31 C
Phnom Penh

អ្នកស្រី ហារីស ថា​បើ​លោក ត្រាំ ជា​ប្រធានាធិបតី​អាមេរិក ម្ល៉េះ​លោក ពូទីន លេប​អ៊ុយក្រែន បាត់​ទៅ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ២​រូប បាន​ឈាន​ដល់​ការ​ឡើង​ប្រជែង​វោហារសាស្ត្រ​ជាមួយ​គ្នា​លើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​ពួកគាត់ ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

ការ​សួរ​ដេញដោល Presidential Debate រវាង​អ្នកស្រី កាម៉ាឡា ហារីស មកពី​បក្ស​ប្រជាធិបតេយ្យ និង​លោក ដូណាល់ ត្រាំ មកពី​បក្ស​សាធារណរដ្ឋ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ស្ទូឌីយូ​នៃ​បណ្ដាញ​ទូរទស្សន៍ ABC កាលពី​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ម៉ោង​នៅ​សហរដ្ឋ​អាមេរិក បាន​ទាញ​អារម្មណ៍​ប្រជាជន​អាមេរិក​រាប់​សិប​លាន​នាក់​បើក​ចក្ខុ​តាមដាន​ជា​ខ្លាំង។

ប្រធានបទ​យ៉ាងតិច​ចំនួន ៤ ត្រូវ​បាន​លើកឡើង​មាន​ដូចជា បញ្ហា​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក និង​សកល បញ្ហា​ច្បាប់​ពន្លូត​កូន បញ្ហា​អន្តោប្រវេសន៍ បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន និង​សង្គ្រាម​នៅ​តំបន់​កាហ្សា ដែនដី​ប៉ាឡេស្ទីន។

អ្នក​សម្របសម្រួល​ការ​សួរ​ដេញដោល​នេះ គឺជា​អ្នក​ផ្ដើម​ការ​ចោទ​សួរ ហើយ​ជា​អ្នក​សម្រួល​បន្ថយ​ស្ថានភាព​តានតឹង​នៃ​ការ​ប្រើ​វោហារ​វាយប្រហារ​គ្នា​របស់​បេក្ខជន​ទាំង​ពីរ។

គេ​សង្កេត​ឃើញ​ឃើញ​បេក្ខជន​ទាំង​ពីរ លោក ដូណាល់ ត្រាំ និង​អ្នកស្រី ហារីស បាន​ឆ្លើយ និង​បកស្រាយ​តាម​សំណួរ​របស់​អ្នក​សម្របសម្រួល ហើយ​ក៏​មាន​ការ​ចោទ​សួរ​ដេញដោល​គ្នា​រវាង​គូប្រជែង​ទាំង​ពីរ​ផង។

ប្រធានបទ​ទាំង ៤ នេះ ត្រូវ​គេ​មើល​ឃើញ​ថា បេក្ខជន​ទាំង​ពីរ​បាន​ប្រជែង​ការ​បកស្រាយ​ខ្លាំង​រៀងៗ​ខ្លួន​ជាមួយ​នឹង​ការ​បញ្ចេញ​វោហារ​វាយប្រហារ​រិះគន់​គ្នា​ទៅវិញ​ទៅមក ដោយ​បង្ហាញ​គោលការណ៍​នៅ​ពេល​ឡើង​កាន់​តំណែង​ម្ចាស់​សេតវិមាន​ជំនួស​លោក ចូ បៃដិន ប្រធានាធិបតី​ចាកចេញ​ពី​អាណត្តិ។

ជាមួយ​គ្នា​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន CNBC បាន​ចាប់​យក​ជ្រុង​មួយ​ធ្វើ​ជា​មុំ​នៃ​ការ​ធ្វើ​របាយការណ៍​របស់​ខ្លួន​ដែល​ដាក់​ចំណងជើង​ថា «អ្នកស្រី ហារីស ថា​បើ​លោក ត្រាំ ជា​ប្រធានាធិបតី​អាមេរិក ម្ល៉ោះ​លោក ពូទីន លេប​អ្នក​បាត់​ទៅ​ហើយ»។

ត្រង់​ចំណុច​មួយ​ដែល​ជា​វោហារសាស្ត្រ​វាយប្រហារ​របស់​អ្នកស្រី ហារីស ទៅ​លើ​លោក ត្រាំ គឺ​អ្នកស្រី​បាន​ចោទ​សួរ​ថា តើ​លោក​បោះបង់​ចោល​អ៊ុយក្រែន ឬ​ទេ? អ្នកស្រី ហារីស បន្ត​ចោទ​សួរ​លោក ត្រាំ ទៀត​ថា តើ​អ្នក​ចង់​ឱ្យ​អ៊ុយក្រែន ឈ្នះ​រុស្ស៊ី ឬ​ទេ?

