30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​ក្រុមហ៊ុន​វិនិយោគ​ចិន ៩​ក្រុមហ៊ុន​ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ចំនួន​៩ មកពី​ទីក្រុង​សានថូវ ខេត្ត​ក្វាងទុង ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​ការ​ហោះហើរ​ត្រង់ និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​នឹង​កម្ពុជា​ឱ្យ​បាន​ច្រើន​នៅ​ថ្ងៃ​មុខ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​លេខា​គណៈកម្មាធិការ​បក្ស​នៃ​ទីក្រុង​សានថូវ ខេត្ត​ក្វាងទុង សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Wen Zhan Bin រួម​ទាំង​ក្រុមហ៊ុន​ឯកជន​ចិន ចំនួន ៩ ទៀត​នៅ​ថ្ងៃទី​១៣ សីហា នេះ ដោយ​ពិភាក្សា​ជុំវិញ​ការ​វិនិយោគ​លើ​វិស័យ​សក្ដានុពល​ផ្សេងៗ​នៅ​កម្ពុជា រួម​ទាំង​ចុះហត្ថលេខា​លើ​ឯកសារ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្នុង​ជំនួប​នេះ គណៈប្រតិភូ​ទីក្រុង​សានថូវ មាន​បំណង​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល កសិកម្ម និង​ទេសចរណ៍ ព្រមទាំង​លទ្ធភាព​ក្នុង​ការ​បើក​ដំណើរការ​ឡើងវិញ​នូវ​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​សានថូវ មក​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​ថែម​ទៀត។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Wen Zhan Bin និង​ក្រុមហ៊ុន​ឯកជន​ចិន ទាំង​៩ នា​ពេលនេះ នឹង​កាន់តែ​រួម​ចំណែក​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ជាពិសេស​ការ​តភ្ជាប់​ក្នុង​ចំណោម​វិស័យ​ឯកជន និង​វិស័យ​ឯកជន​នា​ពេល​អនាគត។

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​វិនិយោគិន​ចិន បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​សក្ដានុពល​ជាច្រើន​ទៀត ជាពិសេស​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម។

ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​នៅ​កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ លើកឡើង​ក្នុង​សន្និសីទ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ប្រទេស​ចិន ជា​ប្រភព​វិនិយោគ​បរទេស​ដ៏​ធំ​សម្រាប់​កម្ពុជា​សព្វថ្ងៃ​នេះ។ ឧកញ៉ា ពុង ឃាវសែ បញ្ជាក់​ថា ការ​វិនិយោគ​ផ្ទាល់​ពី​ចិន បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា និង​ជួយ​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ថែម​ទៀត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​នយោបាយ​ការទូត​ល្អ​ជាមួយ​ប្រទេស​ទាំងអស់ ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​ពួកគេ​ចូល​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដែល​មិនមែន​ពឹង​តែ​ទៅ​លើ​បរទេស​ណា​មួយ​នោះ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា សព្វថ្ងៃ​នេះ កម្ពុជា​កំពុង​មាន​បញ្ហា​ទៅ​លើ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​ការ​អនុវត្ត​ច្បាប់​មិន​ទាន់​ល្អ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​ដែល​មិន​ពុករលួយ ពិបាក​នឹង​ទៅ​បោះទុន​វិនិយោគ​នៅ​កម្ពុជា។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា អ្វី​ដែល​អ្នក​វិនិយោគ​បរទេស​ល្អៗ​ចង់​បាន គឺ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ដែល​អាច​ធានា​ដល់​ការ​បណ្ដាក់ទុន​យូរអង្វែង​របស់​ពួកគេ​ប្រកប​ដោយ​តម្លាភាព និង​ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ ដោយ​គ្មាន​ការ​គាបសង្កត់ នោះ​កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ល្អៗ​ជា​មិន​ខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស