31 C
Phnom Penh

មន្ត្រី​ក្រសួង​ទេសចរណ៍​ស្នើ​នាយករដ្ឋមន្ត្រី​ដក​តំណែង​រដ្ឋមន្ត្រី​របស់​ខ្លួន ព្រោះ​គ្មាន​សមត្ថភាព​ដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាច្រើន​នាក់​ក្នុង​ក្រសួង​ទេសចរណ៍ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ចេញពី​តំណែង ព្រោះ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​នឹង​ដួល​រលំ​ដោយសារតែ​រដ្ឋមន្ត្រី​រូប​នេះ។

មន្ត្រី​ក្រសួង​ទេសចរណ៍​ជាច្រើន​នាក់​ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៤ កក្កដា នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន កំពុង​ឈ្លក់​វង្វេង​នឹង​មន្ត្រី​អែបអប​ដែល​នៅ​ក្បែរ​ខ្លួន ដូចជា ការ​ឈ្លក់​វង្វេង​នឹង​ការ​ថត​រូប​ស្អាតៗ​ពេល​ចុះ​បេសកកម្ម និង​ការ​រៀបចំ​បន្ទប់​នៅ​ក្នុង​ក្រសួង ដោយ​ការ​បំពាក់​កញ្ចក់​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ដើម្បី​កាត់​ឆុង ឬ​កាត់​ស៊យ ជាដើម ខណៈ​ការងារ​របស់​ក្រសួង​គឺ​ងាប់​ស្តូក។

ប្រភព​ដដែល​លើកឡើង​ថា ជាក់ស្តែង អាជ្ញាបណ្ណ​ក្រុមហ៊ុន​ឯកជន​ខ្លះ​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ពិនិត្យ​អស់​រយៈពេល ១​ឆ្នាំ​ហើយ នៅតែ​មិន​ទាន់​ទទួល​បាន​ចម្លើយ។ ចំណែក​នាយក​ខុទ្ទកាល័យ​ទាំង ៥​នាក់​របស់​គាត់ មិន​ដឹង​ថា​តើ​ពួកគេ​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​ទេ ព្រោះ​ម្នាក់ៗ​រវល់​តែ​ចាំ​ទទួល​បញ្ជា​ពី​អ្នកស្រី ចម ក្រស្នា ភរិយា​របស់​លោក សុខ សូកេន។

មន្ត្រី​ទាំងនេះ​អះអាង​ថា ក្នុង​ក្រសួង​ទេសចរណ៍​សព្វថ្ងៃ​នេះ បាត់​សណ្ដាប់ធ្នាប់ និង​ច្បាប់​ទម្លាប់​អស់​ហើយ ព្រោះ​ក្រុម​ការងារ​ពិធីការ​របស់​រដ្ឋមន្ត្រី បែរ​ជា​នាំគ្នា​រៀប​កៅអី​អង្គុយ​សម្រាប់​តែ​ខ្លួនឯង និង​អង្គុយ​នៅ​មុខ​រដ្ឋលេខាធិការ​ថែម​ទៀត​ពេល​មាន​ពិធី​ម្តងៗ ខណៈ​មន្ត្រី​ខ្លះ​ដូចជា​អ្នកស្រី ឡុង ភារម្យ ជាដើម មិន​ធ្វើ​ការងារ​អ្វី​សោះ សូម្បីតែ​រាយការណ៍​ពី​ការងារ ក៏​ឱ្យ​អនុរដ្ឋលេខាធិការ​រាយការណ៍​ជំនួស​ខ្លួន​ដែរ ចំណែក​ខ្លួន​គាត់​ចេះ​ត្រឹមតែ​តុបតែង​ខ្លួន​ប៉ុណ្ណោះ។

មន្ត្រី​ទាំងនេះ​ត្អូញត្អែរ​ទៀត​ថា ប្រាក់​ភាគលាភ និង​ប្រេងឥន្ធនៈ​ដែល​ក្រសួង​បាន​សន្យា​ថា​នឹង​បែងចែក​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម បាន​បាត់​ស្រមោល​សូន្យ​ឈឹង បើ​គិត​មក​ដល់​ពេលនេះ គឺ​ជិត​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​ពេល​មាន​ការ​សួរ​ដេញដោល បែរ​ជា​លោក សុខ សូកេន ឆ្លើយ​ថា​លុយ​ទាំងនោះ​បាន​ដាក់​ចូល​ក្នុង​កញ្ចប់​ពិសេស​អស់​ហើយ។

មន្ត្រី​ក្រសួង​ទេសចរណ៍​ដដែល​នេះ​បញ្ជាក់​ថា នៅ​កម្ពុជា​គ្មាន​ក្រសួង​ណា​មាន​រដ្ឋលេខាធិការ​ត្រួត​គ្នា​ទេ គឺ​មាន​តែ​ក្រសួង​ទេសចរណ៍​មួយ​ប៉ុណ្ណោះ គឺ​រដ្ឋលេខាធិការ CSI ដែល​មាន​ពាក្យ​ពេញ​ថា Competitive Sustainability Inclusive ក្នុង​បំណង​ដើម្បី​តែងតាំង​សាច់ញាតិ​ខ្លួនឯង។

ប្រភព​ដដែល​ព្រមាន​ថា បើ​ក្រសួង​ទេសចរណ៍​នៅតែ​បណ្តែតបណ្តោយ​ឱ្យ​មនុស្ស​ដូច​លោក សុខ សូកេន ដឹកនាំ​បន្ត​ទៀត ទោះ​រដ្ឋាភិបាល​ខំប្រឹង​បង្កើត​ឱ្យ​មាន​បុណ្យ​ទន្លេ បុណ្យ​សមុទ្រ ឬ​បុណ្យ​ផ្សេង​ទៀត​ក៏ដោយ ក៏​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​លេង​ប្រទេស​កម្ពុជា​បាន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​ចោទ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ​ថា សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង សូម្បី​ភ្ញៀវ​ទេសចរ​ក៏​ខ្លាចរអា​មិន​ហ៊ាន​ទៅ​លេង​ស្រុក​ខ្មែរ​ដែរ។

ចំណែក​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​តំបន់​អង្គរ អះអាង​ថា អ្វីៗ​ក៏​កម្ពុជា​មាន​ដែរ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ ដូចជា​ប្រាសាទ​អង្គរវត្ត និង​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជាច្រើន​ទៀត ប៉ុន្តែ​ក្រសួង​ទេសចរណ៍ និង​រដ្ឋាភិបាល មិន​បាន​រៀបចំ​សេវាកម្ម​ឱ្យ​បាន​ល្អ​នោះ​ទេ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ ធ្លាប់​បាន​លើកឡើង​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា នេះ​ថា អតីត​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន គឺជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​វិស័យ​ទេសចរណ៍ ហើយ​វិស័យ​នេះ​ធ្លាក់​ចុះ​ក៏​ដោយសារតែ​លោក ថោង ខុន ត្រូវ​បាន​ដក​តំណែង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស