31 C
Phnom Penh

ជនជាតិ​ចិន​៥​នាក់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន ប្រកាស​ថា ក្រុម​ការងារ​ប្រមាញ់​សត្វ​កញ្ជ្រោង “Fox Hunt” បាន​នាំ​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន ៥​នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន វិញ ក្រោយពី​ពួកគេ​ធ្វើ​ឧក្រិដ្ឋកម្ម​លាង​លុយ​កង្វក់​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន China daily កាលពី​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា ជនសង្ស័យ​ជនជាតិ​ចិន ៥​នាក់​ដែល​ក្រុម​ការងារ​ចិន “Fox Hunt” ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន វិញ​កាលពី​ថ្ងៃទី​៦ កញ្ញា បាន​រង​ការ​ចោទប្រកាន់​ថា​បាន​គាំទ្រ​ក្រុម​ឧក្រិដ្ឋជន​ក្លែង​បន្លំ​ទូរគមនាគមន៍ តាមរយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស​កម្ពុជា។

សារព័ត៌មាន​ដដែល​បាន​អះអាង​ថា ជនសង្ស័យ​ចិន ទាំង ៥​នាក់ បាន​ជ្រើសរើស​ជនជាតិ​ចិន ជាង ១០០​នាក់​ផ្សេង​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​បាន​សន្យា​ផ្ដល់​ការងារ​ក្រៅ​ម៉ោង និង​ជួយ​សម្រួល​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់កម្ចី​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ខែ​កញ្ញា ឆ្នាំ​២០២៣ ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​សៀងហៃ បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ជនជាតិ​ចិន ទាំង ៥​រូប​នោះ។

ជនសង្ស័យ​ជនជាតិ​ចិន ទាំង ៥​រូប បាន​ផ្ទេរ​លុយ​ដោយ​ខុស​ច្បាប់​តាមរយៈ​ការ​ក្លែង​បន្លំ​ទូរគមនាគមន៍ និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​បន្តបន្ទាប់ ដូចជា​ការ​លាង​លុយ​កខ្វក់​ដោយ​ប្រើ​មធ្យោបាយ​ទិញ​លុយ​ឌីជីថល។

សារព័ត៌មាន​ចិន China daily បាន​សរសេរ​ថា ដើម្បី​គេច​ពី​ការ​ស៊ើបអង្កេត ជនសង្ស័យ​ទាំង ៥​នាក់​តែងតែ​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា។ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៤ ទើប​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង ៥​នាក់​នោះ និង​សម្រេច​បញ្ជូន​ខ្លួន​ជនល្មើស​ទៅ​កាន់​ប្រទេស​ចិន វិញ នៅ​ថ្ងៃទី​៦ ខែ​កញ្ញា។

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា កម្ពុជា​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​សហការ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោកស្រី​ថា ទោះ​មាន ឬ​គ្មាន​កិច្ចសហការ ក៏​អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ស៊ើបអង្កេត​ស្វែងរក​ទីតាំង​ដែល​ក្រុម​ជនល្មើស​ធ្វើ​ប្រតិបត្តិការ​ឆបោក​ខុស​ច្បាប់​ដែរ។

យោង​តាម​ព័ត៌មាន​ពី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២៤ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន ជាង ១២០០​នាក់​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស