31.9 C
Phnom Penh

ព្រឹទ្ធសភា​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​លុប​ចោល CLV ទៅ​គណៈកម្មការ​កិច្ចការ​បរទេស​ដើម្បី​ត្រួតពិនិត្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាក់ទង​នឹង​ក្តី​បារម្ភ​ពី​ពលរដ្ឋ​ខ្មែរ​រឿង​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នេះ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា អបអរ​សាទរ​ក្រោយពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា​កម្ពុជា ដើម្បី​ត្រួតពិនិត្យ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ វិច្ឆិកា នេះ​ថា បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​លុប​ចោល និង​បន្ទាប់​មក​ទៀត​ត្រូវ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​បញ្ចប់​កិច្ចព្រមព្រៀង​នេះ ហើយ​នៅ​ទីបំផុត ត្រូវ​ដល់​ភារកិច្ច​របស់​រដ្ឋាភិបាល​ម្តង។

លោក ម៉ែន ណាត លើកឡើង​ថា នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុម័ត​លុប​ចោល​ជា​ស្ថាពរ ប៉ុន្តែ​បើ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២៤​ម៉ឺន​ហិកតា​នៅតែ​ប្រគល់​ឱ្យ​យោធា និង​ក្រុមហ៊ុន​វៀតណាម​កាន់កាប់ ហើយ​ពលរដ្ឋ​វៀតណាម​នៅតែ​អាច​ចេញ​ចូល​ក្នុង​តំបន់​ត្រីកោណ​ស្រេច​នឹង​ចិត្ត​ដូច​ពេល​កន្លង​មក​ដដែល​នោះ គឺ​មាន​ន័យ​ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​លើ​ការ​សម្រេច​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​លុប​ចោល​ជា​ស្ថាពរ រាជរដ្ឋាភិបាល​ក៏​ត្រូវ​តែ​ប្រកាស​ដក​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២៤​ម៉ឺន​ហិកតា​ពី​យោធា​និង​ក្រុមហ៊ុន​វៀតណាម យក​ទៅ​កាន់កាប់​វិញ។

ក្រៅពី​នេះ ក៏​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ពលរដ្ឋ​វៀតណាម ដែល​ចូល​ទៅ​រស់នៅ និង​ធ្វើការ​ក្នុង​ទីតាំង​ដី​សម្បទាន​ក្នុង​ខេត្ត​នៃ​តំបន់​ត្រីកោណ​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ប្រទេស​កម្ពុជា ឱ្យ​បាន​ម៉ឺងម៉ាត់​ផង​ដែរ ដូចជា​ការ​បញ្ជូន​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ទាំងនោះ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ជាដើម។

នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ព្រឹទ្ធសភា​ប្រទេស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដោយ​សម្រេច​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ទៅ​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ដើម្បី​ពិនិត្យ​សិក្សា និង​ផ្តល់​យោបល់។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា កន្លង​ទៅ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ​នៅ​រង់ចាំ​តែ​ការ​អនុម័ត​លុប​ចោល​ពី​សំណាក់​ព្រឹទ្ធសភា និង​ការ​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ទៀត​តែប៉ុណ្ណោះ នឹង​ត្រូវ​បាន​លុប​ចោល​ជា​ស្ថាពរ​ហើយ។

ក្រុម​អ្នក​សង្កេតការណ៍ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​លុប​ចោល​គម្រោង​នេះ​ជា​ស្ថាពរ លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២៤​ម៉ឺន​ហិកតា ដែល​ធ្វើ​សម្បទាន​ឱ្យ​ក្រុមហ៊ុន​វៀតណាម និង​ដោះលែង​សកម្មជន​សង្គម សកម្មជន​បរិស្ថាន អ្នក​នយោបាយ​ជំទាស់​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំឃាំង​យ៉ាង​អយុត្តិធម៌​សព្វថ្ងៃ​នេះ ដើម្បី​ផ្សះផ្សា​ស្មារតី​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ​ឡើងវិញ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស