29 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជា​សម្ដី​ប្រជាភិថុតិ​ក្រោម​សេណារីយ៉ូ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជា​សម្ដី​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ ដើម្បី​ការពារ​អំណាច​រដ្ឋាភិបាល​បន្ត​ពូជ​ក្រោម​សេណារីយ៉ូ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២១ សីហា ថា បើ​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ចាត់ទុក​ការ​សម្ដែង​មតិ​តាមរយៈ​នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​នាំ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី គឺជា​ការ​ចែកចាយ​ពាក្យ​សម្អប់ កំហឹង និង​ការ​បែងចែក​វណ្ណៈ ដែល​ត្រូវ​ប្រើ​អំណាច​ចាប់​ខ្លួន​អ្នក​រិះគន់​ទាំងនោះ ជា​ការ​បង្រួបបង្រួម​ជាតិ​ឬ​យ៉ាងណា។

លោក​បន្ត​ថា លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​ពី​ការ​ដឹកនាំ​របស់​គាត់ ដាក់​គុក​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ តើ​នេះ​វា​មិនមែន​ជា​ការ​ចែកចាយ​នូវ​ភាព​សម្អប់ កំហឹង​ឬ​ការ​បែងចែក​វណ្ណៈ​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​ទេ​ឬ។

លោក​បន្ត​ថា ទំនាស់​ខ្វែង​គំនិត​គ្នា​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​ដូច​ពេលនេះ គឺ​មកពី​លោក ហ៊ុន សែន ជា​អ្នក​បង្ក​ឡើង​ទាំងអស់ ព្រោះ​មុន​ដំបូង ពលរដ្ឋ​គ្រាន់តែ​សម្ដែង​មតិ​រិះគន់​តែប៉ុណ្ណោះ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ផ្តល់​ដំណោះស្រាយ​នោះ​ទេ តែ​បែរ​ជា​ចាប់​អ្នក​បញ្ចេញមតិ​រិះគន់​ដាក់​គុក​ទៅវិញ ដូចជា លោក ស្រ៊ុន ស្រ៊ន ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា មក​ទល់​នឹង​ពេលនេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់ ចាប់​ខ្លួន​អ្នក​រិះគន់​តាម​អំពើ​ចិត្ត ដូច្នេះ​លោក​សូម​សួរ​ថា រវាង​អ្នក​ចាប់​ខ្លួន​គេ​ទាំង​អយុត្តិធម៌ និង​អ្នក​សម្ដែង​មតិ​រិះគន់ មួយ​ណា​បង្ក​ឱ្យ​មាន​ការ​ចែកចាយ​នូវ​ភាព​សម្អប់ កំហឹង ការ​បែងចែក​ស្រទាប់​វណ្ណៈ​ពិតប្រាកដ​នោះ?

កាលពី​ថ្ងៃទី​១៩ ខែ​សីហា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បាន​លើកឡើង​ក្នុង​សន្និសីទ​បង្ហាញ​អំពី​សមិទ្ធផល​រយៈពេល ១​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ថា ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស កំពុង​ចែកចាយ​ពាក្យ​សម្អប់ កំហឹង បែងចែក​វណ្ណៈ ដែល​បាន​បង្ក​ឱ្យ​មាន​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​ទាំងនោះ គឺជា​ទង្វើ​ដ៏​ឃោរឃៅ​ស្មើ​នឹង​ការ​ដុត​ផ្ទះ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដើម្បី​តែ​ចម្អិន​ពងមាន់​តែ​មួយ​គ្រាប់​របស់​ពួកគេ ដូច្នេះ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់ មិន​ត្រូវ​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ឆ្នាំ​១៩៧០ រហូត​ដល់​ឆ្នាំ​១៩៩៨ ទៀត​ទេ។

មន្ត្រី​រូប​នេះ​អះអាង​ថា ក្រុម​ប្រឆាំង​គឺ​ក្រុម​ជ្រុល​និយម​ដែល​បន្ត​លាក់​ខ្លួន​នៅ​ក្រោយ​ផ្លាក​ប្រជាធិបតេយ្យ និង​ផ្លាក​ស្នេហា​ជាតិ ព្រោះ​អ្នក​ប្រជាធិបតេយ្យ​មិន​ដែល​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទម្លាក់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ទង្វើ​បែប​នេះ​គេ​ហៅថា​រដ្ឋប្រហារ ឬ​បដិវត្តន៍​តែប៉ុណ្ណោះ។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ធ្វើ​បាតុកម្ម​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​ការ​សម្ដែង​ឆន្ទៈ​តាមរយៈ​នៃ​ការ​ធ្វើ​បាតុកម្ម គឺជា​រឿង​ត្រឹមត្រូវ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​តាម​កម្ទេច​ពលរដ្ឋ​ដែល​សម្ដែង​មតិ​រិះគន់​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​តែប៉ុណ្ណោះ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​ជា​ចំណុច​ចាប់ផ្តើម​ដែល​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​នេះ​ឡើង។

រាល់​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បន្ត​ពូជ​មួយ​នេះ​មិន​ដែល​ផ្តល់​ការ​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ​ទេ គឺ​មាន​តែ​ការ​ចោទប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន ក្រោម​លេស​ថា ពួកគេ​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល ដែល​ទង្វើ​នេះ​បាន​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

បើ​និយាយ​ពី​ការ​ប្រកាស​តាម​កម្ទេច​វិញ គេ​តែង​កត់សម្គាល់​ឃើញ​ថា លោក ហ៊ុន សែន ចូលចិត្ត​អនុវត្ត និង​ប្រកាស​ជា​បន្តបន្ទាប់។ ជាក់ស្តែង កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ព្រមាន​កម្ទេច​ក្រុម​ប្រឆាំង​ដែល​លោក​ចោទ​ថា​ជា​ក្រុម​ជ្រុល​និយម ឱ្យ​រលាយ​បាត់​អស់​ពី​ប្រទេស​កម្ពុជា​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស