31.6 C
Phnom Penh

អ្នក​ឃ្លាំមើល​លើក​ទឹកចិត្ត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ពិនិត្យ​សមាសភាព​មេដឹកនាំ​ដើម្បី​ចៀស​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើក​ទឹកចិត្ត​ឱ្យ​អង្គ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ ពិនិត្យ​សមាសភាព​មេដឹកនាំ និង​កំណត់​សកម្មភាព​នយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​បក្ស​កាន់​អំណាច​ក្នុង​គោលដៅ​បម្រើ​នយោបាយ​របស់​ពួកគេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា ក្នុង​ស្ថានភាព​ដ៏​តឹងតែង​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច​នៅ​ពេលនេះ គណបក្ស​កម្លាំង​ជាតិ ត្រូវតែ​រួបរួម​កម្លាំង​ផ្ទៃក្នុង​របស់​ខ្លួន​ជាមួយ​នឹង​ពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំង។ លោក​ថា នៅ​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គីភាព​របស់​បក្ស​នេះ​យ៉ាង​គំហុក។

លោក ម៉ែន ណាត លើកឡើង​ថា ភស្តុតាង​ជាក់ស្តែង មន្ត្រី​ជាន់ខ្ពស់​នៃ​បក្ស​កម្លាំង​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍ ដូចជា ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី លោក ម៉ី សេងហ៊រ និង​លោក អ៊ុំ វីរៈរដ្ឋ រួម​ទាំង​ព្យាយាម​ឃាត់ឃាំង​សកម្មភាព​នយោបាយ​របស់​លោក រ៉ុង ឈុន នៅ​ពេលនេះ ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​នយោបាយ បញ្ឈប់​ការ​រឹតត្បិត​លើ​សេរីភាព​ពលរដ្ឋ​ជាបន្ទាន់ ដើម្បី​ធានា​លំហ​សេរីភាព​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ និង​បក្ស​នយោបាយ​ដែល​មាន​គំនិត​ផ្ទុយ ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា។

គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ដោយ​កំណត់​យក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស​ដែល​ស្ថិត​នៅ​ភូមិ​ព្រែកតាឡុង១ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ទៅ​កាន់​គណបក្ស​កម្លាំង​ជាតិ ដែល​បាន​ស្នើសុំ​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា នេះ​ថា គណបក្ស​នេះ​អាច​ដំណើរការ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​បាន ប៉ុន្តែ​មិន​ឱ្យ​មាន​អ្នក​ចូលរួម​លើស​ពី ២០០​នាក់​ដាច់ខាត។

រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ដើម្បី​ឱ្យ​ពិធី​សមាជ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ចៀសវាង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​សណ្ដាប់ធ្នាប់​សាធារណៈ គណបក្ស​ត្រូវតែ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ។

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា កន្លង​ទៅ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​សាលាក្រុង​ភ្នំពេញ ដើម្បី​ជូនដំណឹង​អំពី​ការ​ប្រារព្ធ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ កញ្ញា ខាងមុខ​នេះ ដោយ​កំណត់​អ្នក​ចូលរួម​ចំនួន ៣០០​នាក់។

យ៉ាងណាក៏ដោយ ក្រោយ​ទទួល​បាន​សេចក្តី​ជូនដំណឹង​របស់​គណបក្ស​កម្លាំង​ជាតិ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​កំណត់ហេតុ​ប្រជុំ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ថា គណបក្ស​នេះ​អាច​ដំណើរការ​ពិធី​សមាជ​បាន តែ​តម្រូវ​ឱ្យ​មាន​សមាជិក​ចូលរួម​តែ ២០០​នាក់​ប៉ុណ្ណោះ ហើយ​ករណី​ដែល​គណបក្ស​នេះ​មិន​គោរព​តាម នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​កំហិត។

គណបក្ស​កម្លាំង​ជាតិ ធ្លាប់​បាន​ជូនដំណឹង​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ខែ​សីហា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ ក្រោម​ហេតុផល​ថា ដោយសារ​មាន​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​គណបក្ស​កម្លាំង​ជាតិ បាន​ពន្យារ​ពេល​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស