31 C
Phnom Penh

នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក​បញ្ជា​ឱ្យ​បង្ក្រាប​បទល្មើស​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវ​បិទ​នេសាទ​ឱ្យ​ម៉ឺងម៉ាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈកម្មការ​អន្តរ​ក្រសួង ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ក្នុង​រដូវ​បិទ​នេសាទ​ដែល​ជា​រដូវ​ត្រី​ពង ដោយ​ចៀសវាង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​បំផ្លាញ​ដល់​ពូជ​ត្រី។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ ១ កក្កដា លើក​ទី​១៩ ក្នុង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​១ កក្កដា នេះ ដោយ​ណែនាំ​ឱ្យ​រដ្ឋបាល​ជលផល និង​តួអង្គ​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​សមត្ថភាព​សហគមន៍​ស្រប​តាម​ទិស​ស្លោក «សហគមន៍​នេសាទ​គ្មាន​បទល្មើស​ជលផល»។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទន្ទឹម​នឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប អាជ្ញាធរ​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ ការ​អប់រំ និង​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​អភិរក្ស និង​ធានា​និរន្តរភាព​ធនធាន​ជលផល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត ហាម​មិន​ឱ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដាច់ខាត ដូចជា ថ្ម​ស្អុយ ឧបករណ៍​ឆក់​ត្រី ស្បៃ​មុង គ្រឿងផ្ទុះ និង​ឧបករណ៍​នេសាទ​ហាមឃាត់​ផ្សេង​ទៀត ជាពិសេស​មិន​ត្រូវ​ចាប់​ត្រី​ក្នុង​រដូវ​ត្រី​ពង​ជាដាច់ខាត។

ជុំវិញ​បញ្ហា​នេះ ប្រជា​នេសាទ​រស់នៅ​ភូមិ​កំពង់ភ្លុក ខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ កក្កដា នេះ​ថា ការ​នេសាទ​ខុស​ច្បាប់​សព្វថ្ងៃ​នេះ​នៅតែ​កើត​ឡើង​អនាធិបតេយ្យ​ដដែល ដោយសារតែ​មន្ត្រី​ជលផល​ពុករលួយ ព្រោះ​អ្នក​ដែល​នេសាទ​ស្រប​តាម​ច្បាប់ មិន​អាច​រក​ត្រី​បាន​ច្រើន​ដូច​អ្នក​ដែល​នេសាទ​ខុស​ច្បាប់​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ការ​នេសាទ​ក្រោម​អំពើពុករលួយ​របស់​មន្ត្រី​ជលផល​រាល់​ថ្ងៃ​នេះ កំពុងតែ​បំផ្លាញ​កូន​ត្រី​គ្រប់​ប្រភេទ ដូចជា កូន​ត្រី​ផ្ទក់ កូន​ត្រី​អណ្ដែង ជាដើម ដែល​បាន​ចាប់​យក​រាប់​រយ​តោន​ក្នុង​មួយ​យប់ៗ​សម្រាប់​ធ្វើ​ជា​ត្រី​នុយ គឺ​មាន​ន័យ​ថា ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ និង​ចំណី​ក្រពើ តាមរយៈ​ឧបករណ៍​ខុស​ច្បាប់​នានា។

ពលរដ្ឋ​ទាំងនេះ​បញ្ជាក់​ថា អ្នក​បង់​លុយ​ឱ្យ​មន្ត្រី​ជលផល ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ប្រភេទ​ណា​ក៏​បាន ចំណែក​ប្រជា​នេសាទ​ដែល​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួសារ​ស្រប​ច្បាប់ តែង​ត្រូវ​បាន​មន្ត្រី​ជលផល​ហាមឃាត់ កុំ​ថា​ឡើយ​ដល់​ទៅ​ប្រើ​ឧបករណ៍​ស្រប​ច្បាប់ សូម្បីតែ​កន្លែង​នេសាទ​ខ្លះ​ក៏​ត្រូវ​ហាមឃាត់​ដែរ ហើយ​ពួកគេ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​បង់​លុយ​ឱ្យ​ពួកគេ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រដូវ​បិទ​នេសាទ​សម្រាប់​ការ​ធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប នឹង​ត្រូវ​បិទ​រយៈពេល ៤​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែ​មិថុនា ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤។

ដែន​នេសាទ​ទឹកសាប រួម​មាន​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ចាម ជាដើម ហើយ​មួយ​ផ្នែក​នៃ​រាជធានី​ភ្នំពេញ រួម​ទាំង​ខេត្ត​កណ្ដាល ដែល​ស្ថិត​នៅ​ខាងជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ។

ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា ដល់​ថ្ងៃទី​៣១ ខែ​តុលា ត្រូវ​បិទ​នេសាទ​ក្នុង​ខេត្ត ដូចជា​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ និង​មួយ​ផ្នែក​នៃ​រាជធានី​ភ្នំពេញ រួម​ទាំង​ខេត្ត​កណ្តាល ផង​ដែរ ដែល​ស្ថិត​នៅ​ខាងត្បូង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​បាន​លើកឡើង​ថា ដើម្បី​ធានា​បង្កើន​ហ្វូង​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ត្រូវ​ហាមឃាត់​ដាច់ខាត​មិន​ឱ្យ​ដាក់​ស្បៃ​មុង​ក្រឡា​ល្អិត មិន​ឱ្យ​ចូល​នេសាទ​នៅ​តំបន់​អភិរក្ស មិន​ឱ្យ​នេសាទ​នៅ​រដូវ​ត្រី​ពង មិន​ឱ្យ​ធ្វើ​ស្រែ​នៅ​តំបន់​៣ ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​បណ្តាល​ឱ្យ​ត្រី​ផ្អាក​ពង ជាដើម។ លោក​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ការ​នេសាទ​ខុស​ច្បាប់​បាន​ទេ ត្រី​ធំៗ និង​ពូជ​ត្រី​កម្រ​មួយ​ចំនួន នឹង​ផុត​ពូជ​អស់​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស