មហាសន្និបាតអង្គការសហប្រជាជាតិពេញអង្គដែលចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ កញ្ញា បានបិទបញ្ចប់ហើយ។ គណៈប្រតិភូមកពី ១៩៣ប្រទេសដែលក្នុងនោះមានទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីតំណាងរបស់ប្រទេស។
មេដឹកនាំដែលថ្លែងទៅកាន់មហាសន្និបាតធ្វើឱ្យមានការទាក់ទាញខ្លាំង ត្រូវបានគេកត់សម្គាល់ឃើញថាជាមេដឹកនាំដែលប្រទេសរបស់ពួកគាត់កំពុងធ្លាក់ក្នុងវិបត្តិនយោបាយ និងសង្គ្រាម។
ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន តែម្នាក់គត់ដែលប្រើវោហារសាស្ត្រដល់ទៅ ៣០នាទី។ សេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន គឺជាលើកចុងក្រោយរបស់លោកដែលលោកថ្លែងជម្រាបលាមេដឹកនាំពិភពលោក ព្រោះថាឆ្នាំនេះជាឆ្នាំចុងក្រោយនៃការកាន់តំណែងរបស់លោកឋានៈជាប្រធានាធិបតីអាមេរិករយៈពេល ៤ឆ្នាំ។
សេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន ដែលទាក់ទាញខ្លាំងជាងគេ ព្រោះលោក បៃដិន នៅតែប្រើវោហារសាស្ត្រ និងឥទ្ធិពលដណ្ដើមភូមិសាស្ត្រនយោបាយជាមួយនឹងប្រទេសផ្ដាច់ការ និងកុម្មុយនីស្តដែលមានរុស្ស៊ី និងចិន ជាខ្នងបង្អែក។
ផ្ដើមពីសេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន ប្រធានាធិបតីអ៊ុយក្រែន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តំណាងរដ្ឋាភិបាលចិន ដែលសុន្ទរកថារបស់ពួកគាត់ទៅកាន់មហាសន្និបាត ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅចំពោះគណៈប្រតិភូផងដែរ។
តែទីបំផុត សេចក្ដីថ្លែងការណ៍របស់ប្រទេសទាំងអស់នេះសុទ្ធតែបង្ហាញនូវការប្រទាញប្រទង់គ្នាប្រើឥទ្ធិពលដណ្ដើមភូមិសាស្ត្រនយោបាយ ហើយបើកការរិះគន់វាយប្រហារគ្នា។
លោក វូឡូឌីមៀ ហ្សេឡេនស្គី និងលោក ចូ បៃដិន បានទាមទារឱ្យពិភពលោករួមកម្លាំងគ្នាតែមួយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន ខណៈដែលលោក ចូ បៃដិន បន្តប្ដេជ្ញាគាំទ្រការតស៊ូរបស់ប្រជាជនអ៊ុយក្រែន ធ្វើសង្គ្រាមការពារសេរីភាពរបស់ខ្លួន។
សេចក្ដីថ្លែងការណ៍របស់លោក សឺហ្កេឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ពោរពេញដោយការគំរាមកំហែងបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ។ ប្រមុខការទូតរុស្ស៊ីរូបនេះចោទទៅលើពួកណាតូ និងពួកបស្ចិមប្រទេសថាជាអ្នករុញឱ្យអ៊ុយក្រែន បន្តធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ី។
ជាមួយគ្នានេះ ប្រធានាធិបតីប៉ូឡូញ ផ្ដើមមុនគេដែលថ្លែងប្រាប់ទៅពិភពលោកថា បើរុស្ស៊ី វាយប្រហារអ៊ុយក្រែន ដោយអាវុធនុយក្លេអ៊ែរ គឺកងទ័ពប៉ូឡូញ ត្រូវតែចូលអន្តរាគមន៍ជួយកងទ័ពអ៊ុយក្រែន។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងការពារការវាយលុករបស់កងទ័ពអ៊ីស្រាអែល ទៅលើពួកហាម៉ាសដែនដីហ្កាហ្សា-ប៉ាឡេស្ទីន និងការវាយប្រហារទៅលើកម្លាំងហេសបូឡាស ក្នុងដែនដីលីបង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់ យ៉ាហ៊ូ ប្រាប់គណៈប្រតិភូនៃមហាសន្និបាតថា អ៊ីស្រាអែលជាប្រទេសដែលការពារសន្តិភាពសម្រាប់ខ្លួនឯង និងសម្រាប់តំបន់ផងដែរ។ ប៉ុន្តែអ៊ីស្រាអែល ត្រូវកាត់ឫសគល់កម្លាំងប្រដាប់អាវុធភេរវកម្មទាំងអស់នៅមជ្ឈិមបូព៌ា ដែលលោកថាបើពួកនេះអស់ឥទ្ធិពលចុះខ្សោយកម្លាំងប្រយុទ្ធ គឺសន្តិភាពមិនមែនមានតែអ៊ីស្រាអែល នោះទេ គឺមជ្ឈិមបូព៌ាទាំងមូលក៏មានសន្តិភាពនោះដែរ។
តែខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចាប់ផ្ដើមថ្លែងទៅកាន់មហាសន្និបាត គេសង្កេតឃើញគណៈប្រតិភូបានដើរចេញសឹងពាក់កណ្ដាល។
យ៉ាងណា ប្រធានាធិបតីប៉ាឡេស្ទីន ម៉ាមូដអាបាស បានទាមទារឱ្យពិភពលោកគាបសង្កត់អ៊ីស្រាអែល ឱ្យដកទ័ពចេញពីតំបន់ហ្កាហ្សា។
តែជាមួយគ្នានេះ នៅតំបន់អាស៊ីក៏មេដឹកនាំតំបន់តំណាងប្រទេសនៅតំបន់ បានថ្លែងអំពីវិបត្តិភូមិសាស្ត្រនយោបាយសន្តិសុខកំពុងកើតមាន។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រធានាធិបតីវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង សុទ្ធតែលើកឡើងអំពីភាពផុយស្រួយនៃការផ្ទុះសង្គ្រាមនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងនៅជ្រោយឧបទ្វីបកូរ៉េ។
ចំពោះមេដឹកនាំបស្ចិមប្រទេសភាគច្រើនបានថ្លែងដាក់សម្ពាធទៅលើរុស្ស៊ី ហើយទាមទារឱ្យដកសិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះប្រធានាធិបតីប្រទេសហ្វាំងឡង់ ចេញមុខជាងគេដោយថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិឱ្យបណ្ដេញរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខ ព្រោះថារុស្ស៊ីបានធ្វើឱ្យអស់តម្លៃរបស់ស្ថាប័នពិភពលោកមួយនេះ។
ជាមួយគ្នានេះក៏គេសង្កេតឃើញអវត្តមានមេដឹកនាំប្រទេសផ្ដាច់ការមួយចំនួនមិនមកចូលរួមនោះទេ ដូចជាមេដឹកនាំវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលវាយបង្ក្រាបប្រជាជនខ្លួនឯងទាមទារសេរីភាពដោយបាញ់បង្ក្រាបស្លាប់ជិត ៣០នាក់ និងចាប់ខ្លួនដាក់គុក ២៥០០នាក់ នៅខណៈដែលមេបក្សប្រឆាំងជាច្រើនរត់ចោលប្រទេស។
លោក ម៉ាឌូរ៉ូ ដែលអវត្តមានមហាសន្និបាតលើកនេះ ត្រូវគេមើលឃើញថា មេដឹកនាំវេណេហ្ស៊ុយអេឡា រូបនេះមិនមានសិទ្ធិត្រឹមត្រូវជាប្រធានាធិបតីទៀតនោះទេ ដោយសារតែសហគមន៍អន្តរជាតិធំៗមានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប សម្ព័ន្ធភាពនៅអាមេរិកខាងត្បូង មិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រជាជន ដែលចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា នោះទេ។
អ្នកសង្កេតការណ៍មើលឃើញថា មហាសន្និបាតលើកទី៧៩ ឆ្នាំ២០២៤ នេះ ពោរពេញដោយការថ្លែងប្រទាញប្រទង់គ្នាដណ្ដើមភូមិសាស្ត្រនយោបាយរវាងក្រុមប្រទេសដែលស្ថិតនៅជាមួយនឹងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកការពារកម្លាំងអ្នកប្រជាធិបតេយ្យ និងក្រុមប្រទេសនៅជាមួយនឹងប្រទេសចិន-រុស្ស៊ី ដែលការពារអំណាចផ្ដាច់ការ។
អ្នកសង្កេតការណ៍មើលឃើញទៀតថា មហាសន្និបាតលើកនេះ មេដឹកនាំទៅបង្ហាញខ្លួនដើម្បីបញ្ចេញឥទ្ធិពលរបស់ពួកគេនៅលើតំបន់របស់ខ្លួនតែប៉ុណ្ណោះ៕