កាលពីថ្ងៃទី២៦ មិថុនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC បានចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោក Sergei Shoigu និងនាយអគ្គសេនាធិការយោធារុស្ស៊ី លោកនាយឧត្តមសេនីយ៍ Valery Gerasimov ដែលនាំឱ្យ ICC ចេញដីកាចាប់ខ្លួនថ្នាក់ដឹកនាំរុស្ស៊ី កើនឡើង ៤រូប។
តុលាការ ICC បានប្រកាសចោទប្រកាន់មេទ័ពរុស្ស៊ី ទាំងពីររូបនេះពាក់ព័ន្ធការវាយប្រហារដោយមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន រវាងខែតុលា ឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការ ICC បាននិយាយថា លោក Shoigu និងលោក Gerasimov ត្រូវបានជាប់ចោទ ហើយត្រូវតែទទួលខុសត្រូវក្នុងការវាយប្រហារដោយផ្ទាល់ទៅលើគោលដៅស៊ីវិល និងបានធ្វើឱ្យមានការរងគ្រោះយ៉ាងខ្លាំងលើជនស៊ីវិល ដែលអ្នកទាំងពីរស្ថិតក្នុងបទឧក្រិដ្ឋកម្មសង្គ្រាម និងបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
តែយ៉ាងណា លោក Shoigu ត្រូវបានលោក Vladimir Putin ដកតំណែងលោកពីរដ្ឋមន្ត្រីការពារជាតិក្នុងផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រី នៅពេលដែលលោក ពូទីន ចាប់ផ្តើមអាណត្តិថ្មីរបស់លោកជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី។
កាលពីខែមីនា ឆ្នាំ២០២៣ តុលាការ ICC ដដែលនេះបានចេញដីកាចាប់ខ្លួនលោក ពូទីន ក្នុងឋានៈជាប្រធានាធិបតីរុស្ស៊ី ដែលបញ្ជាឱ្យលើកទ័ពវាយចូលប្រទេសអ៊ុយក្រែន ហើយបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរ។ ដីការបស់តុលាការអន្តរជាតិនេះ បានចោទលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងករណីប្រឆាំងមនុស្សជាតិពាក់ព័ន្ធការចាប់ពង្រត់កុមារអ៊ុយក្រែន ច្រើនម៉ឺននាក់ពីម្ដាយឪពុករបស់ពួកគេ។ ក្នុងសំណុំរឿងបទឧក្រិដ្ឋប្រឆាំងនឹងលោក ពូទីន ក៏មានអ្នកស្រី Maria Lvova-Belova ប្រធានស្នងការសិទ្ធិកុមារនៃប្រទេសរុស្ស៊ី ក៏ត្រូវបានតុលាការ ICC ចេញដីកាចាប់ខ្លួនដែរ។
បច្ចុប្បន្ន ប្រទេសជាហត្ថលេខីនៃលក្ខន្តិកៈក្រុងរ៉ូម ជាប្រទេសចូលរួមបង្កើតតុលាការ ICC មាន ១២៤ប្រទេស។
យោងតាមលក្ខន្តិកៈក្រុងរ៉ូម ប្រទេសទាំង ១២៤ នេះ មានកាតព្វកិច្ចឃាត់ខ្លួនជនជាប់ចោទតាមដីកាចាប់ខ្លួនរបស់ ICC។ សំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន នៅមានឧត្តមសេនីយ៍រុស្ស៊ី ជាច្រើននាក់ ក៏អាចប្រឈមមុខនឹងការចេញដីកាចាប់ខ្លួនដោយតុលាការ ICC ផងដែរ។
អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មសង្គ្រាមថាករណីលោក ពូទីន ដូចនឹងសំណុំរឿងរបស់លោក Milosevic បើលោក ពូទីន អស់អំណាច។
ពិភពលោកចេះតែសម្លឹងទៅរកមេដឹកនាំផ្ដាច់ការជាច្រើនដែលគួរត្រូវបាននាំខ្លួនទៅកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC មានដូចជា អតីតមេដឹកនាំប្រទេសស៊ូដង់ Omar Hassan Ahmad al-Bashir អតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ Robert Mugabe អតីតមេដឹកនាំប្រទេសអេហ្ស៊ីប ហូស្នីមូបារ៉ាក អតីតមេដឹកនាំហ្វីលីពីន ដ្រូឌ្រីងហ្គូ ឌូទើតេ ប្រធានាធិបតីប្រទេសស៊ីរី Bashar al-Assad មេដឹកនាំរបបសឹកភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។
មេដឹកនាំទាំងនេះត្រូវបានរាប់ជាមេដឹកនាំដែលស្ថិតបញ្ជីរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ រកឃើញថាជាមេដឹកនាំរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងកាន់អំណាច ដែលបង្កើតឱ្យមានការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
ក្នុងចំណោមមេដឹកនាំទាំងនោះ ក៏មានមេដឹកនាំខ្លះរងបទចោទរួចទៅហើយដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ប៉ុន្តែពួកគេមិនមានវាសនានាំខ្លួនទៅកាត់ទោសទេ ដោយសារមេដឹកនាំជំនាន់ក្រោយការពារ ព្រោះតែជាប់សែស្រឡាយរបស់ពួកគេ។ ម្យ៉ាងទៀត មេដឹកនាំដែលមានឈ្មោះក្នុងបញ្ជីចាប់ខ្លួនរបស់ ICC ពួកគេមិនព្យាយាមចាកចេញពីប្រទេសនោះទេ ហើយបើចេញពីប្រទេស គឺច្រើនតែទៅកាន់ប្រទេសដែលផ្ដាច់ការដូចគ្នា។
តែយ៉ាងហោចណាស់ក៏មានមេដឹកនាំមួយចំនួនផងដែរត្រូវបាននាំខ្លួនទៅកាត់ទោសនៅតុលាការអន្តរជាតិ ICC នៅក្រុងឡាអេ ប្រទេសហុឡង់ដ៍។ មេដឹកនាំទាំងនោះក៏មានអតីតមេដឹកនាំហ្សែប៊ី និងប្រទេសយូហ្គោស្លាវី លោក Slobodan Milosevic ផងដែរ។
អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម គឺលោក Wayne Jordash ជាមេធាវីមកពីប្រទេសអង់គ្លេស ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងឆ្នាំ២០២៣ ថា មានជម្រើសពីរដែលត្រូវការបើកការជំនុំជម្រះក្ដីលើលោក ពូទីន គឺត្រូវរង់ចាំដល់លោក ពូទីន ធ្វើដំណើរចេញពីប្រទេសទៅកាន់ប្រទេសណាដែលរដ្ឋអាជ្ញាតុលាការ ICC អាចចូលទៅបាន ហើយអាជ្ញាធរប្រទេសនោះត្រូវជួយសហការឃាត់ខ្លួនលោក ពូទីន។
ចំពោះជម្រើសទីពីរ លោកថាគេត្រូវរង់ចាំប្រទេសរុស្ស៊ី មានមេដឹកនាំថ្មី ដែលអាចសហការជាមួយតុលាការ ICC ឃាត់ខ្លួនលោក ពូទីន ខណៈលោក ពូទីន អស់អំណាច។ តែជាមួយគ្នានេះ អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិរូបនេះ ដាក់ការសង្ឃឹមទៅលើប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺលោក Karim Khan ដែលនឹងអាចនាំទៅរកការបើកសាលាក្ដីអន្តរជាតិកាត់ក្ដីលោក ពូទីន និងមេទ័ពរបស់លោក ពូទីន ដែលប្រព្រឹត្តឧក្រិដ្ឋកម្មនៅអ៊ុយក្រែន។
លោក Karim Khan ជាប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ លោកបានចេញដីកាចាប់ខ្លួនលោក ពូទីន ករណីឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។
ការចេញដីកាចាប់ខ្លួនលោក ពូទីន និងប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃប្រទេសរុស្ស៊ី ពីបទប្រឆាំងមនុស្សជាតិនៅអ៊ុយក្រែន គឺលោក Karim Khan ជាអ្នកផ្ដួចផ្ដើមគំនិត។
លោក ពូទីន ត្រូវទទួលខុសត្រូវលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅអ៊ុយក្រែន។ លោក ពូទីន មានចេតនាក្នុងការចាប់ពង្រត់កុមារពីស្រុកកំណើតដែលពួកគេរស់នៅ។ នេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលភស្តុតាងបានបង្ហាញពីការប៉ះពាល់ខ្លាំងទៅកុមារ និងប្រជាជនអ៊ុយក្រែន។ ដូចនេះ ការសម្លាប់រង្គាលប៉ះពាល់លើប្រជាជនអ៊ុយក្រែន ជាបទឧក្រិដ្ឋដែលប្រព្រឹត្តជាប្រព័ន្ធដោយមានផែនការរៀបទុកជាមុន ក្រោមការបញ្ជារបស់របបនៅក្រុងមូស្គូ។ បើវាមិនមានការសម្លាប់រង្គាល គឺពុំមានស្រមោលនៃភស្តុតាងទេ។
ចារីនៃបទឧក្រិដ្ឋកម្ម គឺជាជនត្រូវចោទដែលធ្វើតាមគោលនយោបាយក្រោមបញ្ជារបស់រដ្ឋរុស្ស៊ី និងលោក ពូទីន។ វាជាឧក្រិដ្ឋកម្មដែលកើតឡើងដដែលៗ ហើយមានជាប្រព័ន្ធ។ ដូចនេះហើយគេថាវាជាយុទ្ធនាការរបស់រុស្ស៊ី គឺវាប្រាកដណាស់ចំពោះលោក ពូទីន ដែលជាប់ចោទឧក្រិដ្ឋកម្មលើប្រជាជនអ៊ុយក្រែន។
តាមលោកមេធាវី Wayne Jordash អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ រឿងក្ដីឧក្រិដ្ឋដ៏ធំដូចសំណុំរឿងរបស់លោក ពូទីន ដែលស្ថិតក្នុងដៃរបស់លោក Karim Khan រដ្ឋអាជ្ញានៃតុលាការ ICC គឺលោក Karim Khan តែងតែបានជោគជ័យ។
តែបែបនេះក្ដី ទីក្រុងមូស្គូ ប្រឆាំងដាច់ខាតការចេញដីកាចាប់ខ្លួនរបស់ ICC ទៅលើមេដឹកនាំ និងឧត្តមសេនីយ៍រុស្ស៊ី ដោយគំរាមថានឹងសងសឹកទៅលើលោករដ្ឋអាជ្ញា Karim Khan។ ជាការសងសឹក គឺរបបនៅក្រុងមូស្គូ ក៏បានចេញដីកាចាប់ខ្លួនលោក Karim Khan តបវិញផងដែរ៕