30 C
Phnom Penh

ពលការិនី​ខ្មែរ​ជាង​១០០​នាក់​ដែល​រង​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ត្រឡប់​មក​ដល់​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលការិនី​ខ្មែរ​សរុប​ចំនួន ១០៤​នាក់​ដែល​បាន​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​នៅ​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ក្រសួង​ការបរទេស ទូត​ខ្មែរ​ប្រចាំ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ស្ថាប័ន​ពាក់ព័ន្ធ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ពលការិនី​ខ្មែរ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត សរុប​ចំនួន ១០៤​នាក់​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃទី​៦ សីហា នេះ។ ពលការិនី​ទាំង​ជាង ១០០​នាក់​នេះ បាន​ស្នើសុំ​អន្តរាគមន៍​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​អះអាង​ថា ពួកគេ​បាន​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត។

អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​ការងារ កំពុង​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់​លើ​បញ្ហា​នេះ និង​ពិនិត្យ​មើល​ដែរ​ថា​ពលការិនី​ខ្មែរ​ទាំងនោះ​ពិត​ជា​បាន​រង​ការ​រំលោភ​បំពាន ឬ​ក៏​យ៉ាងណា។

ប្រភព​ដដែល​អះអាង​ថា ក្រសួង​ការងារ កំពុង​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​បញ្ជូន និង​ទទួល​ពលករ​ពី​កម្ពុជា​ទៅ​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​រំលោភ​បំពាន​លក្ខខណ្ឌ​ការងារ និង​នីតិវិធី​ច្បាប់។ លោក​ថា ប្រសិនបើ​រក​ឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​មែន ក្រសួង​ការងារ​នឹង​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នោះ​ចោល ជាមួយ​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់។

យោង​តាម​សេចក្តី​រាយការណ៍​ពី​ក្រសួង​ការងារ គិត​ត្រឹម​ថ្ងៃទី​៦ សីហា នេះ ក្រសួង​ការងារ ក្រសួង​ការបរទេស ទូត​ខ្មែរ​ប្រចាំ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើ​អន្តរាគមន៍​បញ្ជូន​ពលការិនី​ខ្មែរ​វិល​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​សរុប​ចំនួន ១០៤​នាក់ ខណៈ​ពលការិនី ៣​នាក់​ទៀត​កំពុង​រង់ចាំ​ចាកចេញ​មក​ប្រទេស​កម្ពុជា។

សេចក្តី​រាយការណ៍​ដដែល​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​ពលការិនី​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត សរុប​ចំនួន ១៣៤​នាក់។ ក្នុង​ចំណោម​នោះ គឺ​មាន​ពលការិនី​តែ ២៧​នាក់​ដែល​សម្រេច​បន្ត​ធ្វើការ​នៅ​ទីនោះ។

កិច្ច​អន្តរាគមន៍​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ពលការិនី​ខ្មែរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត មួយ​ក្រុម បាន​ស្រែក​រក​ជំនួយ​អន្តរាគមន៍​តាម​បណ្ដាញ​សង្គម​កាលពី​អំឡុង​ខែ​មេសា កន្លង​ទៅ ដោយ​អះអាង​ថា ពួកគេ​បាន​រង​នូវ​ការ​បង្ខាំង​ធ្វើបាប និង​បង្អត់​អាហារ​ពី​ថៅកែ។

ប្រភព​ដដែល​អះអាង​ថា មុន​ដាក់​ពាក្យ​មក​ធ្វើការ ក្រុមហ៊ុន​បញ្ជូន​ពួកគេ​មក​ធ្វើការ​បាន​ធានា​ថា​ពួកគេ​នឹង​ទទួល​ប្រាក់ខែ ៤០០​ដុល្លារ និង​ធ្វើការ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក៏ប៉ុន្តែ​តាម​ពិត ពួកគេ​ត្រូវ​ធ្វើការ​ច្រើន​លើស​ម៉ោង​ដែល​កំណត់។ អ្នក​ខ្លះ​ធ្វើ ១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​អ្នក​ខ្លះ​ធ្វើការ​រហូត​ដល់​ទៅ ២២​ម៉ោង។ មាន​សាសនិក​អ៊ីស្លាម ខ្លះ​ឆ្ងល់​ថា ហេតុ​អ្វី​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ប្រទេស​ប្រកាន់​វិន័យ​ជំនឿ​អ៊ីស្លាម​យ៉ាង​តឹងតែង​ខាង​ប្រើ​កម្លាំង​ពលកម្ម​អ្នក​ដទៃ​ឲ្យ​ប្រកប​ដោយ​សីលធម៌ យុត្តិធម៌ និង​សមធម៌ មាន​មនុស្ស​ប្រព្រឹត្ត​បែប​នោះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស