27 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ឧកញ៉ាៗ​ខំ​សម្ដែង​សប្បុរសធម៌ មិន​អាច​លុបលាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា សមាគម​ឧកញ៉ា​កម្ពុជា បរិច្ចាគ​ថវិកា​ឱ្យ​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ជំនួយ​សប្បុរស គឺជា​ការ​បំភ័ន្ត និង​ស្ដារ​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ក្រុម​ឧកញ៉ា​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ ខែ​មិថុនា ថា ការ​បរិច្ចាគ​ថវិកា​នេះ​ដោយ​លោក​សង្ស័យ​ថា​ជា​ការ​លាង​លុយ​កខ្វក់​ដែល​បាន​មកពី​អំពើពុករលួយ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ក្រុម​ឧកញ៉ា​ទាំងនោះ។ មួយ​វិញ​ទៀត ការ​បរិច្ចាគ​នេះ ក៏​ជា​ការ​ស្ដារ​កេរ្តិ៍ឈ្មោះ​ឱ្យ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម ជាដើម។

លោក​បន្ត​ថា ការ​បរិច្ចាគ​លុយ​ក្នុង​រូបភាព​សប្បុរសធម៌​ទៅ​កាន់​កាកបាទ​ក្រហម​កម្ពុជា​នេះ គឺ​មិន​អាច​លាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ក្រុម​ឧកញ៉ា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ឆបោក​លុយ​ប្រជាពលរដ្ឋ និង​ប្រព្រឹត្ត​ឃាតកម្ម​លើ​មនុស្ស​ឡើយ ពីព្រោះ​ទង្វើ​របស់​ក្រុម​ឧកញ៉ា​ទាំងនោះ​បាន​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឃើញ ហើយ​ថែមទាំង​ល្បី​ដល់​សហគមន៍​អន្តរជាតិ​ផង​ដែរ។

ទាក់ទង​នឹង​អំពើ និង​ទង្វើ​របស់​ពួក​ឧកញ៉ា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា កន្លង​ទៅ ឧកញ៉ា ស្រី ស៊ីណា បាន​បាញ់​សម្លាប់​មនុស្ស ២​នាក់​ដែល​ជា​គូដណ្ដឹង​នឹង​គ្នា​នៅ​បុរី ប៉េង ហួត បឹងស្នោ រាជធានី​ភ្នំពេញ។ ក្រោយពី​ករណី​ឃាតកម្ម​នោះ ប្រធាន​សមាគម​ឧកញ៉ា លោក លី យ៉ុងផាត់ ដែល​ជាប់​ឈ្មោះ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​រឿង​បណ្ដេញ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ចេញពី​លំនៅឋាន​ទាំង​បង្ខំ ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​ពលរដ្ឋ បាន​បរិច្ចាគ​ថវិកា​ចំនួន​ជាង ១ ៥៥៥ ៥៥៥​ដុល្លារ ទៅ​កាន់​កាកបាទ​ក្រហម​កម្ពុជា​នៅ​ក្នុង​ខួប​ទី​១៦១ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «រួម​គ្នា​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ» នៅ​ថ្ងៃទី​២១ ខែ​មិថុនា។

រីឯ​ឧកញ៉ា​មួយ​ចំនួន​ទៀត ដូចជា អតីត​ឧកញ៉ា ហ៊ី គឹមហុង អតីត​ឧកញ៉ា ឡេង ចាន់ណា និង​ឧកញ៉ា ជា សារ៉ន ជាដើម បាន​ឆបោក​លុយ​ប្រជាពលរដ្ឋ​រាប់​លាន​ដុល្លារ ហើយ​មក​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស