ក្រសួងទេសចរណ៍ អះអាងថា ស្ថានទូតចិន សន្យាជំរុញក្រសួងវប្បធម៌ និងទេសចរណ៍ចិន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយកម្ពុជា ឱ្យកាន់តែទូលំទូលាយ ទាំងខាងក្រុមហ៊ុនអាកាសចរណ៍ និងប្រជាជនចិន រួមទាំងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលបង្កផលអវិជ្ជមានដល់កម្ពុជា។
ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ តុលា នេះថា ស្ថានទូតចិន បានសន្យាជាមួយកម្ពុជាក្រោមលក្ខខណ្ឌជិត ១០ចំណុចក្នុងការពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ប្រភពដដែលបន្ថែមថា ស្ថានទូតចិនក៏បានសន្យាជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ ទេសចរណ៍ចិន បន្ថែមទៀតដែរ ដើម្បីជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗបង្កើនជើងហោះហើរត្រង់រវាងបណ្តាខេត្ត និងទីក្រុងធំៗរបស់ប្រទេសចិន ទៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
ប្រភពដដែលបញ្ជាក់ថា ស្ថានទូតចិន បានសន្យាថានឹងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជនចិន និងជួយអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមរយៈនៃការផ្ដល់ការបណ្តុះបណ្តាលនានារវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា នេះថា ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជា ៥,៤៥លាននាក់ ក្នុងនោះទេសចរជនជាតិចិន មានប្រមាណ ៥៤ម៉ឺននាក់ ប៉ុន្តែក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩លាននាក់ គឺកើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិន ជិត ៥៤ម៉ឺននាក់កើនឡើង ៤៧,៧% ផងដែរ។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា ធ្លាប់ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា កម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្ម និងអំពើពុករលួយដ៏គួរឱ្យភ័យខ្លាចសម្រាប់ភ្ញៀវទេសចរ។
ប្រភពដដែលបញ្ជាក់ថា នៅពេលដែលភ្ញៀវទាំងនោះចូលដល់ប្រទេសកម្ពុជាភ្លាម ពួកគេតែងសាកសួរពីសន្តិសុខ ការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងសន្តិសុខចំណីអាហារ ជាដើម ខណៈក្រសួងពាក់ព័ន្ធក៏មិនដែលបង្ហាញពីវិធានការត្រួតពិនិត្យគុណភាពចំណីអាហារសម្រាប់ភ្ញៀវ ឬវិធានការធានាសន្តិសុខក្នុងការស្នាក់នៅដល់ភ្ញៀវទេសចរអន្តរជាតិនាពេលកន្លងមកដែរ។
កាលពីដើមខែសីហា ឆ្នាំ២០២៣ ខ្សែភាពយន្តខ្នាតធំរបស់ចិន ឈ្មោះ No More Bets ដែលមានន័យថា សូមបញ្ឈប់ការភ្នាល់ បានពណ៌នាពីខ្សែជីវិតអ្នកសរសេរកម្មវិធីម្នាក់ (Programmer) និងតារាស្រីបង្ហាញម៉ូតម្នាក់ (Model) ជាជនជាតិចិន ដែលត្រូវបានបោកប្រាស់យកទៅធ្វើការខុសច្បាប់ឱ្យឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា ការបណ្ដាក់ទុន Investments in stock, bitcoin, Mining On Line Games, E-Commerce ឬការជំរិតទារប្រាក់តាមវិធីផ្សេងៗ ជាដើម រហូតធ្វើឱ្យអ្នកទស្សនាមានការភ័យខ្លាច និងមិនហ៊ានទៅលេងប្រទេសកម្ពុជា។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា កម្ពុជាមានអ្វីៗគ្រប់យ៉ាងសម្រាប់ទេសចរអន្តរជាតិ ប៉ុន្តែអ្វីដែលជាឧបសគ្គមិនឱ្យពួកគេទៅលេង គឺសន្តិសុខសុវត្ថិភាពសម្រាប់ពួកគេ ត្បិតកម្ពុជាបានជាប់ឈ្មោះជាប្រទេសដែលមានឧក្រិដ្ឋកម្មខ្ពស់បំផុតសម្រាប់ឆ្នាំ២០២៤ នេះ៕