29 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រកាស​លាលែង​តំណែង បើ​ឧក្រិដ្ឋជន ស្រី ស៊ីណា មាន​សេរីភាព​បន្ទាប់ពី​ជាប់​គុក​២​ឬ​៣​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ព្រមាន​ថា លោក​នឹង​លាលែង​ពី​តំណែង ប្រសិនបើ​ឧក្រិដ្ឋជន​ឈ្មោះ ស្រី ស៊ីណា មាន​សេរីភាព បន្ទាប់ពី​ជាប់​ពន្ធនាគារ ២​ឆ្នាំ ឬ ៣​ឆ្នាំ និង​ធានា​ថា​បុគ្គល​នេះ​មិន​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បន្ធូរ​បន្ថយ​ទោស​ឡើយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ មិថុនា នេះ​ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ប្រសិនបើ​ឧក្រិដ្ឋជន​មាន​សេរីភាព​បន្ទាប់ពី​ជាប់​ពន្ធនាគារ ២​ឆ្នាំ ឬ ៣​ឆ្នាំ។ លោក​ថា តើ​លោក​នៅ​ក្នុង​តំណែង​នេះ​ដើម្បី​អ្វី ព្រោះ​ភស្តុតាង​មាន​គ្រប់គ្រាន់​រួច​ទៅ​ហើយ​នោះ។

លោក​អះអាង​ថា លោក​បាន​ស្នើ​ទៅ​តុលាការ​ដាក់​សំណុំរឿង​នៃ​ករណី​ឃាតកម្ម​មួយ​នេះ​ទៅ​ជា​ពីរ​សំណុំរឿង ដើម្បី​អនុវត្ត​គោលការណ៍​ស្រូប​ទោស​ក្នុង​ការ​អនុវត្ត​ទោស​រយៈពេល ៣០​ឆ្នាំ​ពេញ​តែម្តង។

លោក កើត រិទ្ធ និយាយ​ថា ការ​បំបែក​សំណុំរឿង​ទៅ​ជា​ពីរ ឃាតករ​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ​ក្នុង​សំណុំរឿង​ទី​១ ហើយ​ត្រូវ​អនុវត្ត​ទោស​បន្ត ១៥​ឆ្នាំ​ទៀត​ក្នុង​សំណុំរឿង​ទី​២ ក្រោយពី​អនុវត្ត​ទោស​ក្នុង​សំណុំរឿង​ទី​១ ត្រូវ​បាន​បញ្ចប់។ លោក​បន្ត​ថា ប្រសិនបើ​ដាក់​សំណុំ​រឿង​នេះ​តែ​មួយ នឹង​មិន​អាច​អនុវត្ត​គោលការណ៍​ស្រូប​ទោស​រហូត​ដល់ ៣០​ឆ្នាំ​បាន​ទេ។

លោក កើត រិទ្ធ បញ្ជាក់​ថា ការ​សៀត​កាំភ្លើង ឬ​អាវុធ​តាម​ខ្លួន និង​បាន​ប្រព្រឹត្ត​អំពើ​សម្លាប់​អ្នក​ដទៃ មិន​មែន​សុទ្ធតែ​ត្រូវ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​បាន​ទេ បើ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​បាន​ថា ជន​ដៃ​ដល់​មាន​ផែនការ​ក្នុង​ការ​សម្លាប់​អ្នក​ដទៃ​នោះ។ លោក​បន្ត​ថា ព្រោះ​រាល់​ការ​សម្រេច​ទាំងអស់​របស់​តុលាការ មិន​អាច​ធ្វើ​តាម​អារម្មណ៍​បាន​ទេ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្មាន​ភាព​លម្អៀង។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ ជន​ដៃ​ដល់​ឈ្មោះ ស្រី ស៊ីណា បាន​បាញ់​សម្លាប់​គូដណ្ដឹង​មួយ​គូ​ដល់​ក្នុង​ផ្ទះ និង​បង្ក​របួស​ស្នាម​ដល់​ជនរងគ្រោះ ២​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​អំពើ​ឃាតកម្ម​នេះ តុលាការ​បាន​សម្រេច​ចោទប្រកាន់ ៣​ករណី គឺ​បទ​ឃាតកម្ម, បទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ផង​ដែរ ហើយ​ករណី​នេះ​ត្រូវ​បាន​បំបែក​ទៅ​ជា ២​សំណុំរឿង ដែល​កំណត់​ឱ្យ​ឃាតករ​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ​ពេញ​ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ​ទោស​អ្វី​ទាំងអស់។

មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ​ទៅ​១៥​ឆ្នាំ។ ចំណែក​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា ឃាតកម្ម​គិត​ទុក​ជា​មុន គឺជា​អំពើ​សម្លាប់​មនុស្ស​ដោយ​គិត​ទុក​ជា​មុន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ជុំវិញ​សំណុំរឿង​ឃាតកម្ម​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា នេះ​ថា អ្នក​អនុវត្ត​ច្បាប់​មិន​អាច​ផ្ដន្ទាទោស​លើ​ជនល្មើស​លើស​ពី​អ្វី​ដែល​ច្បាប់​មាន​ចែង​ជា​ធរមាន ឬ​បញ្ញត្តិ​នោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ កម្ពុជា​អាច​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បង្កើន​ទម្ងន់​ទោសទណ្ឌ​សម្រាប់​អ្នក​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អតីត​ឧកញ៉ា ស្រី ស៊ីណា អាច​នឹង​ជាប់​គុក​ត្រឹមតែ ២​សប្តាហ៍ រួច​ហើយ​ក៏​ផ្លាស់​ទៅ​រស់នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់ (VIP) នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប៉ុន្តែ ២ ឬ ៣​ឆ្នាំ​ក្រោយ​មក តុលាការ​ក៏​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដូច​ករណី​ឧកញ៉ា ថោង សារ៉ាត់ ដែល​បាន​សម្លាប់​មនុស្ស​ដូច្នោះ​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា ករណី​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត ប៉ុន្តែ​គាត់​បាន​ដេក​នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់ (VIP) នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប្រហែល​ជាង ៣​ឆ្នាំ ក៏​ត្រូវ​តុលាការ​ដោះលែង​​ឱ្យ​នៅ​ក្រៅ​ឃុំ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​១៤២ ដល់​កម្ពុជា ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស