គេសង្កេតឃើញក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដំណើរការរៀបចំការបោះឆ្នោតដែលស្ថិតនៅក្រោមការដឹកនាំអំណាចនៃប្រព័ន្ធផ្ដាច់ការនៅបណ្ដាប្រទេសជាច្រើន គឺបេក្ខជនបក្សប្រឆាំង ឬបក្សប្រឆាំងដែលមានថាមពលខ្លាំងជាងបក្សកាន់អំណាច គ្មានឱកាសកាន់អំណាចបានឡើយ។
ប្រទេសផ្ដាច់ការធំៗជាច្រើន មានដូចជានៅប្រទេសរុស្ស៊ី ប្រទេសបេឡារ៉ុស ប្រទេសកម្ពុជា ប្រទេសវេណេហ្ស៊ុយអេឡា ប្រទេសមួយចំនួននៅអាហ្វ្រិក បើទោះជាគូប្រជែងរបស់បក្សប្រឆាំងមានថាមពល មានការគាំទ្រធំធេងយ៉ាងណា ក៏មិនអាចយកអំណាចបានឡើយ។
គេថា ជាក់ស្ដែងប្រទេសវេណេហ្ស៊ុយអេឡា កាលពីពេលថ្មីៗនេះបានបោះឆ្នោតប្រធានាធិបតី បើទោះជាប្រជាជនលែងគាំទ្រទៅហើយ ក៏ជនផ្ដាច់ការ នីកូឡាស ម៉ាឌូរ៉ូ នៅតែឈ្នះឆ្នោត។ ជ័យជម្នះរបស់លោក ម៉ាឌូរ៉ូ គឺជាការប្រឌិតលទ្ធផលបោះឆ្នោតសុទ្ធសាធ ព្រោះស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ គឺជាឧបករណ៍នយោបាយរបស់លោក ម៉ាឌូរ៉ូ។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ កក្កដា លោក ម៉ាឌូរ៉ូ បានប្រកាសខ្លួនឯងជាអ្នកឈ្នះឆ្នោត គឺប្រកាសមុនស្ថាប័នជាតិរៀបចំការបោះឆ្នោតប្រកាសផ្សព្វផ្សាយលទ្ធផលបោះឆ្នោតជាសាធារណៈ ដែលធ្វើឱ្យបក្សប្រឆាំងទាត់ចោលភ្លាមៗលទ្ធផលបោះឆ្នោត ហើយការពិត លោក ម៉ាឌូរ៉ូ ចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរ គឺចាញ់គូប្រជែងរបស់គាត់ពីខាងបក្សប្រឆាំង។ លោក ម៉ាឌូរ៉ូ នៅសល់ការគាំទ្រតែ ៣០ភាគរយប៉ុណ្ណោះពីប្រជាជនវេណេហ្ស៊ុយអេឡា ហើយបេក្ខជនបក្សប្រឆាំងលោក Edmundo González Urrutia មានការគាំទ្រដល់ទៅជាង ៧០ភាគរយ។ នេះបើតាមអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យ។
ក្រោយពីលោក ម៉ាឌូរ៉ូ ប្រកាសខ្លួនឯងថាជាអ្នកឈ្នះឆ្នោត គេសង្កេតឃើញស្ថាប័នជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសតាមក្រោយ ដែលប្រកាសថា លោក ម៉ាឌូរ៉ូ បានសន្លឹកឆ្នោតជាង ៥១ភាគរយ និងលោក González Urrutia បានជាង ៤៤ភាគរយ។
តែការពិត គឺខុសស្រឡះពីលទ្ធផលជាក់ស្ដែងដែលអ្នកបោះឆ្នោត និងអ្នកសង្កេតការណ៍បានកត់ត្រាទុកពីការប្រមូលទិន្នន័យតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។
តែពេលនេះ ប្រទេសវេណេហ្ស៊ុយអេឡា កំពុងធ្វើបាតុកម្មភ្លូកទឹកភ្លូកដីដេញលោក ម៉ាឌូរ៉ូ ពីអំណាច ដែលជនកុម្មុយនីស្តរូបនេះបានឡើងកាន់តំណែងពីអាជីពជាអ្នករត់តាក់ស៊ីនៅឆ្នាំ២០១៣ ដោយសារជនកុម្មុយនីស្ត ហុងហ្គូ ឆាវេស ទទួលមរណភាពនៅឆ្នាំពី២០១៣។
ក្រោមអំណាចផ្ដាច់ការ ប្រជាជនជាង ៧លាន ៥សែននាក់ បានរត់ចោលប្រទេស ដោយសារពួកគេលែងទ្រាំបានការរស់នៅក្រោមការគាបសង្កត់បិទសេរីភាព រំលោភសិទ្ធិមនុស្ស ពុករលួយ សង្គមពោរពេញដោយអំពើអយុត្តិធម៌ ខណៈសេដ្ឋកិច្ចប្រទេសនេះធ្លាក់ក្នុងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ព្រោះតែលោក ម៉ាឌូរ៉ូ ឈ្នះឆ្នោត ២អាណត្តិកន្លងមក គឺជាការឈ្នះឆ្នោតក្លែងក្លាយ និងចាប់ក្រុមប្រឆាំងដាក់គុករាប់រយនាក់។
ចំណែកប្រទេសរុស្ស៊ី ប្រទេសបេឡារ៉ុស ប្រទេសកម្ពុជា ប្រទេសមួយចំនួននៅអាហ្វ្រិក ដំណើរការបោះឆ្នោត និងស្ថានភាពបក្សប្រឆាំងក៏មានភាពស្រដៀងនឹងប្រទេសវេណេហ្ស៊ុយអេឡា ផងដែរ។ ក្រុមប្រឆាំងគ្មានឱកាសឡើងកាន់អំណាចបានឡើយ។
តែនៅពេលនេះ ពិភពលោកចាត់ទុកថាការតស៊ូត្រឹមតែការតស៊ូដោយបញ្ចេញមតិ ហើយគ្មានកម្រើកចលនាបះបោរ គឺមិនអាចទៅរួចឡើយ។ ការផ្ដួលមេដឹកនាំផ្ដាច់ការនៅបង់ក្លាដេស កាលពីថ្ងៃទី៥ សីហា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃពិភពលោក ដែលបានបិទបញ្ចប់អំណាចផ្ដាច់ការរបស់ស្ត្រីជើងខ្លាំងម្នាក់ជានាយករដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ គឺអ្នកស្រី សេក ហាស៊ីណា។
បើគ្មានសកម្មភាពបះបោរពីប្រជាជន គឺប្រទេសបង់ក្លាដេស នៅតែបន្តដឹកនាំដោយស្ត្រីអាយុ ៧៦ឆ្នាំអស់មួយជីវិតរបស់គាត់ ហើយចង់មិនចង់ មេដឹកនាំផ្ដាច់ការរូបនេះអាចរកមធ្យោបាយផ្ទេរអំណាចទៅឱ្យកូនប្រុសកូនស្រីរបស់គាត់ឡើងជំនួសក៏ថាបាន ព្រោះមន្ត្រីក្នុងបក្សសម្ព័ន្ធអាវ៉ាមី របស់គាត់ បានចងសម្ព័ន្ធភាពអំណាច សម្ព័ន្ធភាពគ្រួសារ បក្ខពួកអស់ទៅហើយ។ ការបះបោររបស់ចលនានិស្សិត និងប្រជាជនក្រីក្រនៃប្រទេសបង់ក្លាដេស ប្រើពេលវេលារហូតជាងមួយខែទើបផ្ដួលអ្នកស្រី សេក ហាស៊ីណា បាន គឺដោយសារកម្លាំងស្រុះគ្នាសាមគ្គីភាពដ៏រឹងមាំ រហូតកងទ័ពរត់មកនៅខាងបាតុករ។ ស្ថានភាពនេះកំពុងក្លាយជាគំរូដល់ប្រទេសជាច្រើនរស់នៅក្រោមបន្ទាត់នយោបាយបែងចែកពណ៌វណ្ណៈសង្គម ដែលត្រូវធ្វើការផ្ទៀងផ្ទាត់ឡើងវិញអំពីចលនារបស់ពួកគេត្រូវរួមគ្នាបញ្ចប់របបផ្ដាច់ការ។
គេថា អំណាចផ្ដាច់ការអាចបន្តរស់បាន វាអាស្រ័យលើប្រជាជន បើមិនពង្រឹងកម្លាំងរឹងមាំ មិនមានការសាមគ្គីគ្នាធំធេង គឺគ្មានផ្លូវទេក្នុងការបញ្ចប់របបផ្ដាច់ការនិយម។ ឥឡូវនេះ ពិភពលោកកំពុងលើកទឹកចិត្ត និងចូលរួមជាមួយប្រជាជនវេណេហ្ស៊ុយអេឡា ដែលកំពុងបះបោរយ៉ាងខ្លាំងប្រឆាំងមេដឹកនាំរបស់ខ្លួន គឺជនផ្ដាច់ការ នីកូឡាស ម៉ាឌូរ៉ូ៕