25 C
Phnom Penh

តំណាង​សហជីព​ការងារ​មួយ​រូប​សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្លួន​ដោយ​ទម្លាក់​ចោល​បទ​ចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA លោក វន់ ពៅ សង្ឃឹម​ថា​តុលាការ​កំពូល នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​គាត់ ខណៈ​តុលាការ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដំឡើង​ប្រាក់ឈ្នួល​អំឡុង​ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

លោក វន់ ពៅ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បាន​ចូល​សវនាការ​នៅ​តុលាការ​កំពូល​ថា តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក និង​ជន​ជាប់ចោទ​ចំនួន ៣​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃទី​២ ខែ​កញ្ញា ពាក់ព័ន្ធ​នឹង​បទ​ចោទ ញុះញង់ និង​អ្នក​ផ្ដើម​គំនិត​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា។ លោក​សង្ឃឹម​លើ​តុលាការ​កំពូល​នឹង​ទម្លាក់​បទ​ចោទ។

ប្រភព​ដដែល​បាន​អះអាង​ថា លោក​ស្វែងរក​យុត្តិធម៌​នេះ​ជាង ១០​ឆ្នាំ​ហើយ។ លោក​ថា​ល្មម​ដល់​ពេល​តុលាការ​កំពូល ផ្ដល់​យុត្តិធម៌​ឱ្យ​រូបលោក ហើយ​លើកលែង​ការ​ចោទប្រកាន់ ដើម្បី​ឱ្យ​លោក​រស់នៅ​ក្នុង​ប្រទេស​ដែល​ជា​ម្ចាស់​ប្រទេស​ក្នុង​នាម​ជា​ពលរដ្ឋ​ស្លូតត្រង់ ដែល​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ឱ្យ​រស់​ប្រកប​ដោយ​ភាព​យុត្តិធម៌។

លោក វន់ ពៅ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​តុលាការ​កំពូល ភាគី​ដើមបណ្ដឹង​រដ្ឋាភិបាល​ហាក់ដូចជា​ដាក់​បន្ទុក​លើ​រូបលោក​ទាំងស្រុង ដោយ​ចាត់ទុក​លោក​ជា​អ្នក​ផ្ដួចផ្ដើម​ឱ្យ​បង្ក​ហិង្សា​កើត​ឡើង។ លោក​ថា លោក​ត្រឹម​ជា​អ្នក​ឃ្លាំមើល និង​ប្រាប់​កុំ​ឱ្យ​បង្ក​ហិង្សា​ក្នុង​ការ​តវ៉ា​នា​ពេល​នោះ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ លោក វន់ ពៅ រួម​ជាមួយ​ជន​ជាប់ចោទ​ផ្សេង​ទៀត ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៤​ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៨​លាន​រៀល។ បន្ទាប់​មក សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ជាប់​ពន្ធនាគារ​ដល់​ជន​ជាប់ចោទ​ទាំង​បួន​នាក់ ប៉ុន្តែ​សម្រេច​លុប​ចោល​ប្រាក់​ពិន័យ​ទាំងស្រុង។ ក្រោយ​មក ពួកគេ​ក៏​បាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សារទុក្ខ​នេះ​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា។

អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា លោក​នៅ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅ​លើ​ពួកគេ និង​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ពួកគេ។ លោក​ថា​ពួកគេ​ប្រមូលផ្ដុំ​នៅ​ពេល​នោះ គឺ​ទាមទារ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​តែប៉ុណ្ណោះ។ លោក​ថា​ពួកគេ​គ្មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

បើ​តាម​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ នោះ ក្រុម​កងកម្លាំង​ចម្រុះ និង​ក្រុម​ទាហាន​ឆត្រ​យោង ៩១១ បាន​ប្រើប្រាស់ «ហិង្សា​យ៉ាង​ព្រៃផ្សៃ» លើ​កម្មករ រួម​មាន​ទាំង​ការ​បង្ក្រាប និង​បាញ់​រះ​គ្រាប់​កាំភ្លើង​មែន​ទែន ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ រង​របួស​ចំនួន ៤៤​នាក់។ មនុស្ស ២៣​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ខណៈ​កម្មករ​ម្នាក់​ឈ្មោះ ខឹម សុផាត បាន​បាត់​ខ្លួន​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ពួកគេ​ថា​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​នោះ កើត​ឡើង​នៅ​ពេល​កម្មករ​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​ឱ្យ​ដល់ ១៦០​ដុល្លារ ហើយ​ការ​ប្រមូលផ្ដុំ​នេះ​កើត​ឡើង​ដោយសារ​ការ​ចរចា​ប្រាក់ឈ្នួល​នា​ពេល​នោះ​ជាប់​គាំង ដែល​ធ្វើ​ឱ្យ​កម្មករ​តវ៉ា​ទូទាំង​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស