35.2 C
Phnom Penh

CCHR រក​ឃើញ​ថា​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅតែ​ត្រូវ​បាន​កំណត់​ជា​មុខសញ្ញា​ក្នុង​ការ​បំភិតបំភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា ការ​បំភិតបំភ័យ ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល និង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ គឺជា​វិធានការ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​កំណត់​មុខសញ្ញា​អ្នក​ហ៊ាន​បញ្ចេញមតិ ឬ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅតែ​បន្ត​វាយប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ចុង​ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

CCHR ថា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​អ្នក​ដែល​ដើរ​តួនាទី​ឃ្លាំមើល និង​ជា​អ្នក​រាយការណ៍​ព័ត៌មាន​សម្ងាត់ ជារឿយៗ​តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​រូបរាងកាយ ក្នុង​នោះ​ក៏​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស នៅតែ​បន្ត​ប្រឈម​នឹង​សម្ពាធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ ដែល​សម្ពាធ​នេះ​បាន​រារាំង​ដល់​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​អំពី​ការ​មិន​ពេញចិត្ត ឬ​ការ​លើកឡើង​អំពី​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​បញ្ហា​រសើប​នានា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​ការ​ដៅ​មុខសញ្ញា​លើ​សំឡេង​រិះគន់​ជាបន្ទាន់ ដោយ​ធានា​ឱ្យ​បាន​នូវ​ការ​ទទួល​ខុសត្រូវ​ពី​បទ​រំលោភ​បំពាន និង​បណ្ដុះ​នូវ​បរិយាកាស​ដែល​ពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ភ័យខ្លាច។ ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល​មិន​អាច​អនុវត្ត​បែប​នេះ​បាន​ទេ នោះ​ប្រជាធិបតេយ្យ​នឹង​នៅតែ​បន្ត​ធ្លាក់​ចុះ ហើយ​កម្ពុជា​នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត។

ចាប់តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ចុង​ខែ​សីហា ឆ្នាំ​២០២៤ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ ក្នុង​នោះ អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងតិច​ចំនួន ៣ ត្រូវ​បាន​ដកហូត ខណៈ​អ្នក​សារព័ត៌មាន​ជិត ២០​នាក់ (១៧​នាក់) ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់។

យ៉ាងណាក៏ដោយ កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដោយ​ផ្អែកលើ​ការ​ស្ទង់មតិ​អ្នក​សារព័ត៌មាន​ជាង ៣០០​នាក់ (៣៤១​នាក់) នៅ​ទូទាំង​ប្រទេស ដោយ​បង្ហាញ​ថា ៧៩,៨% បាន​វាយតម្លៃ​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ល្អ ឬ​ល្អ​ណាស់។

ទោះជា​បែប​នេះ​ក្តី អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០២៤ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​ធ្លាក់​ចំណាត់ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​ចំនួន ៩​លេខ​សម្រាប់​ឆ្នាំ​២០២៤ នេះ គឺ​ធ្លាក់​ពី​លេខ​១៤២ ក្នុង​ឆ្នាំ​២០២២ មក​ចំណាត់ថ្នាក់​លេខ​១៥១ ដោយសារតែ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ និង​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​ធ្ងន់ធ្ងរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស