29 C
Phnom Penh

តុលាការ​បង្គាប់​ឱ្យ​ប្រធាន​បក្ស​ភ្លើង​ទៀន​បង់​លុយ ១,៥​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​បទ​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បង្គាប់​ឱ្យ​សង​សំណង​ខូចខាត​សរុប​ជា​ទឹកប្រាក់ ១​លាន ៥​សែន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា។

តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​នៅ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ លើ​សំណុំរឿង​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ដោយ​រក​ឃើញ​ថា​លោក វណ្ណុល មាន​កំហុស​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​បញ្ញត្តិ​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ជុំវិញ​ការ​បញ្ចេញមតិ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា កាលពី​ដើម​ឆ្នាំ​២០២៤។

តុលាការ​បង្គាប់​ឱ្យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ សង​សំណង​ជំងឺចិត្ត​ទៅ​កាន់​រាជរដ្ឋាភិបាល​ចំនួន​ទឹកប្រាក់​សរុប ៦​ពាន់​លាន​រៀល (៦ ០០០ ០០០ ០០០​លាន​រៀល) ប្រហាក់ប្រហែល ១​លាន ៥​សែន​ដុល្លា​អាមេរិក និង​ពិន័យ​ជា​ប្រាក់​សរុប ១០​លាន​រៀល (១០ ០០០ ០០០​លាន​រៀល) ដែល​ស្មើ​នឹង ២៥០០​ដុល្លា​អាមេរិក​ផង​ដែរ។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សារព័ត៌មាន​ជប៉ុន ឈ្មោះ Nikkei Asia បាន​ចុះផ្សាយ​សម្ដី​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​មក ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ​កាន់តែ​អាក្រក់​ទៅៗ។

លោក ទាវ វណ្ណុល បញ្ជាក់​ថា លោក​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​លោក និង​សមាជិក​គណបក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត​យ៉ាង​ខ្លាំង បន្ទាប់ពី​រូបលោក និង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​នេះ​ផ្សេង​ទៀត​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​កាមេរ៉ា ២៤​ម៉ោង ដែល​គេ​ប្រើ​ដើម្បី​តាមដាន​សកម្មភាព​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន។

ក្រោយ​ការ​លើកឡើង​របស់​លោក ទាវ វណ្ណុល នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដឹង​លោក ទាវ វណ្ណុល ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រមុខ​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ៦​ពាន់​លាន​រៀល ឬ​ប្រហែល ១​លាន ៥​សែន​ដុល្លារ​អាមេរិក។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្តឹងផ្តល់​លើ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន គឺជា​រឿង​នយោបាយ​ដែល​រៀបចំ​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន បាន​រង​នូវ​ការ​វាយប្រហារ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​រង​នូវ​បណ្តឹង​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។ ជាក់ស្តែង អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌ និង​បាន​ឃុំ​ខ្លួន​ចាប់តាំងពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ មក​ម្ល៉េះ។

ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ទៀត គឺ​លោក សុន ឆ័យ ក៏​ត្រូវ​រង​នូវ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ ដែរ ដែល​បង្គាប់​ឱ្យ​លោក​សង​ជំងឺចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១​លាន​ដុល្លារ​អាមេរិក ខណៈ​អចលនទ្រព្យ​មួយ​ចំនួន​របស់​លោក ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​រក្សា​ការពារ​ថែម​ទៀត។ លើស​ពី​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ក៏​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​ទាមទារ​ជំងឺចិត្ត ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ ខណៈ​លោក ហ៊ុន សែន ក៏​ព្រមាន​រឹបអូស​ដី និង​ផ្ទះ​របស់​លោក​ដែល​កំពុង​រស់នៅ​ទៀត។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គណបក្ស​ភ្លើង​ទៀន ក៏​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បដិសេធ​មិន​ឱ្យ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថែម​ទៀត​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រោម​ហេតុផល​ថា គណបក្ស​នេះ​មិន​មាន​លិខិត​បញ្ជាក់​នីត្យានុកូលកម្ម ឬ​សំបុត្រ​កំណើត។

ដោយសារតែ​បញ្ហា​នេះ ទាំង​មន្ត្រី ទាំង​សមាជិក ទាំង​សកម្មជន និង​គណបក្ស​ភ្លើង​ទៀន​ផ្ទាល់ ត្រូវ​ផ្អាក​សកម្មភាព​នយោបាយ​ទាំងស្រុង​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស