32.1 C
Phnom Penh

អ៊ីស្រាអែល​ប្រាប់​អង្គការ​សហប្រជាជាតិ​ដក​កង​រក្សា​សន្តិភាព​ចេញពី​លីបង់ ខណៈ​បន្ទាយ​របស់​ក្រុម​នេះ​ត្រូវ​បាន​លុកលុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ ដក​កង​រក្សា​សន្តិភាព​ហៅថា​ទ័ព​មួក​ខៀវ​របស់​ខ្លួន ចេញពី​ប្រទេស​លីបង់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CBS News កាលពី​ថ្ងៃទី​១៣ ខែ​តុលា។

លោក Netanyahu និយាយ​ថា អ៊ីស្រាអែល​បាន​ស្នើសុំ​ឱ្យ​អង្គការ​សហប្រជាជាតិ ជម្លៀស​កងទ័ព​រក្សា​សន្តិភាព​ម្តង​ហើយ​ម្តង​ទៀត​ចេញ​ពី​មុខ​កាំភ្លើង​របស់​អ៊ីស្រាអែល ហើយ​ថា​វត្តមាន​របស់​ក្រុម​កងទ័ព​មួក​ខៀវ​នេះ ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ហេសបូឡា។

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​បញ្ជាក់​ថា ការ​ដក​ចេញពី​ប្រទេស​លីបង់ ជាបន្ទាន់ វា​ល្អ​ជាង​បន្ត​រក្សា​ទុក​ពួកគេ​នៅ​ក្នុង​ស្ថានភាព​ជា​ចំណាប់ខ្មាំង​របស់​ពួក​ហេសបូឡា។

កាលពី​ថ្ងៃទី​១២ តុលា កងកម្លាំង​រក្សា​សន្តិភាព​យ៉ាងតិច​ណាស់ ១៥​នាក់ បាន​រង​របួស​នៅ​ចំពោះ​មុខ​កងទ័ព​អ៊ីស្រាអែល កំពុង​ពង្រីក​ប្រតិបត្តិការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ហេសបូឡា នៅ​ភាគ​ខាងត្បូង​លីបង់។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ថាមពល​អ៊ីស្រាអែល លោក Eli Cohen បាន​ចោទប្រកាន់​កងទ័ព​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ ដែល​ឈរជើង​នៅ​ភាគ​ខាងត្បូង​ប្រទេស​លីបង់ ថា​ជា​កងកម្លាំង​ឥត​ប្រយោជន៍ ព្រោះតែ​បរាជ័យ​ក្នុង​ការ​ការពារ​ប្រជាជន​អ៊ីស្រាអែល ពី​ការ​វាយប្រហារ​របស់​ក្រុម​ហេសបូឡា ហើយ​ក៏​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​រក្សា​សន្តិភាព UN នេះ​ដក​ចេញ​ពី​លីបង់។

លោក Cohen បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម X ថា ប្រទេស​អ៊ីស្រាអែល នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន ហើយ​ប្រសិនបើ​អង្គការ​សហប្រជាជាតិ មិន​អាច​ជួយ​អ្វី​ទេ​នោះ យ៉ាងហោចណាស់​គួរតែ​កុំ​មក​លូក​ដៃ​ជ្រៀតជ្រែក ហើយ​ត្រូវតែ​ចល័ត​កងកម្លាំង​របស់​ខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ប្រយុទ្ធ​គ្នា។

អង្គការ​សហប្រជាជាតិ បាន​ឱ្យ​ដឹង​ថា រថក្រោះ​របស់​អ៊ីស្រាអែល បាន​ទម្លុះ​ចូល​មក​តាម​ខ្លោងទ្វារ​នៃ​បន្ទាយ​របស់​កង​រក្សា​សន្តិភាព​នៅ​ភាគ​ខាងត្បូង​ប្រទេស​លីបង់ កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​កន្លង​ទៅ។

កងកម្លាំង​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​លីបង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា រថក្រោះ​អ៊ីស្រាអែល Merkava ពីរ​គ្រឿង បាន​សម្រុក​បើក​ចូល​តាម​ខ្លោងទ្វារ​ធំ ហើយ​ពេល​រថក្រោះ​បើក​ទៅ​ផុត គ្រាប់​ផ្លោង​ក៏​ផ្ទុះ​ឡើង​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ដោយ​បញ្ចេញ​ផ្សែង​ហុយ​ពេញ​មូលដ្ឋាន នាំ​ឱ្យ​កង​រក្សា​សន្តិភាព​ស្ថិត​ភាព​ស្រឡាំងកាំង​ដែល​ពួកគេ​ខ្លះ​បាន​រង​របួស។

កងទ័ព​អ៊ីស្រាអែល និយាយ​ថា ក្រុម​ហេសបូឡា គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​ប្រឆាំង​រថក្រោះ​មក​លើ​កងទ័ព​អ៊ីស្រាអែល ដោយ​ធ្វើ​ឱ្យ​ទ័ព​អ៊ីស្រាអែល ២៥​នាក់​រង​របួស ដោយសារតែ​ការ​វាយប្រហារ​នេះ​កើត​ឡើង​នៅ​ជិត​ប៉ុស្តិ៍​របស់​កងទ័ព​មួក​ខៀវ ហើយ​រថក្រោះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជម្លៀស​អ្នក​របួស ទើប​ឆ្លងកាត់​ប៉ុស្តិ៍​យាម​របស់​ទ័ព​មួក​ខៀវ។

អ្នក​នាំពាក្យ​សម្រាប់​កិច្ចការ​អន្តរជាតិ​នៃ​កងទ័ព​អ៊ីស្រាអែល វរសេនីយ៍ទោ Nadav Shoshani បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នេះ​មិនមែន​ជា​ការ​វាយលុក ឬ​ព្យាយាម​ចូល​មូលដ្ឋាន​ទ័ព​ក្រុម​មួក​ខៀវ​នោះ​ទេ គឺជា​រថក្រោះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​បាញ់​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ពួក​ហេសបូឡា ទើប​ត្រូវ​គេច​ចេញពី​គ្រោះថ្នាក់។

លោក​បញ្ជាក់​ថា កងទ័ព​អ៊ីស្រាអែល បាន​បាញ់​ផ្សែង​ដើម្បី​ជម្លៀស​កងទ័ព​របស់​ខ្លួន​ដែល​រង​របួស ហើយ​ថា​សកម្មភាព​នោះ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​កង​រក្សា​សន្តិភាព​ឡើយ។

ពាក់ព័ន្ធ​នឹង​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​លីបង់ មាន ១៥​នាក់ បាន​កើត​មាន​ឡើង​បន្ទាប់ពី​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា បង្កើន​ការ​ប្រយុទ្ធ​គ្នា ទាំង​ផ្លូវអាកាស និង​ជើងគោក។

កាលពី​ថ្ងៃ​អាទិត្យ ទី​១៣ តុលា លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ផ្ញើ​លិខិត​ទៅ​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​រៀបរាប់​ថា គួរ​ដក​កង​រក្សា​សន្តិភាព​ចេញពី​បន្ទាយ​ទ័ព​មួក​ខៀវ​នៅ​លីបង់ ដោយ​ព្រមាន​ថា អ៊ីស្រាអែល​មិន​អាច​ទទួល​ខុសត្រូវ​ឡើយ​ចំពោះ​សុវត្ថិភាព​របស់​កងទ័ព​មួក​ខៀវ​ទាំងនោះ។

ចំពោះ​ការ​វាយ​ចូល​បន្ទាយ​របស់​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ យ៉ាងតិច​មាន ៤០​ប្រទេស​បាន​ថ្កោលទោស​អ៊ីស្រាអែល តែ​ក្នុង​នោះ​ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប តំណាង ២៧​ប្រទេស លោក Josep Borrell និយាយ​ថា សហភាព​អឺរ៉ុប​សូម​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ប្រឆាំង​នឹង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដូច​ករណី​កំណត់​គោលដៅ​លើ​កងកម្លាំង​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​លីបង់ ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល ជាដើម។

លោក Borrell បញ្ជាក់​ថា ការ​វាយប្រហារ​លើ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ច្បាប់​អន្តរជាតិ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​ទទូច​ថា ត្រូវតែ​បញ្ឈប់​ជាបន្ទាន់។

តាម​លោក Borrell ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ជម្លោះ​មាន​កាតព្វកិច្ច​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​បុគ្គលិក ក៏ដូចជា​ទ្រព្យសម្បត្តិ​អង្គការ​សហប្រជាជាតិ។

តែ​ចំពោះ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​វាយបក​វិញ​ថា កងទ័ព​មួក​ខៀវ​ទាំងនោះ​កំពុង​ក្លាយ​ជា​ខែល​ការពារ​ដល់​ក្រុម​ហេសបូឡា​ទៅ​វិញ​ទេ។

ជិត ៥០​ប្រទេស បាន​បញ្ជូន​កងទ័ព​របស់​ពួកគេ​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​លីបង់ មាន​ដល់​ទៅ ១០៥០០​នាក់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស