31 C
Phnom Penh

ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​សប្ដាហ៍​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​តាមរយៈ​ក្រសួង​រតនាគារ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​គ្រួសារ​លោក នីកូឡាស ម៉ាឌុយរ៉ូ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​ដែល​យ៉ាងតិច​ណាស់​ជាង ៦០​នាក់​ស្ថិត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម។

ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​បិទ​ដំណោះស្រាយ​ការទូត ដែល​មាន​ន័យ​ថា ទ្រព្យសម្បត្តិ​គ្រួសារ​លោក ម៉ាឌុយរ៉ូ ត្រូវ​បង្កក និង​រឹបអូស បើ​មាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ឬ​ទ្រព្យសម្បត្តិ​នៅ​ប្រទេស​ណា​ក៏ដោយ​ដែល​ជាប់​ពាក់ព័ន្ធ​ជន​ទាំង ៦០​រូប​នោះ អាច​នឹង​បង្កក​បើ​ប្រទេស​នោះ​យល់ព្រម​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​សម្រាប់​លោក ម៉ាឌុយរ៉ូ គឺជា​បុគ្គល​ម្នាក់​គត់​ក្នុង​មុខសញ្ញា​ដែល​ប៉ូលិស FBI សហរដ្ឋ​អាមេរិក​ត្រូវ​ស្វែងរក​ចាប់​ខ្លួន ឱ្យ​តែ​ជន​ផ្ដាច់ការ​ម្នាក់​នេះ​ចាកចេញ​ពី​ប្រទេស​ទៅ​ប្រទេស​ណា​ដែល​អាច​ជួយ​ឃាត់​ខ្លួន​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ចោទ​លោក ម៉ាឌុយរ៉ូ ជា​ថ្មី​ម្ដង​ទៀត​ពី​បទ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ក្រោយពី​មេ​បណ្ដាញ​គ្រឿងញៀន​ក្នុង​តំបន់​អាមេរិក​ឡាទីន​ដែល​ត្រូវ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន DEA សហរដ្ឋ​អាមេរិក ចាប់​ខ្លួន​បាន និង​សួរ​ចម្លើយ។

តាម​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក លោក ម៉ាឌុយរ៉ូ គឺជា​មេខ្លោង​នៅ​ពីក្រោយ​បណ្ដាញ​រត់​ពន្ធ​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុង​តំបន់ និង​ចូល​ទៅ​ដែនដី​សហរដ្ឋ​អាមេរិក។

ក្រៅពី​សំណុំរឿង​គ្រឿងញៀន លោក ម៉ាឌុយរ៉ូ នៅ​មាន​ពិរុទ្ធភាព​មួយ​ទៀត​ដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្រោម​ដីកា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC គឺ​ករណី​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​អាជ្ញាធរ​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា បាន​បាញ់​សម្លាប់​ក្រុម​ប្រឆាំង និង​ចាប់​ខ្លួន​ច្រើន​រយ​នាក់។

នៅ​ក្រោម​រដ្ឋអំណាច​របស់​លោក ម៉ាឌុយរ៉ូ ប្រជាជន​វេណេហ្ស៊ុយអេឡា ជាង ៧​លាន ៥​សែន​នាក់​បាន​រត់​ចោល​ប្រទេស ខណៈ​មេ​បក្ស​ប្រឆាំង​ជាច្រើន​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាត់ទោស​ពី​បទ​ក្បត់​ជាតិ និង​ការ​ប្រឆាំង​រដ្ឋាភិបាល​នៃ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។

នៅ​ពេលនេះ ប្រជាជន​វេណេហ្ស៊ុយអេឡា រាប់​សែន​នាក់​នៅ​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក ម៉ាឌុយរ៉ូ ចុះចេញ​ពី​អំណាច ដោយសារ​បុរស​ខ្លាំង​ម្នាក់​នេះ​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ កក្កដា បែរ​ជា​ប្រកាស​ខ្លួនឯង​ជា​បេក្ខជន​ឈ្នះ​ឆ្នោត។ ប្រជាជន​គាំទ្រ​បក្ស​ប្រឆាំង បាន​ចុះ​ដើរ​តាម​ដងផ្លូវ​នៅ​ពាសពេញ​រដ្ឋធានី​ការ៉ាកាស និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​ខែ​មក​ហើយ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព អ្នកស្រី Maria Corina Machado បន្ត​អំពាវនាវ​ឱ្យ​បាតុករ​កុំ​ចាកចេញ​ពី​ដងផ្លូវ​នានា​នៅ​រដ្ឋធានី​ការ៉ាកាស ហើយ​តស៊ូ​រហូត​ពួក​យោធា​ចេញ​មក​ជួយ ហើយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ម៉ាឌុយរ៉ូ ពី​អំណាច។

នៅ​ថ្ងៃទី​២៩ សីហា នេះ ឧត្ដមសេនីយ៍​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក បាន​ចោទ​លោក ម៉ាឌុយរ៉ូ ថា​ជា​មេដឹកនាំ​វេណេហ្ស៊ុយអេឡា​ជាប់​ពិរុទ្ធភាព​ក្នុង​ការ​វាយ​បំផ្លាញ​ឆន្ទៈ​ប្រជាធិបតេយ្យ ដោយសារតែ​បុរស​ខ្លាំង​រូប​នេះ​ចាត់ទុក​ពលរដ្ឋ​ខ្លួនឯង​ជា​សត្រូវ វាយ​បង្ក្រាប​យ៉ាង​ឃោរឃៅ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters អ្នកស្រី​ឧត្តមសេនីយ៍ Laura Richardson ខាង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​តំបន់សឹក​ខាងត្បូង​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ប្រជាធិបតេយ្យ​នៅ​វេណេហ្ស៊ុយអេឡា បាន​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពាសពេញ​ពិភពលោក ខណៈ​តម្លៃ​មនុស្ស​អស់​ហើយ​សម្រាប់​ប្រជាជន​វេណេហ្ស៊ុយអេឡា។

ថ្លែង​នៅ​កិច្ចប្រជុំ​ជាមួយ​ឧត្ដមសេនីយ៍​យោធា​ដែល​មកពី​បណ្ដា​ប្រទេស​អាមេរិក​ឡាទីន ឧត្ដមសេនីយ៍ Richardson បាន​លើកឡើង​ថា លោក ម៉ាឌុយរ៉ូ កំពុង​ធ្វើ​ឱ្យ​តំបន់​ជួប​វិបត្តិ​មនុស្សធម៌ និង​ប្រជាជន​វេណេហ្ស៊ុយអេឡា រាប់​លាន​នាក់​រត់​ភៀសខ្លួន ហើយ​ជន​ផ្ដាច់ការ​នេះ​ជា​មេដឹកនាំ​ដែល​បង្ក​អសន្តិសុខ​តំបន់​ទៀត​ផង។

ចាប់តាំងពី​ការ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ ករណី​បន្លំ​ការ​បោះឆ្នោត ហើយ​ប្រកាស​ខ្លួនឯង​ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី មនុស្ស ២៥​នាក់​បាន​ស្លាប់ រង​របួស​ជាង ២០០​នាក់ និង​ចាប់​ខ្លួន​ជាង ២៤០០​នាក់។

ប្រទេស​កាន់តែ​ច្រើន​ឡើង​មាន​ដូចជា ក្រុម​ប្រទេស​សហភាព​អឺរ៉ុប ២៧​ប្រទេស សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា អេស្ប៉ាញ អូស្ត្រាលី និង​ក្រុម​ប្រទេស​នៅ​អាមេរិក​ឡាទីន មិន​ទទួលស្គាល់​លោក ម៉ាឌុយរ៉ូ ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ស្រប​ច្បាប់​ឡើយ។

សហរដ្ឋ​អាមេរិក​តាមរយៈ​ក្រសួង​យុត្តិធម៌ បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​លោក ម៉ាឌុយរ៉ូ ចាកចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​ទី​៣ ដោយ​ទម្លាក់​អំណាច​សុខចិត្ត​ចាញ់​នឹង​កម្លាំង​ប្រជាជន បើ​ពុំ​នោះ​ទេ លោក ម៉ាឌុយរ៉ូ ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស