គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ថារដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនក្រុមប្រឆាំងនៅពេលនេះ គឺអនុវត្តតែទៅលើមេខ្លោងដែលនាំឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែតុលា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ តុលា នេះថា ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី លោក Derek Yip បានលើកឡើងអំពីលំហសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានផងដែរ។
ជាងនេះទៀត ឯកអគ្គរាជទូតរូបនេះក៏បានលើកឡើងពីករណីការចាប់ខ្លួនលោក ម៉ិច ដារ៉ា ករណីសកម្មជនចលនាមាតាធម្មជាតិ និងករណីការចាប់ខ្លួនបុគ្គលមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ថែមទៀត។
ប្រភពដដែលបញ្ជាក់ថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឆ្លើយតបទៅកាន់ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី លោក Derek Yip ថា ការចាប់ខ្លួនបុគ្គលមួយចំនួនប្រឆាំងទៅនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺធ្វើឡើងចំពោះតែមេខ្លោងដែលដឹកនាំឱ្យរកការបះបោរតែប៉ុណ្ណោះ។
ចំណែកការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ គឺជាករណីនៃការធ្វើកុបកម្មរបស់ពួកគេកាលពីឆ្នាំ២០១៣ កន្លងទៅ ក្នុងនោះ លោក កែវ រ៉េមី ក៏បានពន្យល់ពីករណីការចាប់ខ្លួនអ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា ដល់ឯកអគ្គរាជទូតរូបនេះផងដែរ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ តុលា នេះថា ការបកស្រាយអំពីការប្រើប្រាស់សិទ្ធិនានារបស់ពលរដ្ឋដោយភាគីម្ខាងៗដែលប្រកាន់ជំហររៀងខ្លួនជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ប៉ុន្តែបញ្ហាសំខាន់គឺត្រូវធ្វើឱ្យពលរដ្ឋទុកចិត្តការអនុវត្តរបស់ស្ថាប័នសាមី នោះទើបជាអ្វីដែលពលរដ្ឋចង់បាន។
លោក មាជ សុវណ្ណារ៉ា សំណូមពរឱ្យរដ្ឋាភិបាលពិនិត្យលើការអនុវត្តសិទ្ធិមនុស្សឱ្យបានហ្មត់ចត់ ដើម្បីធានានូវការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋមានលំហពេញលេញដោយគ្មានការគាបសង្កត់។
ប្រធានបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអនុវត្តសិទ្ធិពលរដ្ឋដោយអត្តនោម័តិ នោះការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក៏អាចនឹងមានភាពខ្វះចន្លោះប្រហោងដែរ ហើយការខ្វះចន្លោះប្រហោងបែបនេះ នឹងធ្វើឱ្យកម្ពុជារងនូវការរិះគន់ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន គំរាមថា អ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងអភិវឌ្ឍន៍ត្រីកោណ ដែលរស់នៅក្រៅស្រុកអាចរួចខ្លួន ប៉ុន្តែសម្រាប់អ្នកដែលរស់នៅក្នុងស្រុក គឺត្រូវតែចាប់ដាក់គុកទាំងអស់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

