ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសក្រីក្រក្នុងចំណោមប្រទេសក្រីក្របំផុតទាំងជាង ៤០ប្រទេស (៤៥ប្រទេស) នៅលើពិភពលោក ក្នុងបញ្ជីគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២៤។
គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយដាក់ចំណងជើងថា «បញ្ជីឈ្មោះប្រទេសអភិវឌ្ឍន៍តិចតួចរបស់អង្គការសហប្រជាជាតិ ឬ UN List of Least Developed Countries ដែលហៅកាត់ថា (LDCs)»។
គណៈកម្មាធិការដដែលនេះ បានបែងចែកប្រទេសទាំង ៤៥ ទៅតាមតំបន់នីមួយៗដែលគិតជាសរុបគឺមាន ៤ ក្នុងនោះគឺទ្វីបអាហ្វ្រិក មាន ៣៣ប្រទេស ទ្វីបអាស៊ី មាន ៨ប្រទេស តំបន់ការ៉ាប៊ីន មាន ១ប្រទេស និងតំបន់ប៉ាស៊ីហ្វិក មាន ៣ប្រទេសផងដែរ ក្នុងនោះប្រទេសដែលជាសមាជិកអាស៊ានមានតែ ៤ប្រទេសប៉ុណ្ណោះដែលជាប់ក្នុងបញ្ជីនេះ រួមមាន កម្ពុជា ឡាវ ភូមា និងទីម័រលេស ខណៈប្រទេសសមាជិកអាស៊ាន ៧ ផ្សេងទៀត មិនបានជាប់ក្នុងបញ្ជីប្រទេសក្រីក្រនេះទេ។
របាយការណ៍នេះបញ្ជាក់ថា ការដាក់ចំណាត់ថ្នាក់ក្រីក្រលើប្រទេសទាំងនេះ គឺវាស់វែងទៅលើកត្តាមួយចំនួន ដូចជា កត្តាប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ កត្តាធនធានមនុស្ស និងកត្តាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះផងដែរ ខណៈចំណាត់ថ្នាក់នេះតែងតែធ្វើឡើងជារៀងរាល់៣ឆ្នាំម្តងដោយគណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) ដែលត្រូវរាយការណ៍ទៅក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) នៃអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើងថា បើកម្ពុជាពង្រឹងខ្លួនឯងដាក់ទិសដៅក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ កម្ពុជាមិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ និងជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០៣០ ទេ ប៉ុន្តែកម្ពុជានឹងក្លាយទៅជាប្រទេសអ្នកមានតែម្តង ហើយនៅពេលនោះ កម្ពុជាក៏ហ៊ានប្រកួតស្មើភាពគ្នាជាមួយគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា លោក មួង ណារ៉េត លើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ តុលា នេះថា កម្ពុជាអាចនឹងត្រូវដំឡើងមួយកម្រិតនៅអំឡុងឆ្នាំ២០២៧ ដែលមិនត្រូវដាក់បន្តក្នុងប្រទេសក្រីក្របំផុតទៀតទេ ព្រោះកម្ពុជាមានចំណូលលើសពីប្រទេសក្រីក្រដែលមានចំណូលប្រចាំឆ្នាំ ១៣០០ដុល្លារទៅហើយនោះ។
លោក មួង ណារ៉េត អះអាងថា ទោះកម្ពុជាមានសង្ឃឹមរួចផុតពីបាតតារាងផ្នែកភាពក្រីក្រខ្លាំងបំផុតនៅពេលខាងមុខក៏ដោយ ក៏កម្ពុជានៅតែប្រឈមនឹងវិលត្រឡប់មកក្នុងចំណោមប្រទេសក្រីក្រទាំងជាង ៤០ប្រទេសនេះវិញដែរ បើរដ្ឋាភិបាលមិនអាចកែសម្រួលប្រព័ន្ធដឹកនាំរបស់ខ្លួនឱ្យល្អជាងពេលបច្ចុប្បន្នទេនោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ឱ្យតែកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុន សូមកុំសង្ឃឹមថាកម្ពុជានឹងក្លាយជាប្រទេសស្មើមុខស្មើមាត់ ឬជាប្រទេសអ្នកមាន និងជាប្រទេសថ្លៃថ្នូរលើឆាកអន្តរជាតិឱ្យសោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

