សភាអឺរ៉ុប ដែលបានកោះប្រជុំវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃទី១៧ កក្កដា បានអនុម័តលើសេចក្ដីសម្រេចមួយរបស់ខ្លួន ដោយចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក Viktor Orban នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ដែលបានទៅទីក្រុងមូស្គូ ហើយជួបលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ហើយចាត់ទុកខ្លួនឯងជាបេសកជនសន្តិភាពប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ុយក្រែន The New Voice of Ukraine កាលពីថ្ងៃទី១៨ កក្កដា។
តាមប្រភពព័ត៌មានដដែលនេះ សមាជិកសភាអឺរ៉ុប បានសម្រេចអនុម័តសេចក្ដីសម្រេចរបស់ខ្លួន ហើយចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក Viktor Orban ដោយសំឡេងគាំទ្រ ៤៩៥ ទល់នឹងសំឡេងប្រឆាំង ១៣៧ និងសំឡេងអនុប្បវាទ ៤៧។
សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា ទស្សនកិច្ចថ្មីៗនេះរបស់លោក Orban នៅក្រុងមូស្គូ មិនធ្វើឡើងតាមអាណត្តិរបស់សហភាពអឺរ៉ុប នោះទេ គឺលោក Orban គ្មានបុព្វសិទ្ធិជាបេសកជនពិសេសដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន នោះទេ។ តែផ្ទុយទៅវិញ គឺជាការរំលោភលើច្បាប់ទម្លាប់ សន្ធិសញ្ញា និងគោលនយោបាយការបរទេសសហភាពអឺរ៉ុប។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា លោក Orban ត្រូវទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនដែលតាំងខ្លួនជាបេសកជនសន្តិភាពសម្រាប់អ៊ុយក្រែន ដោយពុំទទួលបានអាណត្តិរបស់សហភាពអឺរ៉ុប។
ក្នុងសេចក្ដីសម្រេចរបស់សភាអឺរ៉ុប នេះ ក៏បានបញ្ជាក់ពីការគាំទ្រឥតងាករេចំពោះការតស៊ូរបស់ប្រជាជនអ៊ុយក្រែន ដែលកំពុងប្រយុទ្ធការពារសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងភាពឯករាជ្យរបស់ខ្លួនដែលមានព្រំដែនជាប់ប្រទេសជិតខាងទាំងអស់ រាប់ទាំងប្រទេសរុស្ស៊ី ដោយចាត់ទុកថាជាព្រំដែនដែលបានទទួលស្គាល់ជាអន្តរជាតិ។
សេចក្ដីថ្លែងការណ៍ដែលថ្កោលទោសលោក Viktor Orban នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ក៏បានថ្កោលទោសប្រទេសរុស្ស៊ី ដែលបានបាញ់គ្រាប់មីស៊ីលវាយប្រហារទៅលើមន្ទីរពេទ្យកុមារដ៏ធំនៅក្រុងគៀវ។
សេចក្ដីសម្រេចរបស់សភាអឺរ៉ុប នេះ ធ្វើឡើងមុនពេលដែលលោក Viktor Orban ប្រកាសថាលោកនឹងធ្វើបទបង្ហាញអំពីទស្សនកិច្ចរបស់លោកទៅជួបប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃទី២ ខែកក្កដា ហើយទៅជួបលោក ពូទីន កាលពីថ្ងៃទី០៥ កក្កដា ព្រមទាំងទៅជួបលោក ស៊ី ជីនពីង កាលពីថ្ងៃទី០៨ កក្កដា។
ដំណើរទស្សនកិច្ចទៅ ៣ប្រទេសនេះ លោក Orban បានហៅខ្លួនឯងជាបេសកជនសន្តិភាពនៃប្រទេសអ៊ុយក្រែន នៅខណៈដែលលោកទើបចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប។
តែមេដឹកនាំអឺរ៉ុបភាគច្រើនបានថ្លែងថា បើទោះជាលោក Orban ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏ដោយ គឺគ្មានសិទ្ធិតែងតាំងខ្លួនឯងដូចនេះទេ បើគ្មានការយល់ព្រមពីមេដឹកនាំសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប មាន ២៧ប្រទេស។ លោក Orban ទទួលបានអាណត្តិប្រធានក្រុមប្រឹក្សាអឺរ៉ុប រយៈពេល ៦ខែ ចាប់ពីថ្ងៃទី០១ កក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
នៅពេលលោកទៅទីក្រុងគៀវ លោកបានជួបនឹងលោក ហ្សេឡេនស្គី។ ក្នុងជំនួបនោះ លោកបង្ខំឱ្យលោក ហ្សេឡេនស្គី ទទួលយកសំណើរបស់លោកបញ្ឈប់សង្គ្រាមជាមួយនឹងរុស្ស៊ី ដែលនៅក្នុងនោះក៏មានការទម្លាយព័ត៌មានថា លោក Orban ប្រាប់ទៅលោក ហ្សេឡេនស្គី ថា គួរតែទម្លាក់អាវុធចុះ ហើយទៅរកតុចរចាឡើងវិញ ប៉ុន្តែលោកមិនបាននិយាយថាលោកនឹងធានាឱ្យមានការដកទ័ពរបស់រុស្ស៊ី ចេញពីទឹកដីរបស់អ៊ុយក្រែន នោះទេ។
ត្រង់ចំណុចនេះហើយដែលលោក ហ្សេឡេនស្គី បានទាត់ចោលសំណើរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រី រូបនេះ។
នៅពេលទៅជួបលោក ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃទី០៥ កក្កដា លោក Orban មិនបានប្រើពាក្យ រុស្ស៊ី គួរបញ្ឈប់សង្គ្រាមវាយប្រហារលើទឹកដីអ៊ុយក្រែន នោះទេ បែរជាលោកទៅទទួលយកលក្ខខណ្ឌពីលោក ពូទីន ត្រឡប់មកវិញ។ ចុងក្រោយ លោកធ្វើដំណើរទៅទីក្រុងប៉េកាំង ហើយជួបលោក ស៊ី ជីនពីង។ លោកបានទទូចឱ្យចិន ដើរតួនាទីម្ដងទៀតដើម្បីសម្របសម្រួលឱ្យមានការចរចាឡើងវិញរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប៉ុន្តែអ្វីដែលសំខាន់គេថា លោក Orban គឺជាអាយ៉ងរបស់លោក ពូទីន ទៅហើយ ព្រោះនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះតែងតែធ្វើសេចក្ដីសម្រេចបោះឆ្នោតជំទាស់មិនឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយក៏មិនឲ្យសហភាពអឺរ៉ុប និងអង្គការ NATO ផ្ដល់អាវុធឲ្យអ៊ុយក្រែន ផងដែរឋានៈហុងគ្រី ជាសមាជិក NATO។
ទោះយ៉ាងណា ការជំទាស់របស់ប្រទេសហុងគ្រី ចុងបញ្ចប់គឺគ្មានតម្លៃអ្វីនោះទេ ព្រោះទាំងសហភាពអឺរ៉ុប និង NATO បានសម្រេចអនុម័តរូបមន្តមិនមានកុងសង់ស៊ីសក្នុងការធ្វើសេចក្ដីសម្រេចអ្វីមួយទៅលើប្រទេសអ៊ុយក្រែន៕