មន្ត្រីជាន់ខ្ពស់ប្រធានសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា អាដហុក អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវសុខសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងក្នុងពិធីធម្មយាត្រានៅថ្ងៃទី៦ ធ្នូ នេះថា លោកអំពាវនាវឱ្យរាជរដ្ឋាភិបាលដែលជាតួអង្គសំខាន់នៃហត្ថលេខីរបស់ឧបករណ៍សិទ្ធិមនុស្ស ត្រូវឈរលើស្មារតីនៃការគោរពសិទ្ធិមនុស្ស ដោយការដោះស្រាយបញ្ហាសំខាន់ៗអំពីសិទ្ធិមនុស្ស ដូចជា ដោះលែងសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ឃុំដោយសារការប្រើសិទ្ធិរបស់ពួកគេកន្លងមក ជាដើម ដើម្បីធានានូវសុខសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ។
ប្រភពដដែលបញ្ជាក់ថា ការមិនឱ្យតម្លៃទៅលើសិទ្ធិមនុស្ស គឺជាមហន្តរាយសម្រាប់មនុស្សជាតិធ្ងន់ធ្ងរបំផុត ដូច្នេះការដង្ហែធម្មយាត្រានៅពេលនេះ គឺដើម្បីលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបឱ្យឈរលើស្មារតីនៃការគោរពសិទ្ធិមនុស្ស និងដើម្បីស្វែងរកសុខសន្តិភាពសម្រាប់មនុស្សទូទៅនៅលើពិភពលោក។
អង្គការក្រៅរដ្ឋាភិបាល និងសមាគមជិត ២០ស្ថាប័ន រួមទាំងប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជា ៥០អង្គ/នាក់ បានប្រារព្ធធ្វើធម្មយាត្រា និងសិទ្ធិយាត្រា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស» ដើម្បីអបអរការប្រារព្ធខួបទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដើម្បីផ្សព្វផ្សាយអំពីគុណតម្លៃរបស់មនុស្សជាតិ និងសិទ្ធិមនុស្ស ឬអត្ថភាពជាមនុស្ស។
ក្រុមអង្គការសមាគម និងប្រជាពលរដ្ឋទាំងនេះ បានដើរដង្ហែក្បួនធម្មយាត្រាក្នុងចម្ងាយផ្លូវជាង ១៥០គីឡូម៉ែត្រចេញពីរង្វង់មូលខេត្តកំពត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ខណៈអ្នកចូលរួមបានដើរជាក្បួនសមាធិ កាន់បដាបង្ហាញសារស្ដីពីសិទ្ធិមនុស្សផងដែរ។
ជុំវិញធម្មយាត្រានេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (Chrac) លោក រស់ សុដ្ឋា លើកឡើងថា បើគ្មានការអនុវត្តដើម្បីលើកកម្ពស់សិទ្ធិមនុស្សទេ នោះមានន័យថា មនុស្សក៏មិនត្រូវបានធានា និងការពារឱ្យមានសេចក្តីសុខដែរ។
ទាក់ទិននឹងបញ្ហានេះ អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ ដែលហៅកាត់ថា CIVICUS បានចេញរបាយការណ៍ស្ដីពី អំណាចរបស់ពលរដ្ឋសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី៣ ខែធ្នូ នេះថា សិទ្ធិមនុស្សនៅកម្ពុជាស្ថិតនៅក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យលំហសេរីភាពពលរដ្ឋកាន់តែធ្លាក់ចុះ។
របាយការណ៍ដដែលនេះបង្ហាញថា នៅឆ្នាំ២០២៤ នេះ រដ្ឋាភិបាលកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់ត្រកូលហ៊ុន បានប្រើយុទ្ធនាការគាបសង្កត់លំហសេរីភាពពលរដ្ឋ អង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គម និងនយោបាយកាន់តែខ្លាំងឡើងៗ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

