នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត លើកឡើងថា បើខ្មែរបាត់បង់សាមគ្គីភាព បាត់បង់ឯកភាពជាតិ មានជម្លោះ និងបែកបាក់ផ្ទៃក្នុងជាតិដោយខ្វះស្មារតីជាតិនិយម មិនតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ខ្មែរនឹងរងគ្រោះវិនាសអន្តរាយ។
លោក ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះថា បើខ្មែរមានសាមគ្គីភាពជាធ្លុងមួយ និងមានការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយម និងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិ នោះខ្មែរនឹងរឹងមាំរីកចម្រើនរុងរឿងថ្កើងថ្កាន។
លោកថា ជម្លោះ និងការបែកបាក់ផ្ទៃក្នុង បានធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក ដែលសូម្បីតែឈ្មោះប្រទេសក៏ស្ទើរតែរបូតចេញពីផែនទីពិភពលោកដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ខ្មែរត្រូវតែចេះសាមគ្គីគ្នាជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយម និងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិ ទើបអាចជួយឱ្យទឹកដីនេះកាន់តែរឹងមាំ និងរីកចម្រើនរុងរឿងបាន។
លោកបន្តថា ទម្រាំប្រទេសកម្ពុជាកសាងបានរីកចម្រើនដូចពេលនេះ មានឈាម និងទឹកភ្នែករបស់ពលរដ្ឋខ្មែររាប់មិនអស់ដែលបានស្រក់នៅលើទឹកដីដ៏កម្សត់មួយនេះដោយសារសង្គ្រាម។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា ទម្រាំអាចរំដោះខ្លួនចេញពីរណ្ដៅមច្ចុរាជនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងទម្រាំអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងទម្រាំស្វែងរកបាននូវសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ទឹកដីដ៏ផូរផង់នេះត្រូវបានបំផ្លាញខ្ទេចខ្ទី ដូច្នេះការឈឺចាប់របស់ខ្មែរវាហួសពីគ្រប់គ្រាន់ណាស់ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ សីហា នេះថា លោកឯកភាពនឹងការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែការលើកឡើងរបស់គាត់ ហាក់បង្ហាញថាគាត់មិនយល់ពីខ្លឹមសារច្បាប់ជាតិ ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះទេ។
លោក ម៉ែន ណាត អះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ មានបំណងជាចម្បងក្នុងការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដូចជា បោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានពហុបក្សចូលរួម ជាដើម។
លោកបន្តថា បើគណបក្សប្រជាជនកម្ពុជាធានានូវការអនុវត្តនានាដែលមានចែងក្នុងច្បាប់ទាំងនេះ នោះកម្ពុជាច្បាស់ជាស្វែងរកការបង្រួបបង្រួមជាតិបានជាមិនខាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះអះអាងថា បើលោក ហ៊ុន ម៉ាណែត ពិតជាមានបំណងឱ្យខ្មែរចេះរួបរួមសាមគ្គីមែន មានតែខ្លួនគាត់ផ្ទាល់ និងលោក ហ៊ុន សែន ប៉ុណ្ណោះ ដែលជាអ្នកចាប់ផ្តើម ខណៈមន្ត្រីបក្សប្រឆាំងក៏កំពុងរង់ចាំខាងបក្សកាន់អំណាចបើកផ្លូវឱ្យមានការចរចាដើម្បីការផ្សះផ្សាជាតិដែរ។
លោក ម៉ែន ណាត បញ្ជាក់ថា លោកមិនមានជំនឿថាលោក ហ៊ុន ម៉ាណែត មានបំណងផ្សះផ្សាជាតិដោយពិតប្រាកដនោះទេ ប៉ុន្តែការលើកឡើងរបស់គាត់គ្រាន់តែជាការធ្វើប្រជាភិថុតិប្រជាពលរដ្ឋ ដើម្បីទម្លាក់កំហុសទៅលើក្រុមប្រឆាំងប៉ុណ្ណោះ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ស្ពឺ លោក សួន សុរីដា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៥ សីហា នេះថា ក្នុងនាមលោកជាអ្នកនយោបាយរបស់គណបក្សក្រៅរដ្ឋាភិបាល ក៏យល់ស្របនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែរ ព្រោះមានតែការមិនទុកចិត្តគ្នា និងការសង្ស័យគ្នាទៅវិញទៅមកប៉ុណ្ណោះដែលនាំឱ្យខ្មែរបែកបាក់សាមគ្គី។
លោក សួន សុរីដា បញ្ជាក់ថា ដើម្បីឱ្យមានការបង្រួបបង្រួមជាតិលេចចេញជារូបរាង លោកសង្ឃឹមថាលោក ហ៊ុន ម៉ាណែត គាត់នឹងដោះស្រាយវិបត្តិនយោបាយតាមរយៈការដោះលែងអ្នកទោសនយោបាយ ជាពិសេសលោក កឹម សុខា និងសកម្មជនបរិស្ថាន ជាដើម ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ដើម្បីនាំមកនូវការផ្សះផ្សាជាតិ និងឯកភាពជាតិខ្មែរទាំងមូល៕