29 C
Phnom Penh

ពលការិនី​ខ្មែរ​ម្នាក់​នៅ​ជប៉ុន​អះអាង​ថា​មន្ត្រី​បក្ស​ប្រជាជន​គំរាម​សម្លាប់​និង​រំលោភ ដោយសារ​រិះគន់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន ទម្លាយ​ទាំង​សោកសៅ​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​គំរាម​សម្លាប់ និង​រំលោភ​នាង​ជា​បន្តបន្ទាប់ ព្រមទាំង​បណ្ដាក់​គ្នា​តាមដាន​ម្តាយ​របស់​នាង​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក ដោយសារតែ​នាង​ចេញ​មុខ​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

ប្រធាន​បណ្ដាញ​យុវជន​សកល​ប្រចាំ​ប្រទេស​ជប៉ុន ឈ្មោះ វ៉ាន់ លក្ខិណា លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ទាំង​ទឹកភ្នែក​កាលពី​រាត្រី​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ខ្លួន​មាន​ម្តាយ​មេម៉ាយ និង​កូន​អាយុ ៨​ឆ្នាំ​ម្នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ម្តាយ​របស់​នាង​តែង​រង​នូវ​ការ​តាមដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ផ្ទះ​របស់​នាង​ក៏​តែង​រង​នូវ​ការ​គប់​ដុំ​ថ្ម​ស្ទើរ​រាល់​យប់​ពី​ជន​មិន​ស្គាល់​មុខ​ផង​ដែរ។

ប្រធាន​បណ្ដាញ​យុវជន​សកល​រូប​នេះ​អះអាង​ថា ដោយសារតែ​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​ហួសហេតុ​ពេក ម្តាយ​របស់​នាង​សុខចិត្ត​ឱ្យ​អាជ្ញាធរ​ដក​ឈ្មោះ​របស់​នាង​ចេញពី​សៀវភៅ​បញ្ជី​គ្រួសារ ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​នាង​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចូលរួម​កិច្ច​ការងារ​សង្គម​នៅ​ពេលនេះ។

អ្នកស្រី វ៉ាន់ លក្ខិណា បញ្ជាក់​ថា សកម្មភាព​របស់​អាជ្ញាធរ​មាន​គ្រប់​បែប​យ៉ាង ទាំង​ការ​គំរាមកំហែង ទាំង​ការ​លួងលោម​មក​លើ​រូប​នាង រួម​ទាំង​ការ​គំរាម​ម្តាយ​របស់​នាង គឺ​ដើម្បី​ឱ្យ​នាង​បញ្ឈប់​សកម្មភាព​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​តែប៉ុណ្ណោះ ខណៈ​ចុងក្រោយ​នេះ តុលាការ​បាន​ផ្ដន្ទាទោស​លើ​រូប​នាង​ដោយ​មិន​បាន​បញ្ជូន​ដីកា​កោះហៅ​ឱ្យ​នាង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​សូម្បី​តែម្តង។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក វិ ឆៃ ហៅ អាចារ្យ​ហ្វី វិញ បាន​លើកឡើង​ក្នុង​កម្មវិធី​នេះ​ដែរ​ថា សម្រាប់​រូបលោក​ផ្ទាល់​ដែល​ធ្វើ​សកម្មភាព​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ក៏​គ្មាន​ឈ្មោះ​ក្នុង​សៀវភៅ​បញ្ជី​គ្រួសារ​របស់​ឪពុកម្ដាយ​លោក​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ដែរ។

លោក អាចារ្យ​ហ្វី អះអាង​ថា រាល់​ថ្ងៃ​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​ផ្ទះ​ឪពុកម្ដាយ​របស់​លោក​ជា​ញឹកញាប់ ដើម្បី​ចង់​ដឹង​ថា តើ​ឪពុកម្ដាយ​របស់​លោក​មាន​ទំនាក់ទំនង​ជាមួយ​លោក​ដែរ​ឬ​ក៏​អត់​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា ក្នុង​ពេល​ដែល​អាជ្ញាធរ​គាបសង្កត់​លើ​គ្រួសារ​របស់​លោក ក៏​មាន​អ្នក​ទាក់ទង​ទៅ​រូបលោក​ដើម្បី​ទិញ​ទឹកចិត្ត​ឱ្យ​លោក​បញ្ឈប់​សកម្មភាព​រិះគន់​រដ្ឋាភិបាល​ដែរ ប៉ុន្តែ​សម្រាប់​រូបលោក​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ប្រទេស​ប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ លោក​មិន​អាច​គាំទ្រ​ការ​ដឹកនាំ​ក្រោម​របប​តិរច្ឆាន​សព្វថ្ងៃ​នេះ​ឡើយ។

លោក អាចារ្យ​ហ្វី បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ក៏​មាន​មនុស្ស​តាម​ធ្វើបាប​រូបលោក​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង នេះ​ដែរ។

លោក​បញ្ជាក់​ថា ខាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ប្រើ​វិធី​បំបែក​បំបាក់​រូបលោក​ជាមួយ​ភរិយា​របស់​លោក​ក្នុង​បំណង​កាត់ផ្ដាច់​ទិដ្ឋាការ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ថែម​ទៀត ដើម្បី​ឱ្យ​លោក​អស់​ទីពឹង និង​វិល​ត្រឡប់​ទៅ​រស់នៅ​ស្រុក​ខ្មែរ​វិញ ដែល​នេះ​ជា​វិធី​ងាយស្រួល​ឱ្យ​ពួកគេ​ចាប់​ខ្លួន​លោក។

ចំណែក​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ ដោយ​អំពាវនាវ​ឱ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​ទាមទារ​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​មិន​ត្រឹមត្រូវ ប៉ុន្តែ​មិនមែន​ជា​ការ​តវ៉ា​ប្រឆាំង​ដោយ​រំលោភ​បំពាន​ច្បាប់​របស់​កម្ពុជា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស