29 C
Phnom Penh

ក្រុម​អង្គការ​ក្រៅ​ស្រុក​ចេញ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​អង្គការ​យូណេស្កូ (UNESCO) បញ្ឈប់​ការ​គប់គិត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ពលរដ្ឋ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​បន្ត​ទៀត។

អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) រួម​ជាមួយ​សហព័ន្ធ​ខ្មែរ​ចំណាកស្រុក ព្រមទាំង​ក្រុមប្រឹក្សា «២៣ តុលា ១៩៩១» នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កក្កដា នេះ បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ក្រោម​ពាក្យស្លោក​ថា «សង្គ្រោះ​អង្គរ ឬ Save Angkor» ដោយ​ជំរុញ​ឱ្យ​អង្គការ​យូណេស្កូ​ចេញ​មុខ​ទាមទារ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ផ្តល់​លំនៅឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ឲ្យ​ត្រឡប់​មក​ភូមិ​កំណើត​របស់​ពួកគេ​វិញ ហើយ​ត្រូវ​ផ្តល់​សំណង​សមរម្យ​ដល់​ជនរងគ្រោះ​ទាំងអស់​នោះ​ថែម​ទៀត។

អង្គការ​សង្គ្រោះ​កម្ពុជា ជំរុញ​ឱ្យ​អង្គការ​យូណេស្កូ រួម​ទាំង​របប​ក្រុង​ភ្នំពេញ ត្រូវ​គោរព​កិច្ចព្រមព្រៀង​បេតិកភណ្ឌ​អង្គរ​ដែល​ខ្លួន​បង្កើត​ឡើង​រួម​គ្នា​នា​ពេល​កន្លង​មក។

ក្រុម​អង្គការ​ដដែល​នេះ​បញ្ជាក់​ថា ក្រៅពី​តំបន់​អង្គរ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​រំលោភ​យក​ដីធ្លី​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ធានា​ការ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

ប្រភព​ដដែល​បន្ទោស​ថា អង្គការ​យូណេស្កូ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ ប៉ុន្តែ​អង្គការ​មួយ​នេះ​បែរ​ជា​សមគំនិត​ជាមួយ​របប​ក្រុង​ភ្នំពេញ​ក្នុង​ការ​បណ្តេញ​ពលរដ្ឋ​ដែល​មាន​កំណើត​កើត​ជា​ក្នុង​តំបន់​នេះ ឱ្យ​ទៅ​រស់នៅ​ទាំង​អនាថា​នៅ​កន្លែង​ផ្សេង​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ទៅ​វិញ។

អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) រួម​ជាមួយ​សហព័ន្ធ​ខ្មែរ​ចំណាកស្រុក ព្រមទាំង​ក្រុមប្រឹក្សា «២៣ តុលា ១៩៩១» នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​អង្គការ​យូណេស្កូ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Denfert-Rochereau 875014 Paris) នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤។

ក្រុម​អ្នក​ចូលរួម​បាតុកម្ម នាំគ្នា​កាន់​បដា​ដែល​មាន​សរសេរ​ពាក្យ​ផ្សេងៗ ដូចជា៖

  • ផ្ដល់​លំនៅឋាន​ដល់​ពលរដ្ឋ​វិញ
  • បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ក្នុង​តំបន់​អង្គរ
  • ប្រាសាទ​អង្គរ និង​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​កំណើត​ដើម គឺជា​បេតិកភណ្ឌ​ជាតិ
  • គ្មាន​ភូមិ​កំណើត​ដើម គឺ​គ្មាន​បេតិកភណ្ឌ និង​គ្មាន​អាជ្ញាធរ​អប្សរា
  • អង្គការ​យូណេស្កូ ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន
  • រួម​ទាំង​ពាក្យ​ថា ភូមិ​កំណើត​ដើម​ក្នុង​តំបន់​អង្គរ ត្រូវតែ​ថែរក្សា​ការពារ​ឲ្យ​បាន​ផង​ដែរ។

អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) បញ្ជាក់​ថា អង្គរ​គឺជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​តស៊ូ​មតិ​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​នៅ​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ចង់​ចាកចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ឡើយ។

ជុំវិញ​បញ្ហា​នេះ នាយក​អង្គការ​សង្គ្រោះ​កម្ពុជា កញ្ញា ស៊ិន ថាវី បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ឯកសារ​កុហក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ជុំវិញ​ការ​បណ្តេញ​ពលរដ្ឋ​ដោយ​បង្ខំ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញពី​លំនៅឋាន​ប្រមាណ​ជា ៣០០​ទំព័រ មុន​នឹង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​នេះ​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា នៅ​ចុង​ខែ​កក្កដា នេះ។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ចេញពី​លំនៅឋាន​ដោយ​បង្ខំ ក្នុង​នោះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន គំរាម​ថា បើ​ពលរដ្ឋ​ទាំងនោះ​មិន​ចាកចេញ​តាម​ផែនការ​របស់​រដ្ឋាភិបាល​ទេ ពួកគេ​នឹង​មិន​ទទួល​បាន​សំណង​អ្វី​ទាំងអស់។

យ៉ាងណាក៏ដោយ បន្ទាប់ពី​ពលរដ្ឋ​ទាំងនោះ​ចាកចេញ​ពី​លំនៅឋាន​តាម​ការ​បង្ខំ​របស់​រដ្ឋាភិបាល សំណង​ដែល​ពួកគេ​ទទួល​បាន គឺ​មាន​តែ​ស័ង្កសី ១០​សន្លឹក មី ១​កេស ត្រីខ ១​យួរ នំបុ័ង​ម្នាក់ ១​ដើម បណ្ណ​ក្រីក្រ ដី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ​ក្នុង ១​គ្រួសារ រួម​ទាំង​ថវិកា​បន្តិចបន្តួច​ប៉ុណ្ណោះ។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​ថា ពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី មាន​ចំនួន​ប្រមាណ​ជា ១​ម៉ឺន​គ្រួសារ ខណៈ​របាយការណ៍​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​មាន​ត្រឹម​តែ​ជាង ៤​ពាន់​គ្រួសារ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស