38.5 C
Phnom Penh

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​តម្រូវ​ឱ្យ​បញ្ជូន​ជន​ភៀសខ្លួន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ទៅ​ប្រទេស​ដើម​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន តម្រូវ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ជន​ភៀសខ្លួន​សម្ភាស​ធ្លាក់​លើក​ទី​២ ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ខណៈ​ការ​ស្នាក់នៅ​រង់ចាំ​លទ្ធផល​ក្នុង​ប្រទេស​ជប៉ុន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ថែម​ទៀត។

សារព័ត៌មាន NIKKEI ASIA របស់​ប្រទេស​ជប៉ុន បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​ដែល​បាន​កំណត់​ថា ចំពោះ​ជន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​កំហិត។

ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ នឹង​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​ជន​ភៀសខ្លួន​របស់​ប្រទេស​ជប៉ុន និង​ធានា​នូវ​ការ​ការពារ​សម្រាប់​អ្នក​ដែល​ត្រូវការ​ភៀសខ្លួន​ពិតប្រាកដ។

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា ប្រសិនបើ​ច្បាប់​គ្រប់គ្រង​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​របស់​ជប៉ុន នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ឱ្យ​មាន​សណ្ដាប់ធ្នាប់ សន្តិសុខ​របស់​ប្រទេស​ជប៉ុន គឺជា​រឿង​ត្រឹមត្រូវ​ដែល​រដ្ឋាភិបាល​ជប៉ុន គួរ​តែ​ធ្វើ ប៉ុន្តែ​បើ​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រឹតត្បិត​សេរីភាព​ជន​ភៀសខ្លួន នោះ​រដ្ឋាភិបាល​ជប៉ុន មិន​គួរ​ធ្វើ​ដាច់ខាត។

លោក​បន្ត​ថា ជន​ភៀសខ្លួន​តែង​មាន​ការ​ភ័យខ្លាច​ពី​ការ​បាត់បង់​អាយុជីវិត​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​រួច​ទៅ​ហើយ ដូច្នេះ​បើ​ច្បាប់​ថ្មី​នេះ​មាន​បំណង​ត្រឹមតែ​ចង់​បញ្ជូន​ជន​ភៀសខ្លួន​ណា​ម្នាក់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ គឺ​ស្មើ​នឹង​ចូលរួម​សម្លាប់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ដូច្នោះ​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ ជំរុញ​ឱ្យ​ប្រទេស​ដែល​ទទួល​ជន​ភៀសខ្លួន​នានា​នៅ​លើ​ពិភពលោក សហការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដែល​ព្រម​ទទួល​ជន​ភៀសខ្លួន ដើម្បី​ធានា​សុវត្ថិភាព​របស់​ជន​រងគ្រោះ​ទាំងនោះ ដោយ​ចៀសវាង​ការ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​កត់សម្គាល់​ឃើញ​ថា ស្ថានភាព​ជន​ភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​ពី​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​យ៉ាង​ខ្លាំង បន្ទាប់ពី​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្វែងរក​ការ​សហការ​ជាមួយ​ប្រទេស​ដទៃ​ក្នុង​ការ​ដោះដូរ​ជន​ភៀសខ្លួន​ទាំងនោះ ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ជាពិសេស​គេ​បាន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​កិច្ចសហការ​យ៉ាង​ខ្លាំង​ជាមួយ​អាជ្ញាធរ​ថៃ លើ​បញ្ហា​នេះ​នា​ពេល​កន្លង​មក។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អ្នកស្រី Elaine Pearson លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា “រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ការ​ចូលរួម​យ៉ាង​ខ្លាំង​នៅ​ក្នុង Swap mart ឬ ផ្សារ​ជួញដូរ ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ផ្លាស់ប្ដូរ​អ្នក​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​ដោយ​ខុស​ច្បាប់។

កាលពី​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ចេញ​របាយការណ៍​របស់​ខ្លួន​ថា អាជ្ញាធរ​ថៃ កំពុង​ជួយ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ខុស​ច្បាប់​លើ​ជន​ភៀសខ្លួន​ដែល​ភៀសខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ពួកគេ​សព្វថ្ងៃ​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បញ្ជាក់​ថា Swap Mart ឬ ផ្សារ​ជួញដូរ ក្នុង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជន​ភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដូចជា​មកពី​ប្រទេស​កម្ពុជា ជាដើម៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស