ជាថ្មីម្ដងទៀត ទីក្រុងមូស្គូ កាលពីថ្ងៃទី២៧ ខែសីហា បានព្រមានសហរដ្ឋអាមេរិកអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមាន គឺពិភពលោកអាចទៅរកសង្គ្រាមលោកទី៣ ប្រសិនបើលោកខាងលិចបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
ការព្រមានរបស់ទីក្រុងមូស្គូ បន្ទាប់ពីអ៊ុយក្រែន បានធ្វើការវាយប្រហារដ៏ធំមួយ ហើយកំពុងវាយរុលខ្លាំងក្នុងដែនដីតំបន់ Kursk ខាងក្នុងទឹកដីរុស្ស៊ី។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុងមូស្គូ ចាត់ទុកថាជាការវាយប្រហារពីបរទេសដ៏ធំបំផុតទៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២។ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថ្លែងថាក្រុងមូស្គូ នឹងឆ្លើយតបដ៏ខ្លាំងមួយចំពោះអ៊ុយក្រែន និងពួកលោកខាងលិច។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែលេងជាមួយនឹងភ្លើង ព្រោះតែពួកលោកខាងលិចបើកសិទ្ធិឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធផ្គត់ផ្គង់វាយប្រហារចូលក្នុងទឹកដីរុស្ស៊ី។
លោក Lavrov ព្រមានថា សង្គ្រាមលោកលើកទីបី ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក ដែលលោកថាក្រុងមូស្គូ កំពុងពិចារណាឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង និងបង្កអស្ថិរភាពប្រទេសរុស្ស៊ី។
ចាប់តាំងពីរុស្ស៊ី លើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន នៅចុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្ដាលឱ្យមានភ្លើងសង្គ្រាមមកដល់ពេលនេះ លោក ពូទីន និងទីក្រុងមូស្គូ តែងតែរំលឹកពីការព្រមានអំពីការទៅរកសង្គ្រាមលោកជាថ្មីម្ដងទៀតជាមួយនឹងការបង្កសង្គ្រាមប្រល័យលោក គឺសង្គ្រាមនុយក្លេអ៊ែរ។
លោក Lavrov បន្ថែមការព្រមានថា រុស្ស៊ីមិនចង់មានជម្លោះជាមួយអាមេរិក និងសម្ព័ន្ធយោធាណាតូទេ តែកុំប្រលែងនឹងភ្លើងឱ្យសោះ វាគ្រោះថ្នាក់ណាស់ ហើយថាសង្គ្រាមនុយក្លេអ៊ែរ ក៏រុស្ស៊ី អាចមានសមត្ថភាពវាយប្រហារលើសត្រូវដែរ។ ប្រមុខការទូតរុស្ស៊ី ដែលកាន់មុខតំណែងនេះជាង ២០ឆ្នាំបានបញ្ជាក់ដូចនេះនៅចំពោះមុខអ្នកសារព័ត៌មាននៅទីក្រុងមូស្គូ។
តែយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា ការវាយប្រហារនៅតំបន់ Kursk ខាងក្នុងទឹកដីរុស្ស៊ី បានបង្ហាញថាការគំរាមកំហែងរបស់រុស្ស៊ី គឺគ្រាន់តែជាទង្វើក្លែងក្លាយប៉ុណ្ណោះ។
មេដឹកនាំអ៊ុយក្រែន រូបនេះបន្តជំរុញឱ្យសម្ព័ន្ធមិត្តចេញមុខជួយអ៊ុយក្រែន ឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីអាចការពារខ្លួន និងមានសមត្ថភាពវាយរុញទ័ពរុស្ស៊ី។
លោក Zelenskyy បានទទូចសុំឲ្យសហរដ្ឋអាមេរិក និងបស្ចិមប្រទេសបើកកាន់តែទូលំទូលាយថែមទៀតនូវការវាយប្រហារលើទឹកដីប្រទេសរុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល ATACMS និងមីស៊ីល Storm Shadow ដែលជាជំនួយរបស់អាមេរិក អង់គ្លេស និងបារាំង។
កាសែត The New York Times បានរាយការណ៍ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានផ្ដល់ព័ត៌មានសម្ងាត់ និងរូបភាពផ្កាយរណបអំពីតំបន់ Kursk នៃប្រទេសរុស្ស៊ី ដល់អ៊ុយក្រែន។
តែក្រុងវ៉ាស៊ីនតោន និងក្រុងឡុងដ៍ បានបដិសេធថាពួកគេមិនបានផ្ដល់អនុសាសន៍ ឬទទួលបានព័ត៌មានពីខាងអ៊ុយក្រែន ពីការរៀបចំក្បួនទ័ពវាយប្រហារចូលខាងក្នុងទឹកដីរុស្ស៊ី នោះទេ។
ទោះបីជាសហរដ្ឋអាមេរិក បានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ Kursk ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី បានអះអាងថាសហរដ្ឋអាមេរិកពិតជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះមែន។
ប្រធានអង្គភាពចារកម្មនៃប្រទេសរុស្ស៊ី Sergei Naryshkin និយាយថា ការអះអាងរបស់លោកខាងលិចមិនអាចជាការពិតនោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា សង្គ្រាមជាមួយរុស្ស៊ី នឹងបិទបញ្ចប់ទៅដោយការចរចា ហើយផែនការមួយនឹងត្រូវបង្ហាញទៅកាន់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងខែកញ្ញា នេះ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក Zelenskyy និយាយថា ប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៊ី មានរយៈពេល ៣សប្តាហ៍កន្លងមក នៅតំបន់ Kursk គឺជាផ្នែកមួយនៃផែនការដែលត្រូវបង្ហាញទៅសម្ព័ន្ធមិត្ត។
ជាមួយគ្នានេះ លោក Jens Stoltenberg អគ្គលេខាធិការណាតូ ប្រកាសពីកោះប្រជុំក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន នៅថ្ងៃពុធ ទី២៨ ខែសីហា នេះ។ នេះបើតាមអ្នកនាំពាក្យរបស់សម្ព័ន្ធយោធាណាតូ អ្នកស្រី Farah Dakhlallah។
អ្នកស្រី Farah Dakhlallah បាននិយាយថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងក្នុងកម្រិតឯកអគ្គរដ្ឋទូត ហើយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ត្រូវបានធ្វើបទបង្ហាញជូនសម្ព័ន្ធមិត្តតាមរយៈវីដេអូអំពីស្ថានភាពសមរភូមិជួរមុខ។
តាមអ្នកនាំពាក្យណាតូ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរលកនៃការវាយប្រហារដ៏ធ្ងន់ធ្ងររបស់រុស្ស៊ី លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ដែលក្រុងមូស្គូ វាយប្រហារដោយមីស៊ីលជាង ១០០គ្រាប់ និងដ្រូនជាង ១០០គ្រឿង។
អ្នកស្រី Dakhlallah បានបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ការការពារដែនអាកាសរបស់អ៊ុយក្រែន ហើយនៅតែប្ដេជ្ញាពង្រឹងការការពារដល់អ៊ុយក្រែន រហូតរុស្ស៊ី បញ្ចប់សង្គ្រាម៕