល់ ១០​ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​លើ​ភាព​សកម្ម​និយម​អហិង្សា​ក្នុង​កិច្ចការពារ​បរិស្ថាន​របស់​ពួកគេ​នា​ពេល​កន្លង​មក​នោះ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ គឺជា​ក្រុម​យុវជន​សកម្ម​ផ្នែក​កិច្ចការពារ​បរិស្ថាន​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ការពារ​ការ​លុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នានា។ ដោយសារ​សកម្មភាព​ទាំងនេះ ក្រុម​យុវជន​ទាំងនោះ​បាន​ទទួល​ពានរង្វាន់ Right Livelihood ឆ្នាំ​២០២៣ កន្លង​ទៅ​ផង​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស