29 C
Phnom Penh

អតីត​សង្ឃ ហោ សុខុន ជាប់​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​បទល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ព្រះសង្ឃ ហោ សុខុន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​បទល្មើស​ដែល​ត្រូវ​ចាប់​ខ្លួន​នៅឡើយ​ទេ។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហោ សុខុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា លោក ហោ សុខុន កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ជូនដំណឹង​ដល់​សាច់ញាតិ និង​មិត្តភក្ដិ​របស់​គាត់​នៅ​ពេល​ដែល​ពួកគេ​សួរ​ដេញដោល​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ មតិ​ខ្លះ​សង្ស័យ​ថា ការ​ចាប់​ខ្លួន​អតីត​សង្ឃ​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ហោ សុខុន ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) កាលពី​ពេល​ថ្មីៗ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នក​សម្ដែង​មតិ​ដាក់​គុក​ពី​សំណាក់​របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន មិនមែន​ជា​រឿង​ចម្លែក​ទេ។

លោក អ៊ុំ សំអាន លើកឡើង​ថា របប​ដឹកនាំ​បន្ត​ពូជ​មួយ​នេះ មិន​ដែល​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឡើយ ហើយ​អ្នក​ដែល​បញ្ជា​ផ្ទាល់​ក្នុង​រឿង​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​កន្លង​មក ក៏​គ្មាន​អ្នក​ណា​ផ្សេង​ក្រៅពី​លោក ហ៊ុន សែន ដែរ ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មាន​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​មែន ប៉ុន្តែ​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ទាំងអស់។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដោយសារតែ​មជ្ឈដ្ឋាន​អន្តរជាតិ​មើល​ឃើញ​ពី​ការ​គាបសង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​បែប​នេះ​ហើយ ទើប​បាន​ជា​ប្រទេស​ស៊ុយអែត សម្រេច​បិទ​ការិយាល័យ​របស់​គេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង។

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​គោរព​សិទ្ធិមនុស្ស លើក​ស្ទួយ​ប្រជាធិបតេយ្យ​ទៅ​តាម​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​លើក​មុខ​លើក​មាត់​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​វិញ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដែរ។

ជុំវិញ​បញ្ហា​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ច្រើន​ជាង ៦០​នាក់ ត្រូវ​បាន​ចោទប្រកាន់ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​លើ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA)។

អង្គការ​លីកាដូ អះអាង​ថា អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​រង​បទ​ចោទប្រកាន់ គឺ​មាន​អាយុ​ចន្លោះ​ពី ១៦​ឆ្នាំ​ទៅ ៧០​ឆ្នាំ ក្នុង​ចំណោម​នោះ ក៏​មាន​អនីតិជន​អាយុ​ក្រោម ១៨​ឆ្នាំ​ចំនួន ៤​នាក់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស