នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលថៃ នឹងខិតខំពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត និងបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ថៃ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មិថុនា នេះថា រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ លោក Maris SANGIAMPONGSA ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀតទៅថ្ងៃមុខ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋមន្ត្រីការបរទេសថៃ បញ្ជាក់ថា ថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារឱ្យបានជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលកម្ពុជា-ថៃ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងទៅហើយនោះ។
នាយករដ្ឋមន្ត្រីថ្មីរូបនេះបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ខណៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីនក៏ត្រូវបានលើកឡើងក្នុងជំនួបនេះដែរ។
ជុំវិញទំនាក់ទំនងកម្ពុជា និងថៃ ត្រូវបានក្រុមអ្នកសង្កេតការណ៍មើលឃើញថា កំពុងស្ថិតក្នុងការសហការដែលអាចនាំឱ្យកម្ពុជាធ្លាក់ទៅក្នុងការខាតបង់ផលប្រយោជន៍ទៅថ្ងៃក្រោយ។ ការខាតបង់ពីការសហការនេះ ដូចជា ការសហការដាក់ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ រកស៊ីលើការបូមប្រេង និងឧស្ម័ន រួមទាំងការសហការផ្លាស់ប្ដូរសកម្មជននានាដែលស្វែងរកសិទ្ធិជ្រកកោននយោបាយរបស់ប្រទេសទាំងពីរក្នុងទីផ្សារ Swap Mart របស់ថៃ ដែលបញ្ហាទាំងពីរនេះកំពុងបង្កជាក្តីបារម្ភសម្រាប់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
លោកបន្ថែមថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតស៊ីគ្នាមកជាការសហការគ្នារកស៊ីនេះ គឺដើម្បីផលប្រយោជន៍ជាតិទាំងស្រុង ព្រោះថានៅតំបន់ត្រួតស៊ីគ្នានេះ ក្រៅពីប្រេងកាត ក៏មានឧស្ម័នធម្មជាតិជាច្រើនដែរ ហើយប្រសិនបើកម្ពុជាទទួលបានប្រេងកាត និងឧស្ម័ន នោះកម្ពុជានឹងលក់ដើម្បីប្រមូលថវិកាចូលរដ្ឋទាំងអស់។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីព្រំដែនទឹករវាងកម្ពុជា-ថៃ ព្រោះថាបើកម្ពុជាយកតំបន់ត្រួតស៊ីគ្នាទៅរកស៊ីជាមួយថៃ កម្ពុជានឹងបាត់ដែនទឹករបស់ខ្លួនទៅប្រទេសថៃ ក្នុងទំហំ ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡាបន្ថែមទៀត ស្របពេលដែលកម្ពុជាបានបាត់ដែនទឹករបស់ខ្លួនទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡាកាលពីអំឡុងឆ្នាំ១៩៩៧ ទៅប្រទេសថៃ ម្តងរួចទៅហើយនោះ៕