កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលមានពលរដ្ឋមិនចេះអក្សរច្រើនជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១១ សម្រាប់ឆ្នាំ២០២៤ នេះ ខណៈប្រទេសទីម័រខាងកើត ជាប់លេខ១។
គេហទំព័រ World Population Review បានចេញផ្សាយរបាយការណ៍ស្ដីពីអក្ខរកម្មក្នុងចំណោមប្រទេសជិត ២០០ប្រទេស (១៨៤ប្រទេស) កាលពីថ្ងៃទី៣០ ខែតុលា នេះថា អក្ខរកម្ម ឬការចេះអក្សរដែលអាចអាន និងសរសេរបានក្នុងចំណោមបុរសកម្ពុជា មានចំនួន ៨៨,៤% និងស្ត្រីមានចំនួន ៧៩,៨%។
ប្រភពដដែលបង្ហាញថា ប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា ប្រទេសប្រ៊ុយណេ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដែលមានអត្រាអ្នកចេះអក្សរ ៩៧,៦% ចំណែកសិង្ហបុរី មានចំនួនអ្នកចេះអក្សរ ៩៧,៥% ខណៈប្រទេសហ្វីលីពីន មានអ្នកចេះអក្សរ ៩៦,៣% ផងដែរ។
ដោយឡែកប្រទេសឥណ្ឌូនេស៊ី មានអ្នកចេះអក្សរចំនួន ៩៦% និងប្រទេសវៀតណាម មានអ្នកចេះអក្សរ ៩៥,៨% ប្រទេសម៉ាឡេស៊ី មានអ្នកចេះអក្សរ ៩៥% ខណៈប្រទេសថៃ មានអ្នកចេះអក្សរ ៩៤,១% ប្រទេសភូមា មានអ្នកចេះអក្សរ ៨៩,១% និងប្រទេសឡាវ មានអ្នកចេះអក្សរ ៨៨,១% ខណៈកម្ពុជា មានអ្នកចេះអក្សរ ៨៤% និងប្រទេសទីម័រលេស មានអ្នកចេះអក្សរត្រឹមតែ ៦៨% ប៉ុណ្ណោះ។
របាយការណ៍ដដែលបញ្ជាក់ថា កត្តាដែលប៉ះពាល់ដល់អក្ខរកម្មរបស់មនុស្សម្នាក់ៗ ដូចជា ភាពក្រីក្រ ជាដើម ដែលជារឿយៗធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពទទួលបានការអប់រំយ៉ាងខ្លាំង ខណៈសមត្ថភាពក្នុងការអាន និងសរសេរ គឺជាកត្តាសំខាន់របស់មនុស្សម្នាក់ៗ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ តុលា នេះថា អនក្ខរភាពរបស់ពលរដ្ឋកម្ពុជាក៏ស្ថិតក្នុងចេតនានយោបាយរបស់អ្នកដឹកនាំខ្មែរដែរ ព្រោះប្រទេសមួយដែលមានពលរដ្ឋមានចំណេះដឹងទាប នឹងអាចឱ្យអ្នកដែលល្មោភអំណាចក្រាញអំណាចបានយូរអង្វែង។
លោក ស៊ឹង សែនករុណា លើកឡើងថា ការរីកចម្រើនលើវិស័យនានា ជាពិសេសប្រព័ន្ធអប់រំ គឺស្ថិតលើការរៀបចំរបស់រដ្ឋាភិបាលទាំងស្រុង ប៉ុន្តែប្រព័ន្ធនយោបាយបក្សកាន់អំណាចបានគាបសង្កត់ទៅលើវិស័យអប់រំនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យកូនខ្មែរមិនអាចលូតលាស់ក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិបាន។
លោកថា ភស្តុតាងជាក់ស្តែង រដ្ឋាភិបាលបានដាក់កំហិតមិនឱ្យគ្រូបង្រៀន និងសិស្សពិភាក្សាពីកិច្ចការនយោបាយ ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលនៅតាមគ្រឹះស្ថានអប់រំនានាឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា សូម្បីប្រវត្តិសាស្ត្រជាតិពិតប្រាកដរបស់ខ្លួន ក៏មិនត្រូវបានរដ្ឋាភិបាលរៀបចំឱ្យកូនខ្មែរសិក្សានៅក្នុងវិស័យអប់រំដែរ ប៉ុន្តែគេបានរៀបចំ និងបញ្ជ្រាបមនោគមវិជ្ជានយោបាយរបស់បក្សកាន់អំណាចចូលទៅក្នុងគ្រឹះស្ថានអប់រំ ដើម្បីឱ្យកូនខ្មែរដឹងគុណបក្ស និងធ្វើការងារបម្រើបក្សទៅវិញ ដែលទង្វើបែបនេះគឺជាការបំផ្លាញការយល់ដឹងរបស់កូនខ្មែរ និងបំផ្លាញធនធានមនុស្សរបស់ប្រទេសជាតិដល់ឫសគល់តែម្តង។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា វិស័យអប់រំនៅកម្ពុជា មិនអាចធ្វើកំណែទម្រង់ឆ្ពោះទៅរកឧត្តមភាពបានទេ បើគ្រឹះស្ថានអប់រំនានាក្នុងវិស័យមួយនេះនៅតែត្រូវបានប្រើប្រាស់ក្រោមរបៀបវារៈនយោបាយ ដែលពោរពេញទៅដោយអំពើពុករលួយ និងសែស្រឡាយបក្ខពួកដូចសព្វថ្ងៃនេះ។
ជាក់ស្តែង សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតអង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) Union of Youth Federations of Cambodia ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី នៅតាមគ្រប់គ្រឹះស្ថានអប់រំនានានៅទូទាំងប្រទេស ខណៈគ្រូបង្រៀន សិស្ស និស្សិតមួយចំនួន ក៏បានចូលជាសមាជិកអង្គភាពមួយនេះដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