ជាមួយ​គ្នា​នេះ អ្នកស្រី ហារីស បាន​វាយប្រហារ​លោក ត្រាំ ទៀត​ថា បើ​អ្នក​ជា​ប្រធានាធិបតី​អាមេរិក​វិញ ម្ល៉ោះ​រុស្ស៊ី លេប​អ៊ុយក្រែន បាត់​ទៅ​ហើយ។ មិន​តែប៉ុណ្ណោះ អ្នកស្រី​ថា​លោក ពូទីន ពិត​ជា​អង្គុយ​នៅ​រដ្ឋធានី​គៀវ បាត់​ទៅ​ហើយ។

បន្ថែម​លើស​ពី​នេះ អ្នកស្រី ហារីស ក៏​វាយប្រហារ​លោក ត្រាំ ទៀត​ថា អ្នក​កាន់​អំណាច ៤​ឆ្នាំ​កន្លង​មក គឺ​អ្នក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ណាតូ​ចុះ​ខ្សោយ​នៅ​ចំពោះ​មុខ​លោក ពូទីន។ អ្នក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ជន​ផ្ដាច់ការ​ស្ទុះ​ខ្លាំង​ឡើង។

ទាំង​ពីរ​សំណួរ​រួម​ទាំង​ការ​រិះគន់​វាយប្រហារ​របស់​អ្នកស្រី ហារីស ត្រូវ​បាន​អ្នក​សង្កេតការណ៍​កត់សម្គាល់​ថា លោក ត្រាំ បាន​ព្យាយាម​គេច​មិន​ឆ្លើយ។

អ្នក​សង្កេតការណ៍​ចាប់​កត់សម្គាល់​លើ​ឥរិយាបថ និង​ជំហរ​របស់​លោក ត្រាំ ដោយ​មើល​ឃើញ​លោក ត្រាំ ហាក់​បាត់បង់​ជំហរ ហើយ​ចង់​ច្រឡោត​ដែល​គេ​ថា​លោក ត្រាំ ដូចជា​លំបាក​ទប់​ជំហរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​គូប្រជែង​ថ្មី ដែល​មាន​សុខភាព​រឹងមាំ និង​បញ្ចេញ​ទស្សនៈ​បែប​ជា​អ្នក​ចោទ​សួរ​ជន​ជាប់​ពិរុទ្ធភាព​នៅ​ក្នុង​សវនាការ​របស់​តុលាការ។

យ៉ាងណា លោក ត្រាំ ធ្លាប់​បាន​អះអាង​ថា បើ​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺ​សង្គ្រាម​មិន​បាន​ផ្ទុះ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ទេ។ លោក​ធានា​ថា លោក ពូទីន ពិត​ជា​មិន​ហ៊ាន​លើក​ទ័ព​ចូល​ប្រទេស​អ៊ុយក្រែន ទេ ខណៈ​លោក​នៅតែ​អួត​ថា បើ​លោក​បាន​ឈ្នះ​ឆ្នោត លោក​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន ចប់​ភ្លាម គឺ​មុន​លោក​ចូល​ទៅ​កាន់​សេតវិមាន។

សម្រាប់​អ្នក​សង្កេតការណ៍​បាន​កត់សម្គាល់​ថា វេទិកា Presidential Debate លើក​នេះ លោក ត្រាំ ហាក់​មិន​មាន​ប្រៀប​ខ្លាំង​លើ​អ្នកស្រី ហារីស ទេ គឺ​មិន​ដូច​លោក ចូ បៃដិន ដែល​ត្រូវ​លោក ត្រាំ សង្កត់​ជាប់​នៅ​លើ​ឆាក​របស់​ទូរទស្សន៍ CNN កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា កន្លង​ទៅ​នេះ។

លោក បៃដិន បាន​សម្រេច​ដក​ខ្លួន​ពី​បេក្ខភាព​ប្រធានាធិបតី​អាណត្តិ​ថ្មី ដោយសារ​សុខភាព និង​វ័យ​ជិត ៨២​ឆ្នាំ ក្រោយពី​អ្នកគាំទ្រ និង​អ្នក​នយោបាយ​បក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក​យ៉ាង​ខ្លាំង ព្រោះតែ​លោក​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ឆ្លើយតប និង​បកស្រាយ​នឹង​វោហារ​វាយប្រហារ​រិះគន់​ខ្លាំងៗ​របស់​លោក ត្រាំ ហើយ​នៅ​ក្នុង​វេទិកា Presidential debate នៅ​ពេល​នោះ លោក បៃដិន ភ្លេចភ្លាំង​ច្រើន។

នៅ​ចំពោះ​មុខ​ការ​រិះគន់​ខ្លាំង​ពី​បក្ស​ប្រជាធិបតេយ្យ លោក បៃដិន បាន​សារភាព​ថា លោក​បាន​បិទ​ភ្នែក​លង់លក់​ម្ដងៗ​ដោយ​មិន​បាន​ចាប់​ទាន់​លោក ត្រាំ និយាយ​រិះគន់​នូវ​ការ​ដឹកនាំ​របស់​លោក​នោះ​ទេ។

នៅ​មិន​ដល់ ៦០​ថ្ងៃ​ទេ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ខាងមុខ​នេះ នឹង​ចូល​មក​ដល់​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស