ប្រទេសវៀតណាម និងប្រទេសកម្ពុជា អះអាងដូចគ្នាថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាជាមួយគ្នា ទោះបីជាប្រទេសកម្ពុជាបានដកខ្លួនចេញពីកិច្ចសហការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ក៏ដោយ ពីព្រោះមិនបានប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេសជិតខាងនោះទេ។
យោងតាមការចុះផ្សាយក្នុងកាសែតរដ្ឋវៀតណាម Vietnam Plus នៅថ្ងៃទី២៥ ខែកញ្ញា គេបានរាយការណ៍ថា នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូវយ៉ក នាថ្ងៃទី២៤ កញ្ញា ប្រមុខការទូតវៀតណាម លោក ប៊ូយ ថាញ់ សឺន បានបញ្ជាក់ថា ជំហរវៀតណាមក្នុងកិច្ចការពង្រឹងទំនាក់ទំនងពិសេសជាមួយប្រទេសកម្ពុជា និងឡាវ ព្រមទាំងប្ដេជ្ញាបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងចំណោមបក្សនយោបាយ រដ្ឋ និងប្រជាជននៃប្រទេសទាំង៣។
ឆ្លើយតបទៅនឹងភាគីវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ឬត្រីភាគីរវាងប្រទេសជិតខាងទាំងពីរទេ។
កាសែតរដ្ឋវៀតណាម Vietnam Plus បានរាយការណ៍ថា ប្រមុខទូតកម្ពុជា ឡាវ និងវៀតណាម បានប្ដេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីប្រយោជន៍រួមគ្នា និងដើម្បីពង្រីកសហគមន៍អាស៊ានឱ្យកាន់តែទូលំទូលាយ ព្រមទាំងការបន្តរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ប្រទេសកម្ពុជានៅមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នាជាមួយប្រទេសជិតខាងស្រដៀងគ្នាមួយផ្សេងទៀត គឺកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម ហៅកាត់ថា CLMV ដែលជាយន្តការអាស៊ានបង្កើតឡើងកាលពីឆ្នាំ២០០០។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily ថា លោកអំពាវនាវឱ្យពលរដ្ឋខ្មែរតាមដានគម្រោងអភិវឌ្ឍន៍ត្រីកោណនេះបន្តទៀត ព្រោះកិច្ចសហការក្នុងគម្រោងនេះមិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរនៅឡើយទេ លុះត្រាតែរដ្ឋសភាប្រកាសធ្វើមោឃភាព ហើយព្រះមហាក្សត្រឡាយព្រះហស្តលេខាទទួលស្គាល់ នោះទើបចាត់ទុកថាកម្ពុជាបានដកខ្លួនចេញពីគម្រោងនេះជាផ្លូវការ៕