31 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ឱកាស​ឱ្យ​សមាគម​អន្តរជាតិ​ចូលរួម​តាមដាន​សវនកម្ម​លើ​អង្គការ​សង់ត្រាល់​ដើម្បី​តម្លាភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឱកាស​ឱ្យ​សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង​សមាគម​ការងារ​យុត្តិធម៌ FLA ចូលរួម​តាមដាន​សវនកម្ម​លើ​អង្គការ​សង់ត្រាល់ ដើម្បី​បញ្ជាក់​ពី​តម្លាភាព និង​លុប​បំបាត់​នូវ​ការ​សង្ស័យ ប្រសិនបើ​សវនកម្ម​នេះ​ត្រូវតែ​ធ្វើ​ដោយ​ចៀស​មិន​រួច។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កក្កដា នេះ​ថា លិខិត​របស់​សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង​សមាគម​ការងារ​យុត្តិធម៌ FLA បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​មិន​ជឿ​លើ​ការ​ចោទប្រកាន់​នានា​ទៅ​លើ​អង្គការ​សង់ត្រាល់​នោះ​ទេ ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ កម្ពុជា​ច្បាស់​ជា​ខាត​ផល​ប្រយោជន៍​កាន់តែ​ច្រើន​បន្ថែម​ទៀត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

លោក សេក សុជាតិ លើកឡើង​ថា មុន​នឹង​ធ្វើការ​បញ្ជា​ទិញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​ពី​កម្ពុជា ក្រុមហ៊ុន​ល្បីៗ​នៅ​បរទេស​ក៏​ពិនិត្យ​មើល​ស្ថានភាព​របស់​កម្ពុជា​លើ​កត្តា​ជាច្រើន​ដែរ ដូចជា បញ្ហា​សិទ្ធិមនុស្ស ជាដើម ខណៈ​របាយការណ៍​សង្គម​ស៊ីវិល​ក៏​ត្រូវ​បាន​ពួកគេ​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​វាស់វែង​ផង​ដែរ។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សម្រុះសម្រួល​លើ​ករណី​នេះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ ព្រោះ​ថា​បើ​បណ្តឹង​របស់​ក្រុម​សហជីព​ដែល​បាន​ធ្វើការ​ប្តឹងផ្តល់​នោះ ធ្វើ​ឡើង​ព្រោះតែ​ជា​ការ​សងសឹក​លើ​អង្គការ​សង់ត្រាល់ នោះ​អ្នក​ដែល​ខាត​ប្រយោជន៍​ធំ គឺ​កម្ពុជា​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៤ សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង​សមាគម​ការងារ​យុត្តិធម៌ FLA បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី​ចម និមល ឱ្យ​លុប​ចោល​នូវ​ការ​ធ្វើ​សវនកម្ម​ជាតិ​លើ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ ជាបន្ទាន់។

សមាគម​អន្តរជាតិ​ទាំង​ពីរ​នេះ​ចាត់ទុក​ការ​ធ្វើ​សវនកម្ម​លើ​អង្គការ​សង់ត្រាល់ គឺជា​ការ​សងសឹក​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ប៉ុណ្ណោះ ព្រោះ​វិធានការ​នេះ​គឺជា​ការ​បំភិតបំភ័យ និង​បៀតបៀន​លើ​សង់ត្រាល់​យ៉ាង​ធ្ងន់ធ្ងរ។

សមាគម​ទាំង​ពីរ​បញ្ជាក់​ថា កម្ពុជា​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ទី​៣ សម្រាប់​ផលិតផល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីផ្សារ​អាមេរិក អឺរ៉ុប និង​កាណាដា និង​ជា​អ្នក​ផ្គត់ផ្គង់​ទី​៤ សម្រាប់​ផលិតផល​ស្បែកជើង រួម​ទាំង​ជា​អ្នក​ផ្គត់ផ្គង់​ទី​៦ សម្រាប់​ផលិតផល​សម្លៀកបំពាក់​ផង​ដែរ។

សមាគម​អន្តរជាតិ​ទាំងនេះ​គូស​បញ្ជាក់​ថា ចំពោះ​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គោរព​សិទ្ធិ​សង្គម​ស៊ីវិល សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សមាគម​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​បញ្ឈប់​នូវ​វិធានការ​ផ្សេងៗ​ក្នុង​បំណង​បំភ័យ​លើ​អង្គការ​សង់ត្រាល់​ជាបន្ទាន់។

បែប​នេះ​ក្តី អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ចាត់ទុក​លិខិត​របស់​សមាគម​អន្តរជាតិ​ទាំង​ពីរ​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​របស់​កម្ពុជា ព្រោះ​ការ​ធ្វើ​សវនកម្ម​ជាតិ​នេះ គឺជា​ការ​ធ្វើ​ឡើង​ស្រប​នឹង​ច្បាប់​ស្ដីពី​សង្គម​ស៊ីវិល និង​ច្បាប់​ស្ដីពី​សវនកម្ម​ជាតិ ដូច្នេះ​សមាគម​ទាំងនេះ​គួរ​ពិនិត្យ​លើ​ច្បាប់​របស់​កម្ពុជា​ឡើងវិញ។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ដោយ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​សវនកម្ម​ជាតិ​លើ​អង្គការ​សង់ត្រាល់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ កក្កដា នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស