29 C
Phnom Penh

ក្រសួង​ព្រះបរមរាជវាំង​បដិសេធ​និង​ថ្កោលទោស​ទំព័រ​ហ្វេសប៊ុក​ពីរ​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ព្រះបរមរាជវាំង បដិសេធ និង​ថ្កោលទោស​ទំព័រ​ហ្វេសប៊ុក​ចំនួន​ពីរ គឺ​ទំព័រ «ព្រះបរមរាជវាំង Royal Palace of Cambodia» និង​ទំព័រ «យុវជន​ក្រោម​ម្លប់​ព្រះមហាក្សត្រ» ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ពីព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រី។

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៤ ក្រសួង​ព្រះបរមរាជវាំង បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ជន​អនាមិក​ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំង​ពីរ​ឈ្មោះ «ព្រះបរមរាជវាំង Royal Palace of Cambodia» និង​ឈ្មោះ «យុវជន​ក្រោម​ម្លប់​ព្រះមហាក្សត្រ» បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ។

ប្រភព​ខាងលើ​អះអាង​ថា ការ​ប្រព្រឹត្ត​បែប​នេះ គឺជា​ការ​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​ថា អង្គ​ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ សង្គម​ជាតិ​កម្ពុជា​ទាំងមូល កំពុង​ទទួល​បាន​សេចក្តី​សុខ សន្តិភាព និង​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ «ព្រះបរមរាជវាំង Royal Palace of Cambodia» បាន​សរសេរ​ថា​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ តទៅ​មុខ​គឺ​នៅ​លើ​ដៃ​យុវជន​យុវតី​កម្ពុជា​ជំនាន់​ក្រោយ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ការពារ និង​ថែរក្សា​តទៅ​មុខ ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង និង​ប្រជានុរាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស មិន​អាច​រស់នៅ​ដោយ​អត់​របប​ដឹកនាំ​បែប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​បាន​ទេ។

នៅ​កម្ពុជា ហ្វេសប៊ុក​គឺជា​បណ្ដាញ​សង្គម​មួយ​ដ៏​មាន​ប្រជាប្រិយ​បំផុត​ដែល​មនុស្ស​ជាង ១២​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជិត ១៧​លាន​នាក់​កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម។ ភាគច្រើន​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក គឺ​ដើម្បី​បាន​ទទួល​ដំណឹង​ផ្សេងៗ ការ​កម្សាន្ត និង​ការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​រហូត​បង្កើត​មុខជំនួញ​ទៀត​ផង។

តែ​យ៉ាងណា កាសែត The New York Time របស់​អាមេរិក​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា បាន​ចុះផ្សាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត Cyber War Room បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ទសវត្ស​មក​ហើយ។ គោលដៅ​របស់​អង្គភាព​នេះ ដើម្បី​គាំទ្រ​អំណាច​របស់​លោក ហ៊ុន សែន តាមរយៈ​ក្បាលម៉ាស៊ីន​ឃោសនា​នៃ​បណ្ដាញ​សង្គម។

បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស