ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សម្រេចកែប្រែបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតាសម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង រយៈពេល ៦០ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៣ សីហា នេះថា ដោយបានទទួលគោលការណ៍ពីលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា ស្ថានទូតកម្ពុជា នឹងបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅប្រទេសកូរ៉េខាងត្បូង ចំនួន ២ខែទៀត ដូច្នេះពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ អាចទៅដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនរៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។
ប្រភពដដែលលើកឡើងថា ការពន្យារពេលនេះ គឺដោយសារយោងតាមការវាយតម្លៃទៅលើចំនួននៃការដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែនរបស់ពលរដ្ឋខ្មែរ នៅមិនទាន់សម្រេចបានទៅតាមចំនួនដែលបានរំពឹងទុកនៅឡើយ ស្របពេលដែលពលរដ្ឋខ្មែរនៅតែបន្តមកដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ ដូច្នេះស្ថានទូតក៏បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្តសេវាផ្ដល់លិខិតឆ្លងដែននេះមួយរយៈទៀត។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ការសម្រេចផ្អាកសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅប្រទេសកូរ៉េខាងត្បូង ត្រឹមថ្ងៃទី២៥ ខែសីហា នេះ គឺដោយយោងតាមការសម្រេចរបស់លោក ហ៊ុន ម៉ាណែត ដែលបានកំណត់អំឡុងពេលដែលលោកធ្វើដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូង កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាសបិទបញ្ចប់ពីការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករកម្ពុជាដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ត្រឹមចុងខែសីហា នេះ ប៉ុន្តែត្រូវរងការរិះគន់ជុំទិសជុំវិញបញ្ហានេះ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីជូនដំណឹងស្ដីពីការបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករកម្ពុជាដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះតទៅ។
ស្ថានទូតខ្មែរ បញ្ជាក់ថា សម្រាប់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង ដែលមានបំណងស្នើសុំលិខិតឆ្លងដែន បន្ទាប់ពីការបិទបញ្ចប់នេះ នឹងតម្រូវឱ្យសាមីខ្លួនទៅស្នើសុំដោយខ្លួនឯងផ្ទាល់នៅប្រទេសកម្ពុជាវិញ។
ការបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករកម្ពុជាដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង បានចេញធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណនៅពេលនេះ។
ដោយសារតែបញ្ហានេះ ត្រូវមជ្ឈដ្ឋាននានារិះគន់ថា ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង បានប្រើលេសទុច្ចរិតបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងបំណងគំរាមកំហែងពលករខ្មែរដែលចូលរួមប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណរបស់រដ្ឋាភិបាលកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកឡើងចំពោះមុខកម្មករក្នុងខេត្តកំពង់ស្ពឺ ថា លោកបានសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសដោយចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូង មុនគេ ដើម្បីកុំឱ្យពលករខ្មែរមានការលំបាកក្នុងការធ្វើលិខិតឆ្លងដែន។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសកូរ៉េ សូមឱ្យឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េ ត្រូវយកចិត្តទុកដាក់ដល់ពលករដោយការធ្វើលិខិតឆ្លងដែននៅទីនោះតែម្តង៕