ពលរដ្ឋចំនួន ១០នាក់ រួមទាំងព្រះសង្ឃផង ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តកំពត ភ្លាមៗ អំឡុងពេលដែលពួកគេធ្វើការផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី ៣៣ឆ្នាំនៅថ្ងៃពុធនេះ។
ពលរដ្ឋចំនួន ៩នាក់ និងព្រះសង្ឃ ១អង្គ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតាមមាត់ឆ្នេរខេត្តកំពត ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ប៉ុន្តែក្រោយធ្វើការផ្សព្វផ្សាយបានបន្តិច ក៏ត្រូវសមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋានក្រុងកំពត ដើម្បីសាកសួរតែម្តង។
បន្ទាប់ពីសាកសួរប្រមាណជា ២ម៉ោង អធិការដ្ឋានក្រុងកំពត ក៏បានបញ្ជូនប្រជាពលរដ្ឋទាំង ៩នាក់ ដូចជា លោក ចយ វិចិត្រ, លោក ប៉ុក ស៊ីផាន់, លោក ណន ពេជ្រ, លោក មាស ដែន, លោក ប៊ុត ណុន, លោក អេប ខាន់, អ្នកស្រី ពេជ្រ សុខនី, អ្នកស្រី រី ជម្ពូ និងអ្នកស្រី ស៊ុំ ធារ៉ា ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត បន្តទៀត ខណៈព្រះភិក្ខុ វុន ឆេងលី ត្រូវបានសមត្ថកិច្ចបញ្ជូនព្រះកាយទៅវត្តបាយ នៅក្រុងកំពត។
សារព័ត៌មាន The Cambodia Daily ទទួលបានកំណត់ហេតុស្ដីពីកិច្ចប្រជុំរវាងអាជ្ញាធរខេត្តកំពត ជុំវិញការឃាត់ខ្លួនពលរដ្ឋទាំង ១០នាក់ដែលមានការចូលរួមពីអភិបាលរងក្រុងកំពត លោក គង់ ប៊ុនធឿន ដោយបញ្ជាក់ថា ពលរដ្ឋទាំង ១០នាក់ដែលត្រូវបានឃាត់ខ្លួននេះ ដោយសារពួកគេធ្វើការផ្សព្វផ្សាយ និងចែករំលែកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតាមទីសាធារណៈដោយគ្មានការអនុញ្ញាតច្បាប់។
ជុំវិញបញ្ហានេះ ប្រភពដែលស្និទ្ធនឹងពលរដ្ឋរងគ្រោះទាំង ១០នាក់ បានប្រាប់សារព័ត៌មាន The Cambodia Daily ដែរថា រហូតដល់ពេលនេះ អ្នកទាំង ១០នាក់នេះមិនទាន់ត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនៅឡើយទេ ខណៈកិច្ចប្រជុំត្រូវបានបញ្ចប់តាំងពីម៉ោង ១១.៣០នាទីព្រឹកមកម្ល៉េះ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ។
ដោយឡែកមាត្រា៤១ បានចែងថា ពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងខាងការជួបប្រជុំ ជាដើម។
យ៉ាងណាក៏ដោយ អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីដើមខែសីហា ឆ្នាំ២០២៤ នេះថា ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ជាប្រទេសល្បីល្បាញខាងគាបសង្កត់សេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអភិបាលរងក្រុងកំពត លោក គង ប៊ុនធឿន ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

