36.7 C
Phnom Penh

ព្រះរាជា​ខ្មែរ​ប្រកាស​ឱ្យ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​តាម​មេ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ។

ព្រះរាជក្រម​ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​តាំងពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៥ មក ប៉ុន្តែ​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ត្រូវ​បាន​បញ្ចូល​ខ្លឹមសារ​បន្ថែម​ពី​លើ​មាត្រា​៣៣​ចាស់។

មាត្រា​១ នៃ​ព្រះរាជក្រម​នេះ បាន​ចែង​ថា មាត្រា​៣៣​ថ្មី មាន​សេចក្តី​ទាំងស្រុង ដូច​តទៅ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​និរទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើកលែងតែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ និង​ការ​បាត់​សញ្ជាតិ​ខ្មែរ ដោយ​រួម​ទាំង​ការ​ដក​សញ្ជាតិ ត្រូវ​កំណត់​ក្នុង​ច្បាប់។

ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈពេល​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​គិត​ចាប់តាំងពី​រដ្ឋសភា​អនុម័ត​យល់ព្រម​កាលពី​ថ្ងៃទី​១១ កក្កដា មក។

សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យល់ព្រម​ដោយ​ឯកច្ឆន្ទ​កាលពី​ថ្ងៃទី​១១ កក្កដា ហើយ​ក៏​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អនុម័ត​នៅ​ថ្ងៃទី​១៤ កក្កដា ដែល​ទទួល​បាន​ការ​គាំទ្រ ៥៨​សំឡេង​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ចំនួន ៦០​រូប និង​ត្រូវ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​១៥ កក្កដា កន្លង​ទៅ​នេះ។ ដូច្នេះ ច្បាប់​នេះ​បើ​គិត​ចាប់ពី​ថ្ងៃ​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ធ្វើ​វិសោធនកម្ម​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា មក គឺ​មាន​រយៈពេល​សរុប​ត្រឹមតែ ១៩​ថ្ងៃ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​បង្ហើប​កាលពី​ថ្ងៃទី​១៤ កក្កដា ថា មាន​ខ្មែរ​មួយ​ក្រុម​កំពុង​គប់គិត​គ្នា​ជាមួយ​ថៃ គ្រោង​បង្កើត​កម្លាំង​វាយប្រហារ​កម្ពុជា ដូច្នេះ​បុគ្គល​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​ពួកគេ​ក៏​ជា​គោលដៅ​នៃ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស