សង្គមស៊ីវិលអះអាងថា ការរំលោភសិទ្ធិសហជីពដែលកើតចេញពីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងក្លាយជាជំងឺឆ្លងគួរឱ្យព្រួយបារម្ភសម្រាប់សិទ្ធិសហជីពមូលដ្ឋាននៅតាមរោងចក្រ និងក្រុមហ៊ុនដទៃទៀតនៅកម្ពុជា។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មិថុនា នេះថា ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ សិទ្ធិសេរីភាពកម្មកររួមមានការរំលោភបំពានគួរឱ្យកត់សម្គាល់ ជាពិសេសការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមចលនាសហជីពឯករាជ្យ ដូចជា សហជីពទ្រទ្រង់សិទ្ធិការងារនៃបុគ្គលិក ឬកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អស់រយៈពេលជាង ២ឆ្នាំមកនេះ ជាដើម។
លោក ឃុន ថារ៉ូ ត្អូញត្អែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកវិវាទការងារ និងការបញ្ឈប់ថ្នាក់ដឹកនាំសហជីពទៅជាវិវាទបុគ្គលទៅវិញ។ លោកបន្តថា បញ្ហានេះបាននាំឲ្យមានការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសមាជិកសហជីពកាន់តែខ្លាំង។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា រដ្ឋាភិបាលគួរតែពិចារណាពិនិត្យការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ ដើម្បីធ្វើឱ្យប្រសើរនូវការគោរពសិទ្ធិមនុស្ស ព្រោះថាសព្វថ្ងៃនេះ ថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងសហជីពក្នុងក្រុមហ៊ុនខ្លះទៀតដែលហ៊ានចេញមុខតវ៉ាទាមទារឱ្យក្រុមហ៊ុនអនុវត្តច្បាប់ការងារ ត្រូវបានភាគីក្រុមហ៊ុនធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា ២០នាក់ បន្តធ្វើកូដកម្មទាមទារយុត្តិធម៌នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយលើកបដាជាច្រើន ដូចជា សរសេរថា ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គិតគូរប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងរក្សាកន្លែងការងាររយៈពេល ២ឆ្នាំតាមមាត្រា៩៥ ស្ដីពីច្បាប់ការងារ ជាដើម។
ក្រុមកូដករណាហ្គាវើលដ៍ អះអាងថា ពួកគេនៅតែបន្តតស៊ូមតិដើម្បីទាមទារឱ្យថៅកែណាហ្គាវើលដ៍ដោះស្រាយបញ្ហា និងបញ្ឈប់ការរើសអើងសហជីពគ្រប់រូបភាព បើទោះការតស៊ូលំបាកប៉ុនណាក៏ដោយ ក៏ពួកគេមិនបោះបង់ការទាមទារនេះឡើយ ព្រោះកម្មករបានមើលឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ថៅកែក្រុមហ៊ុនបានបន្តរំលោភសិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរឡើងៗ។
ក្រុមកូដករទាំងនេះអំពាវនាវឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ត្រូវតែពិចារណាលើបញ្ហាទាំងនេះឡើងវិញ ដើម្បីងាកមកដោះស្រាយបញ្ហានៃការរំលោភសិទ្ធិការងាររបស់កម្មករនិយោជិតព្រោះថារយៈពេលជាង ២ឆ្នាំ (៩១០ថ្ងៃ) ក្នុងការធ្វើកូដកម្មរបស់កម្មករ គឺដើម្បីធានានូវសិទ្ធិសហជីពប៉ុណ្ណោះ មិនមែនជាការស៊ីឈ្នួលធ្វើកូដកម្ម ហើយក៏មិនមែនដើម្បីញុះញង់ឱ្យស្អប់រដ្ឋាភិបាលនោះដែរ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» បានចេញផ្សាយរបាយការណ៍មួយស្ដីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជាថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំងតាមរយៈនៃការគំរាមកំហែងគ្រប់រូបភាព ក្រោមការវាយតម្លៃតាមរយៈកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
ការរំលោភបំពានសិទ្ធិការងារនៅតែជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាក់ស្តែងករណីវិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលឈានដល់ការចាប់ខ្លួនមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ដាក់ក្នុងពន្ធនាគារ ករណីចាប់ខ្លួនលោក ម៉ម រិទ្ធី ប្រធានសហជីពសហព័ន្ធកម្មករវិស័យទេសចរណ៍សេវាកម្មកម្ពុជា និងករណីចាប់ខ្លួនលោក ជា ចាន់ ប្រធានសហជីពរោងចក្រ វីង ស្ដារ ស៊ូ ជាដើម នៅតែមិនទាន់មានដំណោះស្រាយរហូតមកទល់ពេលនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

