27.4 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឧបត្ថម្ភ​ប្រាក់ និង​បង្រៀន​ជំនាញ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃឡង់ដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ប្រទេស​កម្ពុជា នឹង​ឧបត្ថម្ភ​សាច់ប្រាក់ ព្រមទាំង​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ដែល​មាន​បណ្ណ​សមធម៌ និង​បណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ។

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម លោក ចន ណារិទ្ធ ថ្លែង​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ពលករ​ដែល​សម្រុក​មក​ពី​ថៃ នា​ពេល​ថ្មីៗ​នេះ អាច​ទៅ​ចុះឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បើ​ពួកគេ​មាន​បណ្ណ​សមធម៌ និង​បណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ។

លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ឱ្យ​ពលករ​ខ្មែរ​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​ឡើយ ហើយ​បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន ជាពិសេស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ។

លោក​ថា តាមរយៈ​សហរដ្ឋ​អាម៉េរិក បាន​សម្រេច​ទម្លាក់​អត្រាពន្ធ​បដិការ​លើ​កម្ពុជា មក​ត្រឹម ១៩​ភាគរយ ប្រទេស​កម្ពុជា នឹង​អាច​ស្រូប​យក​វិនិយោគិន​ច្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត ដែល​នឹង​អាច​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ ប៉ុន្តែ​លោក​ថា​អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​ពួកគាត់ គឺ​ទាក់ទង​នឹង​បណ្ណ​ក្រីក្រ ពីព្រោះ​ពលករ​ភាគច្រើន​បាន​ចាកចេញ​ពី​ស្រុកកំណើត​ច្រើន​ឆ្នាំ ពួកគាត់​អាច​នឹង​មិន​មាន​បណ្ណ​ក្រីក្រ។

លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរ​រក​វិធីសាស្ត្រ​ណា​អាច​ឱ្យ​អ្នក​ដែល​គ្មាន​បណ្ណ​ក្រីក្រ អាច​ចូល​រៀន​ដើម្បី​យក​ជំនាញ​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ​បាន ប្រសើរ​ជាជាង​ឲ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក​ម្តង​ទៀត​នៅ​ពេល​ដែល​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ។

កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ (TVET) ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ពលរដ្ឋ​អាច​ចូល​សិក្សា​ជំនាញ​ទាំងនោះ​ដោយ​មិន​បង់​ថ្លៃ រួម​ទាំង​បាន​ប្រាក់ឧបត្ថម្ភ ២៨​ម៉ឺន​រៀល​ក្នុង ១​ខែ​ទៀត​ផង។

សេចក្តី​រាយការណ៍​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប៉ាន់ស្មាន​ក្នុង​រយៈពេល ៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ពលករ​ខ្មែរ​បាន​សម្រុក​ពី​ថៃ ចូល​ក្នុង​ប្រទេស​វិញ​ប្រមាណ​ជិត ៤០​ម៉ឺន​នាក់។ ប្រភព​ខ្លះ​ថា​ប្រមាណ ៥​សែន​នាក់។ ក្រសួង​ការងារ បាន​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ​ជា ១​លាន ២​សែន​នាក់។ ពួកគេ​នៅ​ទីនោះ​ភាគច្រើន កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​កសិកម្ម សំណង់ នេសាទ និង​ជា​កម្មករ​រោងចក្រ ជាដើម។

កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ អាជ្ញាធរ​ថៃ បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ខ្មែរ​ចំនួន ១៦​នាក់ ដែល​បាន​ព្យាយាម​វិល​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ វិញ តាម​ច្រក​ភូមិ​បានដងងូ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដោយ​ឲ្យ​ប្រាក់​ភ្នាក់ងារ​យាម​ល្បាត ៦​ពាន់​បាត បន្ទាប់ពី​រក​ការងារ​ធ្វើ​មិន​បាន ហើយ​ថា​មាន​កូន​រៀន​នៅ​សាលារៀន​ថៃ ត្រូវ​ប្រឡង​ឡើង​ថ្នាក់។ ក្រុម​ទាំង ១៦​នាក់​ធ្លាប់​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃឡង់ដ៍ ប៉ុន្តែ​វិល​ចូល​មាតុភូមិ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែ​កក្កដា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស