អាជ្ញាធរខណ្ឌឫស្សីកែវ រងការចោទប្រកាន់ថាបានបញ្ជាឲ្យក្រុមក្មេងទំនើង និងក្រុមក្មេងញៀនថ្នាំប្រមាណ ២០០នាក់ ដេញកាប់ និងវាយម្ចាស់ផ្ទះ ព្រមទាំងប្រើគ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញលំនៅឋានរបស់ពលរដ្ឋដោយខុសច្បាប់ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា។
ពួកគេបានដុតសម្បកកង់ឡាន គប់ដុំថ្មទៅលើអ្នកសារព័ត៌មាន និងដេញកាប់ពលរដ្ឋដែលជាម្ចាស់ផ្ទះ រហូតមានរបួសស្នាមផងដែរ ខណៈអាជ្ញាធរខណ្ឌឫស្សីកែវ ម្នាក់ដែលមានវត្តមាននៅទីតាំងកើតហេតុនោះ បញ្ជាក់ថា ខ្លួនមិនបានដឹងពីករណីនេះទេ ចំណែកសមត្ថកិច្ចដទៃទៀតបាននាំគ្នារត់គេចពីអ្នកសារព័ត៌មានមិនព្រមផ្តល់បទសម្ភាសន៍ នៅពេលដែលពួកគេផ្សាយផ្ទាល់ពីហេតុការណ៍នោះនៅលើបណ្ដាញសង្គម។
ក្រុមក្មេងទំនើងខ្លះនិយាយថា ការធ្វើសកម្មភាពដេញវាយពលរដ្ឋទាំងនេះ គឺពួកគេធ្វើតាមបញ្ជាអាជ្ញាធរខណ្ឌតែប៉ុណ្ណោះ។
ខណៈការប្រទូសរ៉ាយនៅកន្លែងកើតហេតុដោយប្រើដំបងដែក កាំបិតផ្គាក់ ពូថៅ ញញួរ និងដុំថ្ម ជាដើម បានបង្កឲ្យមានរបួសស្នាមជាច្រើនដល់ពលរដ្ឋ និងអ្នកសារព័ត៌មានដែលមានវត្តមានពេលកើតហេតុនោះ។
សកម្មភាពឈូសឆាយវាយកម្ទេចលំនៅឋានរបស់អ្នកភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នេះ ធ្វើឡើងជាលើកទី៣ ហើយ ខណៈសកម្មភាពទាំងនេះត្រូវបានពលរដ្ឋអះអាងថាជាគំនិតរបស់អាជ្ញាធរខណ្ឌឫស្សីកែវ។
ទីតាំងកើតហេតុដែលរងការបំផ្លិចបំផ្លាញនោះ គឺស្ថិតនៅផ្នែកខាងមុខជាប់នឹងផ្លូវជាតិលេខ៥ ខណៈផ្នែកខាងក្រោយជាប់នឹងមាត់ទន្លេ ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់គល់ស្ពានបាឡេ ចំណែកដីផ្នែកខាងក្រោយដែលជាប់មាត់ទន្លេ គឺមានការចាក់ដីលុបមាត់ទន្លេ ដែលគេសង្ស័យជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន។
ពលរដ្ឋរងគ្រោះនៅទីនោះបានប្រាប់ក្រុមសារព័ត៌មាននៅកន្លែងកើតហេតុកាលពីថ្ងៃទី១៥ ខែមិថុនា ថា ពួកគាត់កំពុងតែដេកលង់លក់នៅក្នុងផ្ទះ ស្រាប់តែក្រុមក្មេងទំនើងរាប់រយនាក់បានគប់ដុំថ្មទៅលើផ្ទះរបស់ពួកគេ និងគំរាមដេញឱ្យពួកគាត់ចេញពីលំនៅឋាន បន្ទាប់មកក្មេងទំនើងទាំងនោះក៏ប្រើអំពើហិង្សា ដោយប្រើកាំបិត ដំបងដែក និងញញួរ ជាដើម ដេញវាយពួកគេតែម្តង។
ប្រភពពីពលរដ្ឋរងគ្រោះទាំងនោះអះអាងថា អំឡុងពេលមានការឈូសឆាយ និងវាយកម្ទេចលំនៅឋានរបស់ខ្លួន ពលរដ្ឋក៏បានសួរនាំសមត្ថកិច្ចដែលមានវត្តមាននៅទីតាំងកើតហេតុនោះដែរ និងស្នើសុំឱ្យជួយអន្តរាគមន៍ថែមទៀត ប៉ុន្តែសមត្ថកិច្ចបែរជាគំរាមចាប់ខ្លួនពួកគាត់ទៅវិញ។
ពលរដ្ឋរងគ្រោះទាំងនោះអំពាវនាវឱ្យអាជ្ញាធរខណ្ឌឫស្សីកែវ ផ្តល់ដំណឹងជូនពលរដ្ឋ និងផ្តល់ដំណោះស្រាយជូនពួកគាត់ ប្រសិនបើបើអាជ្ញាធរមានគម្រោងដកហូតដីរបស់ពួកគាត់ ព្រោះអាជ្ញាធរមិនអាចដាក់កម្លាំងមកបណ្តេញពលរដ្ឋដោយខុសច្បាប់បែបនេះឡើយ។
ទិន្នន័យសង្គមស៊ីវិល បានបង្ហាញថា ការបណ្តេញពលរដ្ឋចេញពីលំនៅឋាននៅក្នុងប្រទេសកម្ពុជា បានកើតឡើងយ៉ាងផុសផុលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតាមបណ្តាខេត្តនានា ខណៈសហគមន៍មួយចំនួនក្នុងទីក្រុងភ្នំពេញ ក៏ជាមុខសញ្ញាដែលរងនូវការបណ្តេញចេញផងដែរ។
កាលពីចុងឆ្នាំ២០២៣ អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ (Amnesty International) លើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសកម្ពុជាកំពុងខ្វះប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីច្បាស់លាស់ធ្ងន់ធ្ងរសព្វថ្ងៃនេះ ដែលប្រព័ន្ធបែបនេះគឺស្រដៀងគ្នាទៅនឹងរបបខ្មែរក្រហម ដែលបានលុបចោលកម្មសិទ្ធិឯកជនក្រោយពីពួកគេកាន់កាប់ប្រទេសកម្ពុជាអំឡុងទសវត្សរ៍១៩៧០។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក នី សុខា អះអាងកាលពីពេលថ្មីៗនេះថា អស់រយៈពេលជាង ៣០ឆ្នាំមកនេះ រដ្ឋាភិបាលមិនដែលបានផ្សព្វផ្សាយពីសិទ្ធិលំនៅឋានដល់អាជ្ញាធរ និងពលរដ្ឋឱ្យមានការយល់ដឹងនោះទេ ដែលនេះគឺជាបញ្ហាមួយក្នុងការធានានូវសិទ្ធិលំនៅឋានរបស់ពលរដ្ឋដោយសមរម្យ ខណៈការបណ្តេញពីលំនៅឋាន និងការហាមឃាត់សិទ្ធិកាន់កាប់លំនៅឋានក្រោមវិធានការរបស់អាជ្ញាធរមូលដ្ឋាន តែងតែកើតមានលើពលរដ្ឋជាបន្តបន្ទាប់។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

