ក្រសួងការបរទេសអាមេរិក បន្តដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស គឺស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3 ដោយសារតែមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សាមួយចំនួននៃរដ្ឋាភិបាលកម្ពុជា គឺជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ និងទីតាំងដែលត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ។
យោងតាមរបាយការណ៍ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារ ទី២៥ មិថុនា ស្ដីពីការជួញដូរមនុស្សនៅលើពិភពលោកប្រចាំឆ្នាំ២០២៤ របស់ក្រសួងការបរទេសអាមេរិក រកឃើញថា ប្រតិបត្តិការឆបោកអនឡាញស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្ដីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។
សហរដ្ឋអាមេរិកអះអាងថា អំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាល ក៏ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃចំណាត់ថ្នាក់កម្រិតទី៣ នៃការចម្រើនតិចតួចទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
របាយការណ៍ដដែលសរសេរថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានបំពេញឲ្យបានពេញលេញចំពោះការលុបបំបាត់ការជួញដូរ ហើយមិនបានធ្វើឱ្យមានកិច្ចខិតខំគួរឱ្យកត់សម្គាល់ ដើម្បីលុបបំបាត់សកម្មភាពជួញដូរ ដែលជាហេតុនាំឱ្យកម្ពុជាបន្តស្ថិតនៅក្នុងកម្រិតទី៣ (Tier 3)។
កម្រិតបី (Tier 3) មានន័យថា រដ្ឋាភិបាលម្ចាស់ប្រទេសមិនបានប្រឹងប្រែងជាដុំកំភួន និងតាមបទដ្ឋានដូចមានចែងនៅក្នុងច្បាប់ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA)។ ក្នុងការចាត់ថ្នាក់កម្ពុជានៅកម្រិត៣ នេះ ដោយសារការពាក់ព័ន្ធរបស់មន្ត្រីកម្ពុជាខ្លះនៅក្នុងសកម្មភាពដែលមានទំនាក់ទំនងនឹងការជំរុញឱ្យមានការជួញដូរ តួយ៉ាងដូចជានៅក្នុងអំពើឧក្រិដ្ឋឆបោកតាមបណ្ដាញអ៊ីនធឺណិត ជាដើម។
របាយការណ៍ដដែលបង្ហាញថា កម្ពុជាគ្មានឆន្ទៈនយោបាយក្នុងការស្រាវជ្រាវ តាមដាន វែកមុខ និងផ្ដន្ទាទោសឧក្រិដ្ឋជនទុច្ចរិត និងកង្វះប្រព័ន្ធបង្ការបទល្មើស។
របាយការណ៍ដដែលរកឃើញថា មានឧក្រិដ្ឋកម្មជាច្រើនដែលរដ្ឋាភិបាលកម្ពុជាពុំបានប្រឹងប្រែងដោះស្រាយ រួមមានការជួញដូរមនុស្សនៅក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យកម្សាន្ត និងអាជីវកម្មឡឥដ្ឋ ដែលបញ្ហានេះនាំឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដែលអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់សារព័ត៌មានក្នុងស្រុកថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកហាក់ដូចជាមានភាពមិនច្បាស់លាស់ ហើយយោងតែទៅលើចំណុចអវិជ្ជមាន។
អ្នកស្រីថា ទាក់ទិននឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ បានក្លាយជាក្តីបារម្ភរបស់សកលលោក ដែលទាំងកម្ពុជា និងរដ្ឋាភិបាលប្រទេសផ្សេងទៀតនៅបន្តរកយុទ្ធសាស្ត្រ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មដែលមានការប្រើបច្ចេកវិទ្យាខ្ពស់មួយនេះ។
អ្នកស្រីថ្លែងថា អាជ្ញាធរកម្ពុជានៅបន្តធ្វើការទប់ស្កាត់ និងរកអ្នកពាក់ព័ន្ធក្នុងការបើកផ្លូវឱ្យមានឧក្រិដ្ឋកម្មនេះ ហើយកម្ពុជាក៏ចង់ឃើញអាមេរិកនឹងជួយយ៉ាងណានៅក្នុងការដោះស្រាយបញ្ហាមួយនេះ ព្រោះអាមេរិកបានត្រឹមតែប្រកាសថាជួយជាច្រើនឆ្នាំមកហើយ ប៉ុន្តែការសហការពិតប្រាកដនោះ មិនទាន់កើតមាននៅឡើយទេ។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា កម្ពុជាត្រូវបង្កើនការប្រឹងប្រែងរបស់ខ្លួនលើការទប់ស្កាត់អំពើជួញដូរមនុស្ស។ លោកថា កម្ពុជានឹងខាតបង់អត្ថប្រយោជន៍ ប្រសិនបើខកខានមិនបានធ្វើឱ្យល្អប្រសើរលើចំណាត់ថ្នាក់នៃការដោះស្រាយអំពើជួញដូរមនុស្សនេះ។
លោកបន្តថា រដ្ឋាភិបាលត្រូវបណ្តុះបណ្តាលទៅលើមន្ត្រីដែលទាក់ទងជាមួយនឹងការបង្ក្រាប និងការទប់ស្កាត់ការជួញដូរមនុស្ស ពីព្រោះបទល្មើសកាន់តែទំនើបកម្ម ដូច្នេះមន្ត្រីកម្ពុជាទាំងអស់ត្រូវតែមានការបណ្តុះបណ្តាលជំនាញបន្ថែមទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា ក្នុងការពិនិត្យមើលឱ្យឃើញពីការជួញដូរមនុស្ស។
កាលពីចុងឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍របស់ខ្លួនថា អំពើឆបោកតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិកដោយមានជនរងគ្រោះប្រមាណ ១សែននាក់ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០ ០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ៕