អគ្គស្នងការនគរបាលជាតិ លោក ស ថេត ចោទថាសកម្មភាពតវ៉ាទាមទាររបស់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងបញ្ហាអយុត្តិធម៌សង្គម និងបាតុភាពផ្សេងៗសព្វថ្ងៃនេះ ដោយសារតែក្រុមប្រឆាំងក្រុមជ្រុលនិយមញុះញង់ប៉ុណ្ណោះ។
លោក ស ថេត លើកឡើងក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មីនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះថា ក្រុមប្រឆាំងនៅតែចិញ្ចឹមចិត្តដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៌ និងញុះញង់ពលរដ្ឋគ្រប់រូបភាពឱ្យប្រឆាំងនឹងរដ្ឋាភិបាល។
ប្រភពខាងលើបញ្ជាឲ្យកម្លាំងនគរបាលជាតិ យកចិត្តទុកដាក់តាមដានក្រុមប្រឆាំងគ្រប់ពេល និងមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមប្រឆាំងបង្កចលាចលដាច់ខាត ប៉ុន្តែបើមានបាតុភាពណាមួយកើតឡើង ត្រូវតែចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ទង្វើញុះញង់របស់ពួកគេឱ្យខាងតែបាន។
អគ្គស្នងការនគរបាលជាតិរូបនេះបញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជាមិនមានសន្តិសុខសណ្ដាប់ធ្នាប់ទេនោះ ក៏មិនមានអ្នកវិនិយោគណាមករកស៊ីបណ្ដាក់ទុនដែរ ដូច្នេះកម្លាំងនគរបាលជាតិទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការអនុវត្តការងារឲ្យបានច្បាស់លាស់ ទាំងខាងក្រៅ និងខាងក្នុងគ្រប់ពេលវេលា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ កក្កដា នេះថា បទបញ្ជារបស់លោក ស ថេត បង្ហាញចេតនាបំបិទការតវ៉ាពីការរំលោភបំពានដីធ្លី និងភាពអយុត្តិធម៌របស់ពលរដ្ឋរងគ្រោះផង និងដើម្បីកម្ចាត់ក្រុមអ្នកនយោបាយប្រឆាំងនឹងការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលសព្វថ្ងៃនេះផង។
លោក ម៉ែន ណាត លើកឡើងថា ការព្រមានរបស់លោក ស ថេត បែបនេះ គឺជាការលាបពណ៌ថាទោះប្រជាពលរដ្ឋរងនូវការរំលោភដីធ្លី និងរងពីភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការពីអ្នកមានអំណាចបែបណាក៏ដោយ ឱ្យតែមានក្រុមអ្នកនយោបាយណាមួយទៅជួយតវ៉ាទាមទារយុត្តិធម៌ឱ្យពួកគេ គឺសុទ្ធតែជាក្រុមជ្រុលនិយម អុជអាល ញុះញង់ពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលទាំងអស់។
លោក ម៉ែន ណាត បញ្ជាក់ថា បើរដ្ឋាភិបាលគិតគូរពីសុខទុក្ខរបស់ពលរដ្ឋពិតប្រាកដ គួរតែអបអរសាទរចំពោះអ្នកនយោបាយដែលបានជួយតវ៉ាទាមទារយុត្តិធម៌ឱ្យពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ឬការគំរាមកំហែងក្នុងប្រព័ន្ធយុត្តិធម៌របស់ខ្លួន មិនគួរតាមកម្ចាត់អ្នកដែលជួយពលរដ្ឋរងគ្រោះបែបនេះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា ទង្វើរបស់លោក ស ថេត បែបនេះគឺបង្ហាញពីបំណងបើកដៃឱ្យមានអំពើជិះជាន់ពីការរំលោភដីធ្លី និងភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការកម្ពុជាកាន់តែខ្លាំងបន្ថែមទៀត ស្របពេលដែលអំពើទាំងនេះកំពុងរីករាលដាលពេញសង្គមខ្មែរទៅហើយនោះ។
ជុំវិញបញ្ហានេះ អង្គការ Freedom House បានចេញរបាយការណ៍វាយតម្លៃលើសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋកាលពីពេលថ្មីៗនេះ ដោយដាក់ចំណងជើងថា «សេរីភាពក្នុងពិភពលោកឆ្នាំ២០២៤» ក្នុងនោះ ប្រទេសកម្ពុជាជាប់ជាប្រទេសមិនសេរី ឬ Not Free ដែលគេរកឃើញថាមានការគាបសង្កត់លើក្រុមអ្នកនយោបាយជំទាស់ និងមានការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម៕