មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាមទារឱ្យអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ ចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈចំពោះការហាមប្រាមយុវជនខ្មែរមិនឱ្យចូលរួមក្នុងកិច្ចការនយោបាយ។
អតីតនាយកខុទ្ទកាល័យរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ កក្កដា នេះថា ប្រទេសជាតិមួយដែលទាត់យុវជនមិនឱ្យចូលរួមក្នុងកិច្ចការនយោបាយ គឺស្មើនឹងសម្លាប់អនាគតជាតិ ហើយក៏ធ្វើឱ្យកម្លាំងការពាររបស់ប្រទេសជាតិនោះចុះខ្សោយដោយឯកឯងដែរ។
លោក មុត ចន្ថា លើកឡើងថា ដើម្បីកសាងប្រទេសជាតិមួយឱ្យរីកចម្រើន គ្មានការកសាងណាសំខាន់ជាងការកសាងយុវជនឱ្យក្លាយជាធនធានមនុស្សពិតប្រាកដសម្រាប់អភិវឌ្ឍប្រទេសជាតិនោះទេ ដូច្នេះការយល់ដឹងរបស់យុវជនទាក់ទងនឹងកិច្ចការនយោបាយ គឺជារឿងសំខាន់បំផុត ជាពិសេសយុវជនក្នុងសង្គមប្រជាធិបតេយ្យក្នុងនាមពួកគេជាម្ចាស់វាសនាលើប្រទេសជាតិរបស់ខ្លួន។
លោក មុត ចន្ថា ចាត់ទុកការហាមឃាត់របស់អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះដែលហាមឃាត់មិនឱ្យយុវជនចូលរួមសកម្មភាពនយោបាយរបស់ប្រទេសជាតិ គឺជាការបណ្ដុះគំនិតបំផ្លាញយុវជនដែលជាសសរទ្រូង និងជាធនធានមនុស្សរបស់ប្រទេសជាតិដល់ឫសគល់។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមប្រធានបទ «ភាពចាំបាច់ និងតម្រូវការការងាររបស់យុវជន» ថា យុវជនត្រូវគិតគូរពីអនាគតខ្លួនឯងឱ្យខ្លាំង ដោយបន្តការសិក្សាឱ្យបានវែងឆ្ងាយតាមលទ្ធភាព ហើយកុំលូកដៃចូលនយោបាយឱ្យសោះ។
បណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា បើខ្វះលទ្ធភាព ត្រូវរកជំនួយពីរដ្ឋាភិបាល ឬពីឃុំ-សង្កាត់ឱ្យខាងតែបាន ព្រោះពេលមានចំណេះដឹងខ្ពស់ មានចំណូលខ្ពស់ មានន័យស្មើនឹងបានជួយសង្គម និងគ្រួសាររួចស្រេចទៅហើយ។
ជុំវិញបញ្ហានេះ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ កក្កដា នេះដែរថា ប្រសិនបើយុវជនមិនខ្វល់ពីកិច្ចការនយោបាយ វាអាចនឹងមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចជាតិរបស់ពួកគេ។
លោក សេក សុជាតិ លើកឡើងថា បើមិនមានការចូលរួមរបស់យុវជន ការទទួលខុសត្រូវជាសាធារណៈ និងការជំរុញអភិវឌ្ឍសង្គមអាចមានការយឺតយ៉ាវ និងគ្មានគុណភាព។ ជាងនេះទៀត សេដ្ឋកិច្ចជាតិក៏អាចប្រឈមមុខនឹងការខ្វះខាតនូវគំនិតច្នៃប្រឌិតដែរ ហើយបញ្ហានេះត្រូវទាមទារឱ្យមានការចូលរួមពីយុវជនយ៉ាងខ្លាំង ដោយសារតែពួកគេជាអ្នកបង្កើតទំនើបកម្ម និងបង្កើនការរីកចម្រើនថ្មីៗ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ នឹងជួយឱ្យមានការសម្រេចចិត្តខាងនយោបាយ ដើម្បីឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវកាន់តែខ្លាំង ដូច្នេះការចូលរួមក្នុងកិច្ចការនយោបាយរបស់យុវជន ទាំងគំនិត និងសកម្មភាព គឺជាធាតុចូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនីតិរដ្ឋ ដើម្បីភាពជឿនលឿនរបស់ប្រទេសជាតិ។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានរកឃើញថា យុវជនខ្មែរជាង ៨០% មិនចាប់អារម្មណ៍លើកិច្ចការនយោបាយទេ ដោយពួកគេយល់ឃើញថាជាប្រធានបទរសើប និងមានហានិភ័យ។
របាយការណ៍ដដែលបញ្ជាក់ថា មានតែយុវជនខ្មែរចំនួន ១៧% ប៉ុណ្ណោះ ដែលចាប់អារម្មណ៍លើកិច្ចការនយោបាយ ដោយឡែកយុវជន ៨២% ទៀតអះអាងថា ពួកគេមានចំណាប់អារម្មណ៍តិចតួច និងអ្នកដែលមិនចាប់អារម្មណ៍សោះតែម្តង៕