29 C
Phnom Penh

ប្រធាន​សហព័ន្ធ​សហជីព​ដែល​ប្ដឹង​អង្គការ​សង់ត្រាល់​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហព័ន្ធ​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​លោក ហង្ស រ៉ាវី ត្រូវ​បាន​រោងចក្រ ខេមបូ វ៉ាយថាលឹធី ហ្គាម៉ិន បញ្ឈប់​ពី​ការងារ ពាក់ព័ន្ធ​នឹង​ការ​រើសអើង​សហជីព បន្ទាប់ពី​ចេញ​មុខ​ប្តឹង​អង្គការ​សង់ត្រាល់​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សហជីព​នៅ​កម្ពុជា។

លោក ហង្ស រ៉ាវី គឺជា​ប្រធាន​សហជីព​ម្នាក់​ដែល​បាន​ចេញ​មុខ​ប្តឹង​អង្គការ​សង់ត្រាល់ ដោយ​ចោទ​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង ជុំវិញ​របាយការណ៍​ដែល​សង់ត្រាល់​ស្រាវជ្រាវ​ពី​ការ​គាប​សង្កត់​សហជីព​កាលពី​ដើម​ខែ​មិថុនា កន្លង​ទៅ។

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បាន​ទម្លាយ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ជុំវិញ​ជម្លោះ​រវាង​តំណាង​រោងចក្រ និង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ដោយ​ភាគី​ខាង​រោងចក្រ​លើក​ហេតុផល​ថា ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​រោងចក្រ។

តំណាង​រោងចក្រ ខេមបូ វ៉ាយថាលឹធី ហ្គាម៉ិន អះអាង​ថា​ការ​បញ្ឈប់​បុគ្គលិក​សហជីព​ដែល​ត្រឹមតែ​បុគ្គលិក​សាកល្បង មិនមែន​ជា​រឿង​ខុស​ច្បាប់​ទេ ព្រោះ​រោងចក្រ​មាន​លុយ​ជួល​ឱ្យ​ពួកគេ​ធ្វើ​ការងារ រោងចក្រ​ក៏​មាន​សិទ្ធិ​បញ្ឈប់​ពួកគេ​ពី​ការងារ​ដូច​គ្នា​ដែរ។

តំណាង​រោងចក្រ​ដដែល​នេះ ជំរុញ​ឱ្យ​កម្មករ​ដែល​ខាង​រោងចក្រ​បាន​បញ្ឈប់ ប្តឹង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើ​ពួកគេ​មិន​សុខចិត្ត ប៉ុន្តែ​បើ​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​បង្ក​បញ្ហា​នៅ​ក្នុង​ក្រុមហ៊ុន ខាង​រោងចក្រ​មាន​សិទ្ធិ​ប្តឹង​ពួកគេ​វិញ​គ្រប់​ពេល។

ក្រោយ​ការ​បង្ហោះ​វីដេអូ​ដែល​ឈ្លោះ​ប្រកែក​គ្នា​នោះ ក៏​មាន​ការ​លើកឡើង​ក្នុង​ប្រអប់​បញ្ចេញមតិ ឬ Comment ខាង​វីដេអូ​នោះ​ជាច្រើន ក្នុង​នោះ​ទំនង​ជា​អ្នក​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​របស់​រោងចក្រ បាន​ចោទប្រកាន់​ប្រធាន​សហជីព លោក ហង្ស រ៉ាវី ថា​បង្កើត​សហជីព​ដើម្បី​គោលបំណង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​រួម​សម្រាប់​កម្មករ។

កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ហង្ស រ៉ាវី បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ដំណើរ​រឿង​ព្រហ្មទណ្ឌ ដែល​បាន​ប្តឹង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ ញុះញង់​ឱ្យ​មាន​ការ​រើសអើង។

កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ អង្គការ​សង់ត្រាល់ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ស្ថានភាព​កម្មករ និង​សហជីព​ក្នុង​វិស័យ​កាត់ដេរ ដោយ​បង្ហាញ​ថា មាន​សហជីព​ចំនួន​១០ បាន​រង​នូវ​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រោយ​ការ​ចេញ​របាយការណ៍​នេះ អង្គការ​សង់ត្រាល់ ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ពី​ក្រុម​សហព័ន្ធ​សហជីព​ដែល​គេ​ដឹង​ថា​មាន​និន្នាការ​ខាង​រដ្ឋាភិបាល ថា​ជា​របាយការណ៍​បំភ្លៃ​ការពិត ជ្រៀតជ្រែក ញុះញង់ បំភិតបំភ័យ បំបែកបំបាក់ លាប​ពណ៌​សហជីព​នៅ​កម្ពុជា។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ហង្ស រ៉ាវី សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នៃ​ការ​បញ្ឈប់​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស