ប្រធានរដ្ឋសភានៃប្រទេសវេណេហ្ស៊ុយអេឡា លោក Jorge (Horhé = Horhay) Rodriguez ប្រកាសថារដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីស្ដីទីអ្នកស្រី Delcy Rodriguez បានដោះលែងអ្នកទោសជាង ៤០០នាក់ ចាប់តាំងពីសប្ដាហ៍មុនមកនេះ។
ប្រធានរដ្ឋសភានៃប្រទេសវេណេហ្ស៊ុយអេឡា លោក Jorge Rodriguez បានប្រកាសដូចនេះនៅក្នុងអំឡុងសម័យប្រជុំសភាកាលពីថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២៦។ នេះបើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
លោក Jorge Rodriguez បានប្រាប់សមាជិកសភាវេណេហ្ស៊ុយអេឡា ថា ការដោះលែងអ្នកទោសទាំងនោះជាស្មារតីមួយនៃការបន្ធូរបន្ថយស្ថានភាពតានតឹងនយោបាយក្នុងប្រទេស ប៉ុន្តែប្រធានរដ្ឋសភារូបនេះមិនហៅអ្នកទាំងនោះជាអ្នកទោសនយោបាយអ្វីទេ ព្រោះថាពួកគេជាអ្នកនយោបាយមែន តែពួកគេមានទោសដោយសាររំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញប្រទេសនេះ ដែលលោកថាអ្នកទោសទាំងនោះគ្រាន់តែហៅខ្លួនឯងជាអ្នកទោសនយោបាយប៉ុណ្ណោះ។
តាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលស្រង់ប្រភពមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកទោសទាំង ៤០០នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនោះ ក៏មានពលរដ្ឋអាមេរិកាំងផងដែរ។
មន្ត្រីសេតវិមាន សាទរដែលពលរដ្ឋអាមេរិកាំងត្រូវបានផ្ដល់សេរីភាពឡើងវិញ ដែលចាត់ទុកថានេះជាជំហានដ៏សំខាន់ក្នុងស្មារតីសហប្រតិបត្តិការល្អមួយពីរដ្ឋាភិបាលបណ្ដោះអាសន្ននៅវេណេហ្ស៊ុយអេឡា នៅពេលនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាត់ទុកជាការដោះលែងអ្នកទោសនយោបាយយ៉ាងធំមួយចាប់តាំងពីការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ មកនេះ។
យ៉ាងណា ការដោះលែងអ្នកទោសនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ទាំង ៤០០នាក់នេះ សម្រាប់ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក រកឃើញថាមានអ្នកទោសនយោបាយតែ ៧០នាក់ប៉ុណ្ណោះ ហើយក្រៅពីនេះជាអ្នកទោសដែលពួកគេជិតដល់ថ្ងៃដោះលែង។
ចំណែកឯរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា វិញច្រានចោលការការលើកឡើងរបស់អង្គការសិទ្ធិមនុស្សទាំងនោះ។ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា មិនបានប្រើពាក្យថាអ្នកទោសនយោបាយនោះទេ ដោយអះអាងថាពួកគេធ្វើសកម្មភាពនយោបាយ តែប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
ចាប់តាំងពីការផ្ទុះមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៤ មក មនុស្សជាង ២០០០នាក់ ក្នុងនោះ អង្គការសិទ្ធិមនុស្សប៉ាន់ប្រមាណថាមានសកម្មជននយោបាយពី ៨០០នាក់ទៅ ១២០០នាក់។
ទោះជាយ៉ាងណា អ្នកស្រី Maria Corina Machado ប្រធានបក្សប្រឆាំងដ៏ល្បីមួយនៃប្រទេសវេណេហ្ស៊ុយអេឡា ប្រកាសសាទរការដោះលែងអ្នកទោសនយោបាយទាំងនោះ។ អ្នកស្រីនិយាយថា អយុត្តិធម៌មិនត្រូវមានក្នុងសង្គមវេណេហ្ស៊ុយអេឡា នោះទេ។ របបអយុត្តិធម៌ គ្មានអមតៈឡើយ។ អ្នកស្រី Corina Machado ត្រូវគេរំពឹងថានឹងជួបលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នេះនៅទីក្រុងវ៉ាស៊ីនតោន។
តាមសារព័ត៌មាន Bloomberg News នៅថ្ងៃជាមួយគ្នានេះ ប្រធានាធិបតីស្តីទីវេណេហ្ស៊ុយអេឡា អ្នកស្រី Delcy Rodriguez នឹងបញ្ជូនក្រុមជំនួយការរបស់អ្នកស្រីមួយក្រុមទៅជួបក្រុមមន្ត្រីសេតវិមាននៃប្រធានាធិបតី ត្រាំ ផងដែរនៅទីក្រុងវ៉ាស៊ីនតោន។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងសហការជាមួយនឹងប្រធានាធិបតីស្ដីទីវេណេហ្ស៊ុយអេឡា គឺអ្នកស្រី Delcy Rodriguez តែលោក ត្រាំ ព្រមានថា បើអ្នកស្រី Delcy Rodriguez មិនព្រមសហការជាមួយសហរដ្ឋអាមេរិកឱ្យបានពេញលេញទេ គឺរបបសេសសល់ពីលោក ម៉ាឌូរ៉ូ នឹងប្រឈមមុខនឹងការវាយប្រហារម្ដងទៀត ហើយចង់មិនចង់ ប្រធានាធិបតីស្ដីទី Delcy Rodriguez នឹងជួបវាសនាអាក្រក់ជាងលោក ម៉ាឌូរ៉ូ ទៅទៀត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

