ប្រទេសកម្ពុជា ធ្លាក់ក្បែរបាតតារាងក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលទទួលបានភ្ញៀវទេសចរត្រឹមតែជាង ៧០០ជើងហោះហើរ ដំណាលពេលដែលប្រទេសវៀតណាម ឈរកំពូលតារាងទទួលបានជិត ៣ម៉ឺនជើងហោះហើរ រាប់ចាប់តាំងពីដើមខែមិថុនា រហូតដល់ដើមខែកក្កដា។
គេហទំព័របរទេសបានចុះផ្សាយនូវចំនួនជើងហោះហើរពីបរទេសទៅកាន់ប្រទេសកម្ពុជា ដោយប្រៀបធៀបជាមួយនឹងប្រទេសក្នុងតំបន់អាស៊ានកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៩ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានចំនួន១០ ដែលទទួលបានជើងហោះហើរពីបរទេសតិចតួចបំផុត គឺនៅលើតែប្រទេសប្រ៊ុយណេ មួយប៉ុណ្ណោះ។
ប្រភពដដែលបង្ហាញថា ក្នុងរយៈពេល ១ខែចុងក្រោយនេះ ចំនួនជើងយន្តហោះដឹកអ្នកដំណើរដែលគ្រោងនឹងទៅប្រទេសកម្ពុជា (Scheduled Flights) មានចំនួនជាង ៤០០ជើងហោះហើរ (៤៥៩ជើង) សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈជើងយន្តហោះដែលទៅដល់ប្រទេសកម្ពុជាជាក់ស្តែង (Tracked Flights) មានចំនួន ៤៥៨ជើងហោះហើរ គឺខកខានអស់ ១ជើង។
ចំណែកឯជើងយន្តហោះដែលគ្រោងហោះហើរទៅកាន់វាលយន្តហោះអន្តរជាតិសៀមរាប (Scheduled Flights) មានចំនួន ៤៦៦ជើងហោះហើរ ប៉ុន្តែជើងយន្តហោះដែលទៅដល់ប្រទេសកម្ពុជាជាក់ស្តែង (Track Flights) មានចំនួនត្រឹមតែ ២៧៤ជើងហោះហើរប៉ុណ្ណោះ គឺខកខានអស់ជិត ២០០ជើងហោះហើរ (១៩២ជើងហោះហើរ)។
គេហទំព័រនេះបញ្ជាក់ថា បើប្រៀបធៀបជើងហោះហើរជាមួយប្រទេសឡាវ ថៃ និងវៀតណាម ដែលនៅក្បែរខាងខ្លួន កម្ពុជាបានធ្លាក់ទៅដល់បាតតារាងតែម្តង។
ប្រភពដដែលបង្ហាញថា វាលយន្តហោះអន្តរជាតិទីក្រុងហូជីម៉ិញ និងវាលយន្តហោះអន្តរជាតិទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានជើងហោះហើរសរុបជិត ៣ម៉ឺនជើងហោះហើរ (២៩២៧២ជើងហោះហើរ)។
រីឯវាលយន្តហោះអន្តរជាតិ ដន មឿង និងវាលយន្តហោះ សុវណ្ណភូមិ នៃប្រទេសថៃ ក៏ទទួលបានជើងហោះហើរសរុបជិត ៣ម៉ឺនជើងហោះហើរដែរ (២៨៥០៤ជើងហោះហើរ) ខណៈវាលយន្តហោះអន្តរជាតិទាំងពីរនៅប្រទេសឡាវ ទទួលបានជើងហោះហើរជាង ២ពាន់ជើងហោះហើរ (២៥៦៦ជើងហោះហើរ)។
ចំណែកឯប្រទេសកម្ពុជាវិញ ជើងហោះហើរទទួលបានត្រឹមតែ ៧៣៦ជើងហោះហើរប៉ុណ្ណោះក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយដូចគ្នា ដោយគិតចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ការចេញផ្សាយនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ព្រលានយន្តហោះអន្តរជាតិនៅប្រទេសកម្ពុជាទាំងនៅភ្នំពេញ ទាំងនៅខេត្តសៀមរាប កំពុងស្ងប់ស្ងាត់យ៉ាងខ្លាំងដែលបង្ហាញថាកម្ពុជាកំពុងបាត់បង់ភ្ញៀវទេសចរធ្ងន់ធ្ងរនៅពេលនេះ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាបង្ហោះពីសភាពស្ងប់ស្ងាត់របស់ព្រលានយន្តហោះអន្តរជាតិសៀមរាប ព្រោងព្រាត ដែលក្នុងវីដេអូទាំងនោះបង្ហាញថា គ្មានភ្ញៀវទេសចរធ្វើដំណើរក្នុងព្រលានសូម្បីតែម្នាក់នៅថ្ងៃខ្លះ ខណៈរដ្ឋាភិបាលកម្ពុជាបែរជាអះអាងថាក្នុងមួយថ្ងៃៗកម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ២ពាន់នាក់ទៅវិញ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីអាកាសចរណ៍នៅវាលយន្តហោះអន្តរជាតិខេត្តសៀមរាប ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៨ កក្កដា នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប ពិតជាស្ងាត់ភ្ញៀវប្រាកដមែន ទោះបីជាខាងក្រសួងទេសចរណ៍ធ្លាប់ធ្វើយុទ្ធនាការមួយចំនួន ដូចជា ការចែកក្រមាខ្មែរដល់ភ្ញៀវទេសចរបរទេសកន្លងមកក៏ដោយ។
ប្រភពដដែលបញ្ជាក់ថា ការស្ងាត់ភ្ញៀវបែបនេះ គឺបណ្តាលមកពីកត្តាច្រើនយ៉ាង ប៉ុន្តែកត្តាធំបំផុតទំនងជាដោយសារប្រទេសកម្ពុជាប្រឹងព្យាយាមបិទភ្ជិតលំហសេរីភាពបញ្ចេញមតិពេក។
ចំណែកឯប្អូនស្រីពៅលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត បានចោទមន្ត្រីក្រោមឱវាទលោក ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះថាជាមន្ត្រីពុករលួយ ដែលជាដើមហេតុធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ភ្ញៀវទេសចរ។
កាលពីពេលថ្មីៗនេះ មន្ត្រីជាច្រើននាក់ក្នុងក្រសួងទេសចរណ៍ ស្នើឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដកតំណែងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ចេញពីតំណែង ក្រោមហេតុផលថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជាអាចនឹងដួលរលំដោយសារតែគាត់គ្មានសមត្ថភាពដឹកនាំ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

