31 C
Phnom Penh

ក្រុម NATO ប្រកាស​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន៖ តើ F-16 អាច​រុញ​រុស្ស៊ី​ថមថយ​ការ​វាយលុក​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធមិត្ត​អង្គការ​យោធា​ណាតូ (NATO) បាន​ប្រកាស​ពី​ការ​ចាប់ផ្ដើម​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ហើយ តាម​សំណើ​របស់​ប្រទេស​អ៊ុយក្រែន។

ការ​ប្រកាស​ពី​ការ​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ NATO នៅ​ក្រុង​វ៉ាស៊ីនតោន។ លោក បៃដិន បាន​បន្ថែម​ទៀត​ថា ប្រទេស​ដាណឺម៉ាក និង​ហុឡង់ដ៍ បាន​ចាប់ផ្ដើម​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អ៊ុយក្រែន ហើយ។

បន្ថែម​ពី​លើ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក៏​បាន​អះអាង​ដែរ​ថា ការ​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន គឺជា​ការ​បញ្ជូន​សារ​មួយ​យ៉ាង​ច្បាស់​ទៅ​កាន់​លោក ពូទីន។

ប្រទេស​ដាណឺម៉ាក បាន​សន្យា​ឱ្យ​យន្តហោះ​ចម្បាំង F-16 ចំនួន ១៩​គ្រឿង ហើយ​ប្រទេស​ហុឡង់ដ៍ ថា​ឱ្យ​ចំនួន ២៤​គ្រឿង។ ចំណែក​ប្រទេស​ន័រវែស កាលពី​ថ្ងៃ​ពុធ​ក៏​បាន​ប្រកាស​ផ្ដល់​យន្តហោះ F-16 ចំនួន ៦​គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន ផង​ដែរ។

ចំណែក​ប្រទេស​បែលហ្សិក ក៏​បាន​សន្យា​បញ្ជូន F-16 ទៅ​ឱ្យ​អ៊ុយក្រែន ដែរ តែ​មិន​ទាន់​ប្រកាស​ថា​នឹង​បញ្ជូន​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​ទេ។ តែ​គេ​ដឹង​ថា ប្រទេស​ទាំង ៤ នេះ អាច​បញ្ជូន​យន្តហោះ F-16 ជិត ៧០​គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន។

តាម​លោក Antony Blinken យន្តហោះ​ចម្បាំង F-16 នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​លើ​លំហ​អាកាស​អ៊ុយក្រែន នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន បាន​ឈាន​ដល់​ជាង ២៨​ខែ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤។ ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ មិន​ទាន់​ឃើញ​ថា​មាន​ការ​ប្រែប្រួល​នោះ​ទេ។ ភាគី​ទាំង​ពីរ​នៅតែ​រុញច្រាន​គ្នា​ទៅវិញ​ទៅមក បើ​ទោះជា​រុស្ស៊ី មាន​ប្រៀប​ជាង​អ៊ុយក្រែន ក៏ដោយ។ គេ​ថា​រុស្ស៊ី មាន​ប្រៀប​ជាង​អ៊ុយក្រែន តែ​នៅ​លើ​សមរភូមិ​លំហ​អាកាស​តែប៉ុណ្ណោះ ព្រោះ​រុស្ស៊ី មាន​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​បាលីស្ទិក ដែល​អាច​បាញ់​គ្រប់​គោលដៅ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ខណៈ​មហាអំណាច​នេះ​មាន​យន្តហោះ​ចម្បាំង​ទំនើបៗ​រាប់​រយ​គ្រឿង​វាយប្រហារ​អ៊ុយក្រែន។

ចុងក្រោយ​នេះ រុស្ស៊ី​បាញ់​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង និង​មីស៊ីល​បាលីស្ទិក ដោយ​វាយប្រហារ​ចុះ​មូលដ្ឋាន​ទ័ព​អាកាស​របស់​អ៊ុយក្រែន នៅ​ភាគ​ខាងលិច​ប្រទេស ដែល​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ប្រកាស​អាសន្ន​ពី​ការ​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​មួយ​រឹងមាំ ដើម្បី​ប្រឆាំង​នឹង​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន នៅ​មុន​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​អង្គការ NATO បាន​ថ្លែង​ថា ប្រទេស​របស់​លោក​បាន​ខ្វះខាត​ប្រព័ន្ធ​ការពារ​ដែនអាកាស។ លោក​បាន​ស្នើ​ជួយ​ផ្តល់​បន្ថែម​ទៀត​នូវ​ប្រព័ន្ធ​មីស៊ីល Patriot។

លោក​បាន​លើកឡើង​នូវ​ករណី​វាយប្រហារ​តាម​ផ្លូវ​អាកាស​ចុងក្រោយ​របស់​រុស្ស៊ី នូវ​អាវុធ​មីស៊ីល​កន្លង​មក​នេះ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​សិប​នាក់ និង​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​នោះ​មាន​ទាំង​មន្ទីរពេទ្យ​កុមារ​មួយ​នៅ​ទីក្រុង​គៀវ រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​បន្ទាន់ មេដឹកនាំ​អង្គការ NATO បាន​ប្រកាស​ពី​ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល Patriot ចំនួន ៥​គ្រឿង និង​ប្រព័ន្ធ​មីស៊ីល​ផ្សេងៗ​ទៀត​ដែល​អាច​មាន​ជាង ២០​គ្រឿង។

តើ​យន្តហោះ​ចម្បាំង F-16 អាច​រុញ​រុស្ស៊ី ថមថយ​ការ​វាយលុក​ឬ​ទេ?

អ្នកជំនាញ​ថា​នៅ​ពេល F-16 បើក​ប្រតិបត្តិការ​នៅ​លើ​លំហ​អាកាស​អ៊ុយក្រែន កងទ័ព​អ៊ុយក្រែន​អាច​មាន​សមត្ថភាព និង​ឱកាស​វាយលុក​ចូល​ទីតាំង​កងទ័ព​រុស្ស៊ី ហើយ​អាច​រុញ​ទ័ព​រុស្ស៊ី ចេញពី​ខ្សែ​ជួរមុខ​បាន​ទៀត​ផង។

ឧត្តមសេនីយ៍​ប៉ូឡូញ​ម្នាក់ គឺ​លោក Jaroslaw Kraszewski បាន​និយាយ​ថា ការ​មក​ដល់​យន្តហោះ F-16 នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន មាន​តុល្យភាព​នៃ​ការ​វាយប្រហារ​ដោយ​ទ័ព​អាកាស​ជាមួយ​នឹង​រុស្ស៊ី ដែល​យ៉ាង​ហោច​ណាស់ ទ័ព​រុស្ស៊ី អាច​គិត​ពី​ការ​ងាយ​គ្រោះថ្នាក់​ចំពោះ​ទីតាំង​របស់​ខ្លួន ទាំង​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន និង​ខាង​ក្នុង​ទឹកដី​រុស្ស៊ី។

ឧត្ដមសេនីយ៍​ប៉ូឡូញ​បញ្ជាក់​ថា ដើម្បី​ការពារ​លំហ​អាកាស​អ៊ុយក្រែន បាន​រឹងមាំ ហើយ​អាច​ផ្ដល់​ឱកាស​ឱ្យ F-16 ងាយ​វាយប្រហារ​ចូល​ទីតាំង​របស់​កងទ័ព​រុស្ស៊ី គឺ​មូលដ្ឋាន​ទ័ព​សម្រាប់ F-16 ត្រូវតែ​មាន​សុវត្ថិភាព។

តាម​ឧត្តមសេនីយ៍​ប៉ូឡូញ​រូប​នេះ យន្តហោះ F-16 អាច​នឹង​ជួយ​អន្តរាគមន៍​ទ័ព​ជើងគោក​របស់​អ៊ុយក្រែន ដែល​ត្រូវ​វាយបក​ដើម្បី​រុញច្រាន​ទ័ព​រុស្ស៊ី។ មិន​តែប៉ុណ្ណោះ អតីត​ដែនដី​គ្រីមៀរ របស់​អ៊ុយក្រែន ក៏ F-16 អាច​វាយប្រហារ ហើយ​អ៊ុយក្រែន អាច​លើក​ទ័ព​វាយ​រំដោះ​ដែនដី​នេះ​ពី​រុស្ស៊ី មក​វិញ​ផង​ដែរ។

ជាមួយ​គ្នា​នេះ ឧត្តមសេនីយ៍​ចូល​និវត្តន៍​សហរដ្ឋ​អាមេរិក លោក Ben Hodges ក៏​បាន​និយាយ​ថា រុស្ស៊ី នឹង​ព្យាយាម​ដោយ​លំបាក​ក្នុង​វាយប្រហារ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​ពេល​ដែល F-16 ទៅ​ដល់​អ៊ុយក្រែន។

លោក Ben Hodges បាន​ផ្ដល់​យោបល់​ទៅ​អ៊ុយក្រែន វាយប្រហារ​ចូល​ជ្រោយ​ឧបទ្វីប​គ្រីមៀរ ជាមួយ​ការ​ធ្វើ​អន្តរាគមន៍​ដោយ F-16 និង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​សមាជិក​ណាតូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស