មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស និងការងារ ច្រានចោលការចោទប្រកាន់ទៅលើរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលថាធ្វើឱ្យមានការរើសអើង ញុះញង់ និងធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល ព្រមទាំងការវិនិយោគនៅកម្ពុជា គឺជារឿងមិនពិត ពីព្រោះរបាយការណ៍នោះមានបំណងតែមួយគត់ គឺជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយរាល់បញ្ហាដែលកើតមានក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ។
អ្នកគ្រប់គ្រងផ្នែកការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មិថុនា នេះថា របាយការណ៍របស់អង្គការសង់ត្រាល់ស្ដីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា មានបំណងតែមួយគត់ គឺជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយរាល់បញ្ហាដែលកើតមានក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ជាពិសេសលើសិទ្ធិសេរីភាពសហជីពដែលមានការរឹតត្បិត និងជាឧបសគ្គដែលកំពុងកើតមានសព្វថ្ងៃនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា សេចក្តីរាយការណ៍នេះមានគោលដៅឆ្លុះបញ្ចាំងរាល់ឧបសគ្គដែលកើតមានលើសេរីភាពសហជីព ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនបញ្ជាទិញ ភាគីរោងចក្រ រាជរដ្ឋាភិបាល និងអង្គការពលកម្មអន្តរជាតិ ជាដើម ចូលរួមដោះស្រាយបញ្ហាដែលខ្លួនបានរកឃើញតាមរយៈនៃការស្ទង់មតិ។
ប្រភពដដែលអះអាងថា ក្រុមហ៊ុនបញ្ជាទិញមានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមជំរុញឱ្យក្រុមហ៊ុននាំចេញរបស់ខ្លួន ធានាឱ្យមាននូវការលើកកម្ពស់សិទ្ធិសេរីភាពផ្នែកសហជីព ព្រោះថានោះគឺជាផ្នែកមួយនៃការទទួលខុសត្រូវខាងសង្គមលើការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងធុរកិច្ច នៅពេលដែលការរឹតត្បិតសេរីភាពសហជីពណាមួយត្រូវបានរកឃើញ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា ទិន្នន័យដែលអង្គការសង់ត្រាល់បានចងក្រង គឺជាការអះអាងរបស់ថ្នាក់ដឹកនាំសហជីពមូលដ្ឋានដែលជាសមាជិករបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) និងសហព័ន្ធសហជីពកម្ពុជា (CATU) នៅតាមរោងចក្រចំនួន ១៤កន្លែង ក្រោមគម្រោងរោងចក្រកាន់តែប្រសើរ (Better Factories Cambodia) ឬហៅកាត់ថា BFC មិនមែនអង្គការសង់ត្រាល់ចងក្រងរបាយការណ៍នេះដោយខ្លួនឯងឡើយ។
ប្រភពដដែលគូសបញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់មិនបានអនុវត្តដោយប្រាសចាកពីច្បាប់ស្ដីពីការងាររបស់កម្ពុជាទេ ហើយរបាយការណ៍នេះក៏មិនតំណាងឱ្យរោងចក្រទាំងអស់នៅកម្ពុជាដែរ ដូច្នេះភាគីពាក់ព័ន្ធគួរពិនិត្យឱ្យបានច្បាស់ ដើម្បីចៀសវាងនូវការភាន់ច្រឡំ ឬចោទប្រកាន់ណាមួយមកលើសង់ត្រាល់។
ក្រុមសហព័ន្ធសហជីពដែលគេមើលឃើញថាមាននិន្នាការខាងរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយបញ្ជាក់ថា របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ស្ដីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ជារបាយការណ៍មានចរិតអុជអាល រើសអើង និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថិរភាពការងារតាមរោងចក្រ-សហគ្រាសនៅកម្ពុជា។
ប្រភពដដែលអះអាងថា សកម្មភាពរបស់អង្គការសង់ត្រាល់កន្លងមក មិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាទេ តែផ្ទុយទៅវិញ សកម្មភាពរបស់អង្គការនេះបានធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុនដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងនឹងត្រៀមមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះ។
ក្រុមសហជីពទាំងនេះបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ ហើយសកម្មភាពរបស់អង្គការនេះក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងស្ថិរភាពការងាររបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរដែរ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» បានចេញផ្សាយរបាយការណ៍មួយស្ដីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា តាមរយៈនៃការសម្ភាសដើម្បីវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ ដែលហៅកាត់ ILO។
អង្គការសង់ត្រាល់ លើកឡើងថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈនៃការគំរាមកំហែងគ្រប់រូបភាពក្រោមការវាយតម្លៃតាមរយៈកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
អង្គការសង់ត្រាល់ អះអាងថា មានសហជីពចំនួន ១០ ក្នុងចំណោមសហជីពចំនួន ១៤ បានរងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅ ដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។
របាយការណ៍ដដែលនេះ ក៏បានលើកឡើងនូវអនុសាសន៍រហូតដល់ ១១ចំណុច ដើម្បីជំរុញឲ្យភាគីពាក់ព័ន្ធ ដូចជា ថៅកែក្រុមហ៊ុន ក្រុមហ៊ុនបញ្ជាទិញ អង្គការអន្តរជាតិ និងរដ្ឋាភិបាលកម្ពុជា ជាដើម មានគណនេយ្យភាពតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិការងារ ដែលកម្ពុជាផ្តល់សច្ចាប័នដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសហជីពនៅកម្ពុជាឱ្យមានភាពប្រសើរឡើង។
ការរំលោភបំពានសិទ្ធិការងារនៅតែជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាក់ស្តែងករណីវិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលឈានដល់ការចាប់ខ្លួនមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ដាក់ក្នុងពន្ធនាគារ ករណីចាប់ខ្លួនលោក ម៉ម រិទ្ធី ប្រធានសហជីពសហព័ន្ធសហជីពកម្មករវិស័យទេសចរណ៍សេវាកម្មកម្ពុជា និងករណីចាប់ខ្លួនលោក ជា ចាន់ ប្រធានសហជីពរោងចក្រ វីង ស្ដារ ស៊ូ ជាដើម នៅតែមិនទាន់មានដំណោះស្រាយរហូតដល់ពេលនេះ៕